ភ្នំពេញ៖ ខណៈ​ដែល​​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូចជា​ប្រទេស​ជប៉ុន កូរ៉េ និង​ឥណ្ឌា ជាដើម តែង​បាន​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​របស់​ខ្លួន​​ក្នុង​​ប្រទេស​​កម្ពុជា​ ជា​ហូរហែ​​រៀងរាល់​ឆ្នាំ​មក​នោះ ខណៈ​ឆ្នាំ ​២០២០ នេះ​ គេ​ក៏​ឃើញ​មាន​ប្រទេស​នៅ​តំបន់​អឺរ៉ុប ​១ គឺ​អ៊ីតាលី​ក៏​បាន​រៀបចំ​​មហោស្រព​​ភាពយន្ត​អ៊ីតាលី​ជា​លើក​ដំបូង​ដែរ​នៅ​ឯ​មជ្ឈមណ្ឌល​​បុប្ផាណា។​

មហោស្រព​ភាពយន្ត​អ៊ីតាលី​នៅ​កម្ពុជា​​លើក​ទី១​ ​ឆ្នាំ ​២០២០​ នឹង​​ចាប់​ផ្ដើម​​ជា​ផ្លូវការ​​ ចាប់​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ​​២០២០ ដោយ​មហាជន​​​​អាច​អញ្ជើញ​​មក​កាន់​មជ្ឈមណ្ឌល​បុប្ផាណា ដើម្បី​ទស្សនា​ខ្សែ​ភាពយន្ត​​​ល្បីៗ​​​របស់​ប្រទេស​អ៊ីតាលី ដែល​​​មាន​អក្សរ​រត់​ពី​​ក្រោម ជា​ភាសា​អង់គ្លេស ​(English​ Subtitle​) ដោយ​​ឥត​គិត​ថ្លៃ​​។

បើ​តាម​លោក ជៀប សុវិជ្ជា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ត​អ៊ីតាលី ជា​​​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​ដឹង​ពី​គោល​បំណង និង​ការ​ប្រារព្ធ​​កម្មវិធី​ត្រួសៗ​ថា៖ «ក្រោយ​ពី​បាន​ពិភាក្សា និង​​ស្នើសុំ​ ខាង​​ភាគី​ប្រទេស​អ៊ីតាលី តាមរយៈ​អគ្គ​កុងស៊ុល​​អ៊ីតាលី បាន​ស្នើ​មក​​កាន់​​​ប្រទេស​​កម្ពុជា តាមរយៈ​ក្រសួង​​​ទំនាក់ទំនង​កិច្ច​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​យើង។ ខណៈ​មហោស្រព​ភាពយន្ត​អ៊ីតាលី​នេះ​ រៀបចំ​​​ឡើង​​ក្នុង​​គោល​បំណង​​រឹត​បន្តឹង​ចំណង​មិត្ត​ភាព ​នៃ​ប្រទេស​​កម្ពុជា និង​អ៊ីតាលី។ លើស​ពី​នេះ ​តាម​រយៈ​មហោស្រព​​​ភាពយន្ត​អ៊ីតាលី ​ជា​លើក​​​​ដំបូង​ ក៏​អាច​​មាន​ឱកាស​ស្វែង​យល់​​ពី​វប្បធម៌ និង​ទំនៀម​ទម្លាប់​រវាង​​កម្ពុជា និង​អ៊ីតាលី​ផង​ដែរ​»។​

កម្មវិធី​មហោស្រព​ភាពយន្ត​អុីតាលី​លើក​ទី​១ នៅ​កម្ពុជា​​​។ រូប សហ​ការី

លោក ជៀប សុវិជ្ជា បាន​បន្ត​ឱ្យ​ដឹង​បន្ថែម​ថា៖ «​ជា​គោលដៅ​ ក្រុម​អ្នក​រៀបចំ​​មហាស្រព​ភាព​យន្ត​អ៊ីតាលី មាន​បំណង​ចង់​រៀបចំ​មហោស្រព​នេះ​នៅ​​គ្រប់​បណ្តា​ប្រទេស​អាស៊ាន​​យើង​ទាំង​អស់​ ខណៈ​កាល​ពី​​ឆ្នាំ​មុន គេ​​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ហើយ​​ក្នុង​​​​​ឆ្នាំ ​២០២០​ ​នេះ​ គេ​មក​រៀបចំ​​​នៅ​ប្រទេស​​​អាស៊ាន​ចំនួន​​ ៣ ទៀត​​ ​គឺ​​កម្ពុជា​ ថៃ និង​វៀតណាម។

មហោស្រព​ភាពយន្ត​​អ៊ីតាលី ​នៅ​ ៣ ​ប្រទេស​​​អាស៊ាន​នេះ​ គឺ​​​មាន​កាល​​​បរិច្ឆេទ​ប្រារព្ធ​ធ្វើ​​ដូច​គ្នា​​តែ​ម្តង​​គឺ​ចាប់​​ផ្តើម​នៅ​ថ្ងៃទី ​៦ ដល់​ទី ​៨​ ខែ​ ​វិច្ឆិកា ឆ្នាំ ២០២០។ ដោយសារ​​នេះ គឺ​ជា​ការ​រៀបចំ​​​លើក​​​ដំបូង​នោះ ទើប​​​រៀបចំ​​ជា​​ទ្រង់ទ្រាយ​មិន​ធំ​ដុំ​ឡើយ ហើយ​​មាន​​​កំណត់​ចំនួន​​អ្នក​​ចូលរួម​ មក​​​ទស្សនា​ភាពយន្ត​អ៊ីតាលី​នៅ​ឯ​មជ្ឈមណ្ឌល​​បុប្ផាណា​ផង​ដែរ​ នារយៈពេល​ ៣ ថ្ងៃ​នេះ។ ឯ​​ខ្សែ​ភាពយន្ត​វិញ យើង​ទទួល​បាន​ចំនួន ៦ រឿង​ប៉ុណ្ណោះ​ សម្រាប់​ចាក់​​បញ្ចាំង​​ក្នុង​​កម្មវិធី​មហោស្រព​»។​

ចំណែក​ឯ​ខ្សែ​ភាពយន្ត​​អ៊ីតាលី​ទាំង ​៦ ​រឿង​ ដែល​ត្រូវ​ចាក់​​​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អ៊ីតាលី នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ រួម​មាន​ដូច​ជា​ខ្សែ​ភាពយន្ត​រឿង​ ​«Fiore Gemello» ថត​នៅ​ឆ្នាំ ២០១៨ ដោយ​ Laura​ Lucchitti រឿង ​«Sole» ថត​នៅ​​ឆ្នាំ ២០១៩ ដោយ Carlo Sirani រឿង ​«Quaffer» ថត​នៅ​ឆ្នាំ ២០១៨ ដោយ​ Antanio Farisi រឿង ​«La Dei Bambini» ថត​នៅ​ឆ្នាំ ២០១៩​ ដោយ Claudio Giovannesi រឿង ​«Bangla» ថត​នៅ​ឆ្នាំ ២០១៩​ ដោយ Phaim Bhulyan រឿង ​«Danfne» ថត​​នៅ​ឆ្នាំ ២០១៩ ដោយ​ Federico Bandi៕