ភ្នំពេញៈ សិល្បករ​ជំនាញ​ថតរូប​ទាំង​ខ្មែរ និង​បរទេស​មកពី​តំបន់​អាស៊ី-អឺរ៉ុប សរុប​ចំនួន ១៤ រូប និង​ទី​ដាក់​តាំង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​រូបថត​ចំនួន ៩ កន្លែង នឹង​បង្ហាញ​បណ្តុំ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​រូបថត​ភ្នំពេញ​លើក​ទី ៩ ឆ្នាំ ២០១៨ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៥ ខែ​តុលា ខាង​មុខ។

អនុប្រធាន​សមាគម​រូបថត​ភ្នំពេញ លោក សុវណ្ណ ភី​ឡុង បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ត្រួសៗ​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​មហោ​ស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​នេះ​ថា៖ «ឆ្នាំ​នេះ​យើង​នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​រូប​ថត នៅ​ទីតាំង​សាធា​រណៈ​ចំនួន ៩ កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​រាប់​ចាប់​តាំង​ពី​របង​ស្ថានទូត​បារាំង របង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា មជ្ឈមណ្ឌល​បុប្ផា​ណា មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ និង​របង​វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ​ជាដើម។ ការ​សម្ពោធ​ពិធី​មហោ​ស្រព រូបថត យើង​នឹង​ធ្វើ​ចំនួន ៣ ថ្ងៃ​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ៧ ខែ​តុលា ខណៈ​ការ​ដាក់​តាំង​ពិព័រណ៍​រូបថត​របស់​សិល្បករ​ទាំង​អស់​យើង​នឹង​ដាក់​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​តុលា បន្ត​ដល់​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ គឺ​រយៈពេល ១ ខែ​ឯណោះ»។

រូប​ថត​នឹង​ដាក់បង្ហាញខាង​ក្នុងវិចិត្រសាល។ LY MIN (Lamo)

លោក សុវណ្ណ ភីឡុង បន្តថា៖ «កម្មវិធីសំខាន់ៗនោះ​មានដូចជា​ការដាក់​តាំង​ពិព័រណ៍​រូបថត ការ​ជួប​ជាមួយ​សិល្បករ​ជំនាញ​ថតរូប ការ​ចាក់​បញ្ចាំង​ផ្ទាំង​ទស្សនីយ​ភាព​រូបថត និង​ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន​ស្តីពី​រូបថត។ ចំនួន​សិល្បករ​ចូលរួម នៅ​ក្នុង​ឆ្នាំ​នេះ​ចំនួន​សិល្បករ​ខ្មែរ និង​បរទេស​គឺ​មាន​ចំនួន​សរុប ១៤ រូប ហើយ​ការ​បង្ហាញ​រូបថត​យើង​មាន ២ ប្រភេទ​ធំៗ​គឺ​ការ​ដាក់​តាំង​នៅ​ខាង​ក្រៅ និង​នៅ​ខាង​ក្នុង​នៃ​ទីកន្លែង​ពិព័រណ៍ រូបថត​របស់​សិល្បករ»។

ដោយឡែក​ចំនួន​សិស្ស និង​និស្សិត​ស្ម័គ្រចិត្ត​ចូលរួម​រៀបចំ​កម្មវិធី​មហោស្រព​រូបថត​ភ្នំពេញ​នៅ​ឆ្នាំ ២០១៩ នេះ​ហាក់​ដូចជា​មាន​ការ​កើន​ឡើង​ចំនួន​ទ្វេ​ដង​ឯណោះ ក្រោយ​ពី​ពួក​គាត់​បាន​យល់​ដឹង​ពី​កម្មវិធី​នេះ​ច្រើន​ឆ្នាំក​ន្លង​មក​នោះ។

រូបស្តីពីទី​ក្រុង Yokainoshima នៅ​ឆ្នាំ​ ២០១៣-២០១៥។ CHARLES FREGER

លោក សុវណ្ណ ភី​ឡុង ក៏បាន​កត់សម្គាល់​ដែរ​ថា៖ «សប្បាយចិត្តនឹង​ចំនួនប្អូនៗ ស្ម័គ្រ​ចិត្ត​ចូលរួម​រៀបចំ​កម្មវិធី​នេះ។ បើ​ប្រៀប​ធៀប​ឆ្នាំ ២០១៧ ចំនួន​យុវជន​ចូលរួម​មាន​តែ​ប្រមាណ​ជាង ៦០ នាក់ តែ​ប៉ុណ្ណោះ តែ​ឆ្នាំ​នេះ​គឺមាន​ចំនួន​ពួក​គាត់​ចូលរួម​ស្ម័គ្រ​ចិត្ត​ជាង ១០០ នាក់​ឯណោះ ដើម្បី​មក​រៀបចំ​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ»៕