The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មហោស្រព​រូបថត​ភ្នំពេញ ​ឆ្នាំ ​២០២០ ​ប្រារព្ធ​ធ្វើ​នៅ​ចុង​​សប្តាហ៍​នេះ​




មហោស្រព​រូបថត​ភ្នំពេញ ​ឆ្នាំ ​២០២០ ​ប្រារព្ធ​ធ្វើ​នៅ​ចុង​​សប្តាហ៍​នេះ​

Content image - Phnom Penh Post
រូបបឹងឈូកស្នាដៃអ្នកថត​រូប​ស្រី​វ័យ​ក្មេង​កញ្ញា​ ហាន់ អុីណង​។ រូបថត សហ​ការី

មហោស្រព​រូបថត​ភ្នំពេញ ​ឆ្នាំ ​២០២០ ​ប្រារព្ធ​ធ្វើ​នៅ​ចុង​​សប្តាហ៍​នេះ​

ភ្នំពេញ៖ កម្មវិធី​មហោស្រព​រូបថត​ភ្នំពេញ​លើក​ទី ​១១ ឆ្នាំ ​២០២០ ​​នឹង​​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​​ ​ដោយ​មាន​​ក្រុម​សិល្បករ-សិល្បការិនី​ថត​ទាំង​​​ខ្មែរ និង​បរទេស​ចំនួន​ ៩ រូប​ ចូលរួម​​​នាំ​យក​ស្នាដៃ​របស់​ខ្លួន​មក​បង្ហាញ​នៅ​​តាម​រ៉ឺម៉ក​កង់បី​ និង​ដាក់​តាំង​​​ក្នុង​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​ចាប់​ពី​​ថ្ងៃទី ​១៦ ខែ​តុលា បន្ត​រហូត​ដល់​ថ្ងៃទី ​៣០ ខែ ​វិច្ឆិកា ឆ្នាំ ​២០២០​។​

លោក សុវណ្ណ ភីឡុង ជា​នាយក​​រៀបចំ​កម្មវិធី​មហោស្រព​រូបថត​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា៖ «​ឆ្នាំ ​២០២០ នេះ​ជា​ខួប​លើក​ទី ១១ ​នៃ​កម្មវិធី​មហោស្រព​រូបថត​​ភ្នំពេញ​ ​ហើយ​យើង​បាន​រៀបចំ​​ឡើង​​​​​ក្នុង​បរិបទ​​រក្សា​អនាម័យ​ ដែល​​គេ​ស្គាល់​ថា ជា​​ជំងឺ​​រាតត្បាត​កូវីដ ​១៩ ​ដោយ​វា​បាន​ធ្វើ​ឱ្យ​​រាំង​ស្ទះ​​នៃ​ការ​ធ្វើ​ដំណើរ​​ និង​ចលនា​​​​នៃ​​ការ​បិទ​ព្រឹត្តិការណ៍​​វប្បធម៌​ទាំង​អស់​នៅ​ជុំវិញ​ពិភព​​លោក ដែល​នាំ​មក​នូវ​​ការ​ធ្លាក់​ចុះ​​​សេដ្ឋកិច្ច​​​ក្រុម​គ្រួសារ ​និង​ក្រុមហ៊ុន​នានា​។ ការ​រៀបចំ​ឆ្នាំ ​២០២០ ​នេះ ​មាន​​​លក្ខណៈ​តូច​ជាង​ឆ្នាំ​មុន​ ប៉ុន្តែ​​លើក​នេះ​ មាន​កម្មវិធី​ប្លែក​ពី​រាល់​ដង​​ផង​​ដែរ។​ ដូច​ជា​សព្វ​មួយ​ដង​ដែរ​ មហោស្រព​​​ឆ្នាំ​នេះ ​នឹង​​ត្រូវ​ធ្វើ​ឡើង​ឱ្យ​ស្រប​តាម​​គោលការណ៍ ​ដែល​​មហាស្រព​រូបថត​ភ្នំពេញ ​ដែល​មាន​ចក្ខុវិស័យ​ទៅ​លើ​​​ការ​ជួប​ជុំ​រវាង​ក្រុម​អ្នក​ថត​រូប​នានា​នៅ​តំបន់​​អាស៊ី និង​អឺរ៉ុប ​ដែល​ជា​ការ​​​បើក​​​បង្ហាញ​​ស្នាដៃ​សិល្បៈ​ពួក​គេ​ដល់​យុវជន​ដោយ​ឥត​គិត​ថ្លៃ»។​

លោក​​បន្ត​ថា៖ «​វិទ្យាស្ថាន​បារាំង​នៅ​តែ​ជា​ដៃគូ​ដ៏​ចំណាស់​ជាង​គេ និង​​សំខាន់​បំផុត​នៃ​មហោស្រព​ចាប់​តាំង​​ពី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ មក​។ ជា​ថ្មី​ម្តង​ទៀត​ក្នុង​កម្មវិធី​របស់​យើង​ឆ្នាំ​នេះ​បាន​ស្វាគមន៍​​​​សិល្បករ​ថត​រូប​វ័យ​ក្មេង​​មាន​ទេពកោសល្យ​​ខ្ពស់​​ក្នុង​ការ​អញ្ជើញ​ជជែក​ពិភាក្សា​​គ្នា រវាង​​​​ស្នាដៃ​​ពួក​គេ​រៀងៗ​ខ្លួន​ដូច​ជា​សិល្បការិនី​ថត​ កញ្ញា ហាន់ អ៊ីណង លោក យ៉ុន រ៉ានុត រួម​ទាំង​​​សិល្បករ​ថតរូប​ជនជាតិ​បារាំង​ឈ្មោះ​លោក Stéphane Lavoué ដាក់​តាំង​នៅ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​​បារាំង និង​អ្នក​ថតរូប​​​ផ្សេង​​​ទៀត»។

Content image - Phnom Penh Post
​​រូប​មាន​មុខមនុស្ស​ពាសគ្រាប់ធញ្ញជាតិ​ស្នាដៃ​លោក យ៉ុន រ៉ានុត និង​រូប​ស្នាដៃអ្នកថត​បរទេស​​លោក Stéphane Lavoué ។ រូបថត សហការី

សម្រាប់​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ ​២០២០ នេះ​ មាន​ការ​រៀបចំ​ឡើង​មាន​​លក្ខណៈ​ជា​ទ្រង់ទ្រាយ​​​​​តូច​​ ដោយសារ​​​តែ​​ការ​ព្រួយ​បារម្ភ​​ឆ្លង​​នូវ​ជំងឺ​កូរីដ ​១៩ ទើប​​យើង​​សម្រេច​ថា​ ទទួល​​ស្នាដៃ​ពី​សិល្បករ​-​សិល្បការិនី​ទាំង​​ខ្មែរ និង​បរទេស​មាន​ចំនួន​ ៩ រូប​តែ​​ប៉ុណ្ណោះ។ លោក ឆន ប៊ុនឈឿន ជា​ជំនួយ​​​ការ​ផ្នែក​​​ទំនាក់ទំនង​នៃ​វិទ្យាស្ថាន​​​​​បារាំង​ បាន​ឲ្យ​ដឹង​ថា៖ «មហោស្រព​​​ឆ្នាំ​នេះ សិល្បករ-សិល្បការិនី​ ​មាន​ចំនួន ៩ រូប និង​មាន​ស្នាដៃ​​​សរុប ៧៦ រូប ​ដោយ​យើង​មាន​​​ការ​បែងចែក​ជា ២​​ ផ្នែក​​​​ផ្សេង​គ្នា។ ផ្នែក​​ទី​១ យើង​មាន​​​សិល្បករ-សិល្ប​​ការិនី​ ៣ រូប ដាក់​​តាំង​ស្នាដៃ​​រូបថត​​​របស់​​ពួក​​គេ​​នៅ​វិចិត្រសាល​ ខណៈ​​ចំនួន ​៤​ រូប​ទៀត នឹង​ត្រូវ​​តាំង​ស្នាដៃ​ពួក​គេ​តាម​រ៉ឺម៉ក​កង់បី ​​ឆ្លាស់​គ្នា​ក្នុង​រយៈពេល ​២ ខែ ​នៃ​ដំណើរការ​ឆ្នាំ​​នេះ​។ ដោយ​​​ឡែក​​យើង​ក៏​​​មាន​ការ​រៀបចំ​កម្មវិធី​ប្លែក​ពី​ឆ្នាំ​មុន​​ផង​​ដែរ ដូច​ជា​​ការ​​ចាក់​បញ្ចាំង​ស្នាដៃ​របស់ Elina Brotherus ប្រគំ​ភ្លេង​ដោយ​​​ក្រុម​តន្រ្ដីករ វណ្ណ ថាន មក​ពី​ក្រុម​​ហ្វារពន្លឺ​សិល្បៈ និង​​ការ​ចាក់​បញ្ចាំង​​ស្នាដៃ​ការងារ​​របស់​ក្រុម​សិស្ស Studio Images»។​

Content image - Phnom Penh Post
រូបថត​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​ស្រី​កញ្ញា ហាន់ អុីណង មានឈ្មោះ​ថា «ដំណើរនៃការផ្លាស់ប្តូររបស់ខ្ញុំ ២០១៩»។ រូបថត សហ​ការី

សម្រាប់​ការ​បង្ហាញ​រូបថត​របស់​សិល្បករ-សិល្បការិនី​ ​​នៅ​​វិចិត្រ​សាល​នៃ​វិទ្យាស្ថាន​បារាំង មាន​ស្នាដៃ​របស់​កញ្ញា​ ហាន់ អ៊ីណង ដែល​មាន​ចំណង​ជើង​​ថា៖ «ដំណើរ​នៃ​ការ​ផ្លាស់ប្តូរ​របស់​ខ្ញុំ​​​ឆ្នាំ ​២០១៩» ស្នាដៃ​របស់​លោក​ យ៉ុន​ រ៉ានុត មាន​ចំណង​ជើង​ថា «ពន្លក​នៃ​​ជីវិត​ឆ្នាំ ២០១៩» និង​ស្នាដៃ​របស់​​អ្នក​​ថតរូប​ជា​​ជនជាតិ​បារាំង​លោក​ Stéphane Lavoué ​មាន​ចំណង​ជើង​ថា ​«ខែ​ខ្មៅ​ឆ្នាំ ​២០២០»។

ចំណែក​ឯ​ស្នាដៃ​រូបថត​តាំង​ពិព័រណ៍​តាម​​រ៉ឺម៉ក​កង់បី​វិញ ​គឺ​មាន​ស្នាដៃ​របស់​អ្នក​​​​ថត​រូប​ជើង​ចាស់​ ម៉ក់ រ៉េមីស្សា ​មាន​​ចំណង​ជើង​ថា ​«ទឹក ​គឺ​ជា​ជីវិត​ឆ្នាំ ២០០៩» និង​ស្នាដៃ​របស់​ជនជាតិ​ហ្វាំងឡង់​ Elina Brotherus ដែល​មាន​ចំណង​​ជើង​ថា «អ្នក​វង្វេង ២»​​ ដែល​​ត្រូវ​តាំង​តាម​រ៉ឺម៉ក​កង់បី៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។