ភ្នំពេញៈ នាថ្ងៃទី ៧ ខែមិថុនា នេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មានការប្រារព្ធធ្វើកម្មវិធីមហោស្រពវប្បធម៌កូរ៉េប្រចាំឆ្នាំ-២០១៩ និងជាការប្រកួតនៃកម្មវិធីប្រកួត K-POP World Festival វគ្គដំបូងនៅក្នុងប្រទេសកម្ពុជាផងដែរ។
កម្មវិធីប្រកួត K-POP World Festival គឺជាកម្មវិធីសម្រាប់ប្រិយមិត្តគាំទ្រវិស័យ K-POP ទូទាំងពិភពលោកដែលត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ KBS ក្រសួងការបរទេសប្រទេសកូរ៉េ និងមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌បរទេស ខណៈកម្មវិធីវគ្គដំបូងត្រូវបានប្រារព្ធឡើងតាមប្រទេសនីមួយៗ ហើយធ្វើការជ្រើសរើសអ្នកតំណាងរបស់ប្រទេសនោះពីក្នុងចំណោមម្ចាស់ជយលាភីនៃវគ្គដំបូង ដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួតទូទាំងពិភពលោក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុង Changwon នៃប្រទេសកូរ៉េ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) តែងបានប្រារព្ធកម្មវិធីមហោស្រពវប្បធម៌កូរ៉េជារៀងរាល់ឆ្នាំ បន្ទាប់ពីមជ្ឈមណ្ឌលនេះត្រូវបានសង់តាមរយៈជំនួយរបស់អង្គការ KOICA តាំងពីឆ្នាំ ២០១៤ មក។ សម្រាប់ឆ្នាំនេះ កម្មវិធីមហោស្រពវប្បធម៌កូរ៉េនឹងត្រូវប្រារព្ធឡើងបន្តបន្ទាប់គ្នាជាមួយនឹងកម្មវិធីប្រកួត K-POP World Festival ដែលញ៉ាំងកម្មវិធីនេះឲ្យកាន់តែមានអត្ថន័យទៀត។
សម្រាប់កម្មវិធីមហោស្រពវប្បធម៌កូរ៉េឆ្នាំនេះ មានកម្មវិធីលាយចម្រុះជាច្រើនដូចជា ការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ហាន់ប៊ុគ (HAN BOK) ការលេងល្បែងប្រជាប្រិយកូរ៉េ ការប្រកួតឆ្លើយសំណួរខ្លីៗពាក់ព័ន្ធជាមួយនឹងប្រទេសកូរ៉េ និងការប្រកួតចម្អិនអាហារកូរ៉េជាដើមដោយការចាប់ផ្តើមពីម៉ោង ១ ដល់ម៉ោង ៤ រសៀល ខណៈកម្មវិធីប្រកួត K-POP World Festival នឹងចាប់ផ្តើមពីម៉ោង ៤ រសៀលបន្តរហូតដល់ ៦ និង ៣០ នាទីល្ងាច។
តាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា៖ «លក្ខណពិសេសនៅក្នុងឆ្នាំនេះក្រុមការងាររបស់ស្ថានីយទូរទស្សន៍ KBS (Korean Broadcast System) នឹងចុះមកថតផ្តិតយកទិដ្ឋភាពនៃការប្រកួតកម្មវិធីវគ្គដំបូងនៅក្នុងប្រទេសកម្ពុជារួចនឹងចាក់ផ្សាយទៅប្រមាណ ១២០ ប្រទេសទូទាំងពិភពលោក ហើយក៏មានក្រុមចម្រៀងប្រុសឈ្មោះ N-tic របស់កូរ៉េធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការសម្តែងអបអរកម្មវិធីនេះទៀតផង។
ដោយឡែកប្រិយមិត្តគាំទ្រវិស័យ K-POP ប្រមាណជាង ១០០ នាក់បានចុះឈ្មោះចូលរួមប្រកួតហើយ ក្រោយឆ្លងកាត់តាមរយៈការវាយតម្លៃតាមវីដេអូ និងបានជ្រើសរើសបេក្ខជន និងបេក្ខនារីចំនួន ១២ ក្រុម (រាំ ៧ ក្រុម ច្រៀង ៥ ក្រុម) គឺសរុបមានចំនួន ៥១ នាក់»។
សម្រាប់ក្រុមម្ចាស់ជយលាភីឆ្នើមក្នុងកម្មវិធីប្រកួត K-POP World Festival ជយលាភីឆ្នើមក្រុមលេខ ១ នឹងទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ និងពានរង្វាន់ព្រមទាំងបានឱកាសចូលរួមនៅក្នុងកម្មវិធីប្រកួតធំទូទាំងពិភពលោក ខណៈក្រុមលេខ ២ ចំនួន ២ ក្រុម ក្នុង ១ ក្រុមគឺបានប្រាក់រង្វាន់ ៥០០ ដុល្លារ និងពានរង្វាន់ ហើយក្រុមលេខ ៣ ចំនួន ២ ក្រុម ក្នុង ១ ក្រុម បានប្រាក់រង្វាន់ ៣០០ ដុល្លារ និងទទួលបាននូវលិខិតសរសើរផងដែរពីការប្រកួតកម្មវិធីខាងលើនេះ៕