ភ្នំពេញ៖ អ្នក​ចូលរួម​អាច​ទទួល​បាន​​បទពិសោធ​ថ្មីៗ​ដូចជា ​ការ​សម្តែង​​សិល្បៈ ការ​ប្រគំ​ភ្លេង​បុរាណ មហោរី​ ដែល​អម​ជាមួយ​​នឹង​ឧបករណ៍​ភ្លេង​ប្រពៃណី​កូរ៉េ​កាយ៉ាគីម​ គុន​​​​តៃក្វាន់ដូ​ ការ​សម្តែង​គុន​ល្បុក្កតោ​ខ្មែរ​ ការ​ប្រគំ​តន្ត្រី K-pop ​លេង​​ល្បែង​ប្រជាប្រិយ​កូរ៉េ ផាត់​មុខ​បែប​កូរ៉េ (K-beauty) ការ​បង្រៀន និង​​ប្រកួត​ធ្វើ​ម្ហូប​កូរ៉េ នឹង​​មាន​​ក្នុង​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ប្រចាំ​ឆ្នាំ ​២០១៩ រយៈពេល ២ ថ្ងៃ។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​កម្ពុជា​-កូរ៉េ (CKCC) បាន​សហការ​ជាមួយ​​នឹង​ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​បាន​រៀបចំ​មហោស្រព​​វប្បធម៌​កូរ៉េ​លើក​ទី ៣ នៅ​ឆ្នាំ​នេះ ដែល​​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ២៣-២៤ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩។​

បើ​តាម​លោក អែល រស្មី ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ​ បាន​ឲ្យ​ដឹង​ថា​៖ «ជា​សក្ខីភាព​មហោស្រព​​​វប្បធម៌​កូរ៉េ​នេះ ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពាំ​នាំ​​ទស្សនីយភាព​ និង​ចែក​រំលែក​បទពិសោធ​ល្អៗ ភាព​សប្បាយ​រីករាយ​ជូន​ដល់​អ្នក​ចូល​រួម​​ទាំង​អស់ ធ្វើ​នៅ​ក្នុង​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​​​ភូមិន្ទ​ភ្នំពេញ។​

លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​​​កម្ពុជា ​(ឆ្វេង) ចូល​រួមមហោស្រពដែរ​​​​។ រូបថត CKCC

មហោស្រព​វប្បធម៌​កូរ៉េ ក៏​បាន​ក្លាយជា​ពិធីបុណ្យ​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ចូលរួម​ប្រមាណ​​ជាង ​៣ ៥០០ នាក់​ នា ២ ​ឆ្នាំ​កន្លង​ទៅ​។ តាមរយៈ​ភាព​ជោគជ័យ​នេះ​ផង​ដែរ​ មហោ​ស្រព​វប្បធម៌​កូរ៉េ ​នឹង​បង្ហាញ ​ខ្លួន​សា​ជាថ្មី​ជា​លើក​ទី ៣ ដែល​ប្រារព្ធ​នៅ​​​ថ្ងៃទី ២៣-២៤ ខែ វិច្ឆិកា ឆ្នាំ ​២០១៩ ចុង​សប្តាហ៍​នេះ ដូច​អ្វី​ដែល​បាន​​​សន្យា​ជាមួយ​​អ្នក​ចូលរួម​កាល ​២ ឆ្នាំ​កន្លង​ទៅ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ពី​កម្មវិធី​ត្រួសៗ​​ថា​៖​ «យើង​មាន​កម្មវិធី​ដូចជា​ការ​សម្តែង​សិល្បៈ ប្រគំ​ភ្លេង​បុរាណ​មហោរី ការ​សម្តែង​ឧបករណ៍​ភ្លេង​ប្រពៃណី​កូរ៉េ​កាយ៉ាគីម​ គុន​តៃក្វាន់ដូ​ ​គុន​ល្បុក្កតោ​ខ្មែរ​ ប្រគំ​តន្ត្រី K-pop ​លេង​ល្បែង​ប្រជាប្រិយ​កូរ៉េ ផាត់​មុខ​បែប​កូរ៉េ (K-beauty) ការ​បង្រៀន និង​ប្រកួត​ធ្វើ​ម្ហូប​កូរ៉េ។​ លើស​ពី​នេះ ​យើង​​ក៏មាន​ការ​ចែក​ជូន​នូវ​មុខ​ម្ហូប​កូរ៉េ​ឆ្ងាញ់ៗ​​ដល់​អ្នក​ចូលរួម​ផង​ដែរ​»៕

អ្នក​ទស្សនាក៏​អាចស្លៀក​ឈុត​ប្រពៃណី​កូរ៉េ ក្នុង​​មហោស្រពវប្បធម៌​កូរ៉េ​​។ រូប CKCC