ភ្នំពេញ៖ រយពេល ​១ ​ថ្ងៃ​ពេញ​ នៅ​​ថ្ងៃទី ​៧ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ​ខាង​​មុខ​នេះ មាន​​ការ​សហការ​គ្នា​រវាង ​អគ្គ​នាយកដ្ឋាន​​​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​​នៃ​ក្រសួង​បរិស្ថាន អង្គការ​ជីវិត​ធម្មជាតិ​​នៅ​កម្ពុជា អង្គការ​​​​ជីវិត​សត្វ​ស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា និង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀបចំ​​​មហោស្រព​សត្វ​​​ស្លាប និង​ធម្មជាតិ លើក​​​ដំបូង ​​នៅ​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក ប៊ូ វរ​សក្ស ជា​នាយក​កម្មវិធី​នៃ​​អង្គការ Bird Life International Cambodia Programme បាន​បង្ហើប​​​ឲ្យ​ដឹង​ពី​គោល​បំណង និង​កម្មវិធី​​​ត្រួសៗ​នៃ​​មហោស្រព​​នេះ​​​ថា៖ «​យើង​​ចង់​បង្កើត​ការ​យល់​​ដឹង​​ពី​ការ​អភិរក្សលើ​សត្វ​ស្លាប​ទៅ​ដល់​សាធារណជន​ អប់រំ​ឲ្យ​បាន​​យល់​ពី​ការ​​អភិរក្ស​ទៅ​ដល់​យុវជន​ អំពី​សត្វ​​ស្លាប​​​ ដែល​ជិត​ផុត​ពូជ​ តាមរយៈ​ការ​ធ្វើ​​​សិក្ខាសាលា ​នៃ​​បទ​បង្ហាញ​​ពី​​អ្នក​ជំនាញ​​។ ជា​ពិសេស​ជំរុញ​លើក​​ទឹក​ចិត្ត​​​​ឲ្យ​សាធារណជន និង​យុវជន​ឲ្យ​មាន​ការ​ចាប់​​អារម្មណ៍​ និង​ផ្តើម​​មាន​ការ​​ស្រឡាញ់​ដល់​សត្វ​ស្លាប​ ធម្មជាតិ និង​​បរិស្ថាន​​ តាមរយៈ​ចូល​រួម​នៃ​សកម្មភាព​អប់រំ​​​ពី​បញ្ហា​ទាំង​នេះ​។

លោក ប៊ូ វរ​សក្ស បន្ត​ថា៖ ​«​គោលបំណង​នៃ​កម្មវិធី​នេះ​ គឺ​យើង​ចង់​ធ្វើ​​ការ​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹង អំពី​ការងារ អភិរក្ស​សត្វ​ស្លាប និង​ធម្មជាតិ​ដល់​សាធារណជន​​ ​និង​លើក​កម្ពស់​ការ​ចូលរួម ក្នុង​កិច្ច​ការពារ និង​អភិរក្ស តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​អ្នក​ជំនាញ ការ​សម្តែង ការ​តាំង​ពិព័រណ៍ ល្បែង​​អប់រំ ប្រកួត​ថត​រូប​របស់​កុមារ​ និង​​ការ​សិក្សា​ពី​ជីវ​ចម្រុះ​​ជាដើម។ សាធារណ​ជន​ទូទៅ ក៏​អាច​អញ្ចើញ​ចូលរួម​ដោយ​សេរី​បាន​ ​គឺ​ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ គោលដៅ​​​​នៃ​ការ​ផ្សព្វផ្សាយ​​​​​លើក​នេះ​ យើង​​​សម្រេច​​យក​ទីតាំង​សាកល​​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ ដោយសារ​​​​នៅ​ទី​នេះ ​ក៏​មាន​ផ្នែក​មួយ​​ ដែល​ផ្តោត​លើ​​បញ្ហា​ជីវ​ចម្រុះ​ផង​ដែរ​ សម្រាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ​ក្រៅ​ពី​នេះ​ យើង​ក៏​​មាន​​ Booth ចំនួន ២០ សម្រាប់​ធ្វើ​ការ​​​សម្តែង​សិល្បៈ​​ ដែល​មាន​ឈុត​ឆាក​​​បរិយាយ​​​ស្តីពី​​ក្រុម​សត្វ​ស្លាប​ នា​វេលា​ពេល​ព្រឹក និង​ពេល​ថ្ងៃ​យើង​មាន​​​កម្ម​សិក្ខាសាលា​​ស្តីពី​​ការ​​​អភិរក្ស និង​យល់​ដឹង​ពី​​សត្វ​ស្លាប​»។​

ក្រុម​អ្នក​ចូល​រួម​ពិព័រណ៍សត្វ​ត្មាតកន្លងមក​​ និង​ក្រុម​ឧទ្យាន​ុរក្ស​នៃ​ក្រសួង​បរិស្ថានពេល​បំពេញ​ការ​ងាររបស់​ខ្លួន​​​​។ រូបថត សហ​ការី

បើ​យោង​តាម​អនុក្រឹត្យ​លេខ ០៤ អនក្រ.បក ចុះ​ថ្ងៃទី ៥ មករា ឆ្នាំ ​២០១៧ ​បាន​បែងចែក​តំបន់​គ្រប់គ្រង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ជា​ ៤ តំបន់​ ​គឺ​តំបន់​ស្នូល ​តំបន់​អភិរក្ស ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ និង​តំបន់​សហគមន៍។ ​តំបន់​ស្នូល និង​តំបន់​អភិរក្ស​ គឺ​ជា​តំបន់​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ផ្នែក​ជីវ​ចម្រុះ​​​​ពោល​ គឺ​ទីតាំង​ដែល​​​គាំទ្រ​ការ​រស់រាន​មាន​​ជីវិត​សត្វ​ព្រៃ​ជិត​ផុត​ពូជ​បំផុត​នៅ​​ក្នុង​ពិភព​លោក​ច្រើន​ប្រភេទ ​​​រួម​ទាំង​សត្វ​ត្រយង​​​យក្ស ដែល​ជា​និមិត្ត​​សញ្ញា​បក្សី​ជាតិ​កម្ពុជា។ ហើយ​​យោង​តាម​ច្បាប់​ស្តីពី​តំបន់​ការពារ​​​ធម្មជាតិ​​​​​តំបន់​ស្នូល និង​​តំបន់​អភិរក្ស​ ​​ជា​តំបន់​ដែល​ត្រូវ​ការពារ​ហ្មត់ចត់​បំផុត និង​មិន​អនុញ្ញាត​ឲ្យ​មាន​​​ការ​អភិវឌ្ឍ​​ឡើយ​។

នាយក​កម្មវិធី​នៃ​អង្គការ​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​​ថា៖ «ក្នុង​មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ២០១៩ នេះ​ដែរ​ គឺ​​ជា​​​​ឱកាស​ពិសេស​ ដែល​លោក​លោក​ស្រី​ ជាពិសេស​ប្អូនៗ​ សិស្ស​ និស្សិត​ អាច​សិក្សា និង​បាន​ជួប​ក្រុម​​អ្នក​ជំនាញ​​ ដែល​ពួក​គាត់​នឹង​​ពិភាក្សា​អំពី​​ការងារ​ស្រាវជ្រាវ​ និង​អភិរក្ស​សត្វ​​ស្លាប​​ បញ្ហា​ជីវ​ចម្រុះ និង​ធនធាន​ធម្មជាតិ ​នៃ​អង្គភាព​ទាំង​នេះ ​នៅ​តាម​ស្តង់​ពិព័រណ៍​របស់​​ពួក​គាត់ ដែល​ដាក់​នៅ​តាម ​Booth»៕​