ភ្នំពេញៈ មហោស្រពសិល្បៈដើម្បីសន្តិភាពមានចំនួន ១០ ថ្ងៃរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈនឹងក្លាយទៅជាព្រឹត្តិការណ៍មួយចូលរួមផ្តល់កម្លាំងចិត្តដល់សិល្បករដែលបានចូលរួមចំណែកទៅដល់សិល្បៈនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ការបង្កើតនូវគម្រោងមហោស្រពសិល្បៈដើម្បីសន្តិភាពនេះគឺជាមោទនភាពមួយសម្រាប់វិស័យសិល្បៈ និងវប្បធម៌ក្នុងឆ្នាំ ២០១៩ គឺជាខួប ៤០ ឆ្នាំដែលកម្ពុជាបានរួចផុតពីរបបខ្មែរក្រហម និងជាខួប ២០ ឆ្នាំរបស់អង្គការសិល្បៈខ្មែរអមតៈដែលបានចាប់ផ្តើមនូវបេសកកម្មធ្វើឲ្យសិល្បៈវប្បធម៌កម្ពុជាជាច្រើនទម្រង់រស់ឡើងវិញដោយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅភ្នំពេញ។
បើតាមសេចក្តីប្រកាសព័ត៌មានពីអង្គការសិល្បៈខ្មែរអមតៈ (CLA) បង្ហើបឲ្យដឹងថា៖ «ពិតណាស់ សមិទ្ធផលសិល្បៈដែលកម្ពុជាមាននៅក្នុងថ្ងៃនេះគឺមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានក្តីស្រឡាញ់ដែលផុសចេញពីបេះដូង ការលះបង់ដ៏ធំធេងក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍរបស់ព្រឹទ្ធាចារ្យសិល្បៈ និងសិល្បករកម្ពុជាគ្រប់ទម្រង់។ ដូច្នេះមហោស្រពនេះរៀបចំឡើងដើម្បីសម្តែងការដឹងគុណដល់វីរសិល្បកររបស់យើង។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តឲ្យដឹងថា៖ «ក្នុងរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ១៤ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ មហោស្រពនេះមានគោលបំណងធំៗពីរគឺទី ១ រំឭកខួប ២០ ឆ្នាំរបស់សិល្បៈខ្មែរអមតៈ និងខួប ៤០ ឆ្នាំនៃការដួលរលំនៃរបបខ្មែរក្រហម សម្ដែងការដឹងគុណ និងការសាទរចំពោះសមិទ្ធផលរបស់សិល្បករទាំង ៣ ជំនាន់ចំពោះការងាររបស់ពួកគេនៅក្នុងការថែរក្សាធ្វើឲ្យសិល្បៈមានជីវិតរស់ឡើងវិញ និងទី ២ មហោស្រពនេះនឹងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទាំងក្នុង និងក្រៅប្រទេសមកលើតួនាទី និងឥទ្ធិពលនៃសិល្បៈមកលើកម្ពុជានៅរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ»។
ក្រៅពីនេះក៏មានការរៀបចំនូវទស្សនីយភាពសម្ដែងដ៏អស្ចារ្យនានាផងដែរ រួមមានដូចជាការសម្ដែងដោយសិល្បករ ៣ ជំនាន់ដែលនឹងមានកម្មវិធីប្រគំតន្ត្រី របាំ ល្ខោន និងកម្មវិធីជាច្រើនផ្សេងទៀត។ លើសពីនេះក៏មានសិក្ខាសាលាសកម្មភាពសិល្បៈ កិច្ចពិភាក្សា និងពិព័រណ៍ស្នាដៃ ការសម្ដែងតន្ត្រីវង់ធំបង្សុកូល ការរំឭកដល់កម្ពុជាជាស្នាដៃរួមគ្នារវាងលោក បណ្ឌិត ប៉ាន់ រិទ្ធី និងលោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ឹម សុភី។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការចូលរួមទស្សនាកម្មវិធីមហោស្រពសិល្បៈដើម្បីសន្តិភាពដែលនឹងប្រព្រឹត្តទៅខែវិច្ឆិកានាចុងឆ្នាំ ២០១៩ និងចង់ទទួលបានព័ត៌មានថ្មីបំផុតពីកម្មវិធីនោះអាចចូលមើលទៅតាម https://www.facebook.com/Cambodianlivingarts/ របស់អង្គការសិល្បៈខ្មែរអមតៈ និងសូមជួយចែករំលែកបន្តទៅឲ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នកបានដឹងពីដំណឹងនេះផង៕