ភ្នំពេញ៖ កម្មវិធី​មហោស្រព​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ ជា​មោទនភាព​នៅ​លើ​វិស័យ​សិល្បៈ និង​វប្បធម៌​ មាន​ឈ្មោះ​ថា​ «សិល្បៈ​ដើម្បី​សន្តិភាព» នឹង​ប្រារព្ធ​ធ្វើ​ចាប់​​ពី​ថ្ងៃទី ១៤ ដល់ទី ​២៤ ខែ ​វិចិ្ឆកា ឆ្នាំ ២០១៩​ ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ និង​​រំឭក​ខួប​ចំនួន​ ៤០ ឆ្នាំ ដែល​​​កម្ពុជា​​ឆ្លង​ផុត​ពី​របប​ខ្មែរ​ក្រហម និង​​ខួប ​២០ ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ​បាន​ចាប់​ផ្តើម​បេសកកម្ម​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៃ​សិល្បៈ​វប្បធម៌​នៅ​កម្ពុជា។

បើ​តាម​លោក គាត សុគីម ​ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ឲ្យ​ដឹង​ពី​គោល​បំណង និង​កម្មវិធី​នានា​នៃ​ការ​ប្រារព្ធ​មហោស្រព​សិល្បៈ​នេះ​ថា​៖ «មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព» ​គឺ​ជា​មហោស្រព​​សិល្បៈ​​​ធំ​​ដំបូង​គេ​​ មាន​រយៈពេល ១០ ថ្ងៃ ធ្វើ​​នៅ​​រាជធានី​ភ្នំពេញ ​ក្នុង​គោល​បំណង​អបអរ​សាទរ និង​ផ្សព្វផ្សាយ​អំពី​គុណ​​​តម្លៃ​នៃ​សិល្បៈ ​និង​វប្បធម៌​ក្នុង​​ការ​រួម​ចំណែក​អភិវឌ្ឍ​សង្គម​​​​កម្ពុជា​ក្រោយ​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ចំនួន ​៤០ ឆ្នាំ និង​ដើម្បី​អបអរសាទរ​ខួប​ទី ២០ ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​​ ​(CLA) ទៀត​ផង។

ពិត​ណាស់ សមិទ្ធ​ផល​សិល្បៈ​ ដែល​កម្ពុជា​មាន​នៅ​ក្នុង​ថ្ងៃ​នេះ ​គឺ​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ​ ប្រសិន​បើ​គ្មាន​ក្តី​ស្រលាញ់​ ​ដែល​​ផុស​ចេញ​ពី​បេះដូង​ ការ​លះបង់​ដ៏​ធំធេង​ ​ក្នុង​​ការ​ថែរក្សា​ អភិរក្ស ​និង​ការ​អភិវឌ្ឍ​របស់​ព្រឹទ្ធាចារ្យ​សិល្បៈ ​និង​​សិល្បករ​កម្ពុជា។ ដូច​នេះ មហោស្រព​នេះ​ជា​ការ​សម្ដែង​ការ​ដឹង​គុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ ព្រឹទ្ធាចារ្យ​សិល្បៈ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ទម្រង់​សិល្បៈ​​ដែល​រងគ្រោះ​ទាំង​ឡាយ និង​បន្ត​ឲ្យ​បាន​​រស់​រាន​ឡើង​វិញ ​មាន​​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នេះ​»​។

លោក​ គាត សុគីម បន្ត​ថា៖ «​កម្មវិធី​រយៈពេល ១០ ថ្ងៃ ​នេះ រួម​​មាន​ការ​ប្រគំ​តន្ត្រី ​ទស្សនីយភាព​ល្ខោន របាំ ​សិក្ខាសាលា​សិល្បៈ ​ពិព័រណ៍ កិច្ច​ពិភាក្សា ​និង​​កម្មវិធី​ផ្សេងៗ​ទៀត ​ប្រារព្ធ​ធ្វើ​​ឡើង​នៅ​ទីតាំង​នានា រួមមាន វិទ្យាស្ថាន​ភាសា​បរទេស ​(IFL) នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)​ នៅ​សាលសន្និសីទ​​ចតុមុខ និង​វិទ្យាស្ថាន​បារាំង។

ដោយ​ឡែក​សម្រាប់​កម្មវិធី​សម្ដែង​នានា​មួយ​ចំនួន​នៃ​មហោស្រព​សិល្បៈ ​ដើម្បី​សន្តិភាព​​នេះ ក៏​តម្រូវ​ឲ្យ​មាន​ការ​ទិញ​​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ផង​​ដែរ​។ ​ចំពោះ​​ថវិកា ​ដែល​ប្រមូល​​​ពី​ការ​លក់​សំបុត្រ​នេះ​ គឺ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​​គម្រោង​​នានា ​​ដែល​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា ដែល​ក្នុង​នោះ​រួមមាន​បៀវត្សរ៍​ព្រឹទ្ធាចារ្យ​សិល្បៈ ​កម្មវិធី​អាហារូបករណ៍​ កម្មវិធី​បណ្ដុះបណ្ដាល​អភិវឌ្ឍន៍​អាជីព ​ និងគម្រោង​សិល្បៈ​នានា​ ដែល​ជួយ​ទៅ​ដល់​សិល្បករ​ជំនាន់​ថ្មី ក៏​ដូច​ជា​ការ​ពង្រឹង​និរន្តរភាព​ទៅ​លើ​​វិស័យសិល្បៈ និង​​វប្បធម៌​នៅ​ប្រទេស ​កម្ពុជា ​ផង​ដែរ​»។

គួរ​កត់​សម្គាល់​ដែរ​ថា ​ចាប់​ពី​ថ្ងៃទី ១៤-២៤ ខែ​វិច្ឆិកា ឆ្នាំ ​២០១៩​ ក៏​មាន​រៀបចំ​កម្មវិធី​ពិព័រណ៍​ស្នាដៃ​របស់​សិល្បករ​រូបថត ​និង​​វីរជន​ជា​​​​សិល្បករ​លាក់​មុខ ដែល​ត្រូវ​បាន​គេ​អញ្ជើញ​មក​ពី​ចំនួន​ ​២៥ ខេត្ត-ក្រុង-​រាជធានី​ ផង​ដែរ​​ ដោយ​គោល​បំណង​នៃ​ការ​រៀបចំ​នេះ ​គឺ​ចង់​បង្ហាញ​ពី​ភាព​ខ្លាំង​​នៃ​ការ​បញ្ចេញ​គំនិត​នៅ​កម្ពុជា​​តាមរយៈ​រូបភាព និង​សមត្ថភាព​នៃ​​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​នានា​របស់​វីរជន​ នានា​នៅ​តាម​ខេត្ត​ដោយសារ​ពួក​គាត់​មិន​ត្រូវ​បាន​មហាជន​ស្គាល់​ ឬ​ខ្វះ​ការ​គាំទ្រ​៕​