ភ្នំពេញ៖ ព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងលើកទី ៥ (Cambodia Urban Art Festival2020) នឹងប្រារព្ធធ្វើថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះ ដោយមានក្រុមវិចិត្រករចម្រុះជាតិសាសន៍ ចំនួន ១៥ រូប និងក្រុមសិល្បករ និងតន្រ្តីករ ១៩ រូប នឹងត្រូវបញ្ចប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០។
កញ្ញា Letitia Troussel អ្នករៀបចំមហោស្រពសិល្បៈទីក្រុងបានឲ្យដឹងពីកម្មវិធីត្រួសៗថា៖ «សម្រាប់វិចិត្រករខ្មែរ នៅឆ្នាំនេះ មានចំនួន ៧ រូប ខណៈវិចិត្រករបរទេសវិញ មានចំនួន ៨ រូប ដែលមកពីប្រទេស បារាំង ចិន តៃវ៉ាន់ ឥណ្ឌា ព័រទុយហ្គាល់ ដាណឺម៉ាក ប៉ូឡូញ និងថៃ។
សម្រាប់ទីតាំងគូរគំនូរដ៏សំខាន់ គឺនៅឯបរិវេណជុំវិញព្រះបរមរាជវាំង ខណៈទីតាំងប្រារព្ធធ្វើមហោស្រពសិល្បៈទីក្រុងឆ្នាំ ២០២០ ធ្វើនៅវិចិត្រសាល Friend''s Futures Factory លើដងផ្លូវលេខ ១៣ ដែលជាទីតាំងថ្មីកំពុងតែពេញនិយមសម្រាប់បង្ហាញសា្នដៃសិល្បៈនានានោះ។ កាន់តែពិសេសនោះ នៅឆ្នាំ ២០២០ នេះ យើងក៏មានក្រុមសិស្សសិល្បៈមកពីសាលាហ្វារពន្លឺសិល្បៈ នាំយកទស្សនីយភាពរបស់ពួកគេជាស៊េរីមកសម្តែងនៅផ្សារទំនើប Exchange Square និងទីតាំងផ្សេងៗទៀតនៅទីក្រុងភ្នំពេញរួមមានដូចជានៅទីតាំងវិចិត្រសាលស្រាអាត ផ្ទះមេត្តា (Meta House) ទីតាំងមុខវត្តបទុមវត្តី នៅម្តុំផ្សារទួលទំពូង ម្តុំសារមន្ទីរទួលស្លែង និងនៅមណ្ឌល Student Center Enfants d''Asie លើដងផ្លូវ ២៦៩»។
កញ្ញា Letitia Troussel អ្នករៀបចំមហោស្រពសិល្បៈទីក្រុង ដែលមានសហការីរៀបចំម្នាក់ គឺលោក Im chifumi ដែលជាវិចិត្រករជាតិបារាំង ក៏បន្តថា៖ «ក្រុមវិចិត្រករយើងនឹងគូររូបនៅលើទីតាំងសម្រាប់គូរគំនូរនៅតាមរបង ឬជញ្ជាំងតាមផ្លូវសាធារណៈចំនួន ១០ ផ្ទាំង នៅរាជធានីភ្នំពេញ ហើយសម្រាប់ព្រឹត្តិការណ៍មហោស្រពសិល្បៈ ទីក្រុងឆ្នាំ ២០២០ នេះ នឹងចំណាយទឹកថ្នាំលាបប្រមាណ ២៨០ លីត្រ។
ដោយឡែកឆ្នាំ ២០២០ នេះ ទីតាំងប្រារព្ធមហោស្រពសិល្បៈទីក្រុងយើង ក៏ប្រារព្ធធ្វើ នៅខេត្តសៀមរាបលើកដំបូងផងដែរ ខណៈស្នាដៃគំនូរ ៥ ផ្ទាំង នឹងត្រូវគូរនៅឯក្រុងសៀមរាប ខេត្តសៀមរាប»។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងនេះ បានបង្កើតដំបូង ឆ្នាំ ២០១៥ នៅក្នុងគោលបំណងអភិវឌ្ឍជំនាញសិល្បៈវិចិត្រគំនូរនៅតាមជញ្ជាំង ឬរបង ហើយក៏ជាឱកាសបង្ហាញស្នាដៃរបស់ក្រុមវិចិត្រជំនាញនេះ សម្រាប់បង្ហាញសាធារណជន និងក្រុមវិចិត្រករជំនាន់ក្រោយ បានឃើញពីស្នាដៃខ្លួនផងដែរ។
កញ្ញា Letitia Troussel បានបញ្ជាក់ឲ្យដឹងថា៖ «ព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងនេះ បានប្រារព្ធធ្វើឡើងនៅឆ្នាំ ២០១៥ ខណៈនាងខ្ញុំ និងលោក Im chifumi បានបន្តកិច្ចការនេះ នៅត្រឹមឆ្នាំ ២០១៧ ក្រោយពីខាងវិទ្យាស្ថានបារាំង ឈប់កាន់កិច្ចការនេះ ហើយបានប្រគល់ឲ្យពួកយើងធ្វើបន្តនៅត្រឹមឆ្នាំ ២០១៧ មកនោះ»។
នាថ្ងៃប្រារព្ធមហោស្រពសិល្បៈទីក្រុងនេះផងដែរ ការបង្ហាញផ្ទាំងទស្សនីយភាពពិព័រណ៍ថ្មីសម្រាប់ការងារសិល្បៈរបស់សិល្បករតាមផ្លូវទាំងជាតិ និងអន្តរជាតិក៏ត្រូវបានរៀបចំយ៉ាងពិសេសផងដែរ ដោយមានវិចិត្រករខ្មែរ ឈុនលី និងកូលាប ដែលនឹងមានការបាញ់ពណ៌ នៅទល់មុខវិចិត្រសាលស្រាអាត ផ្ទាល់ដោយប្រើដៃ ១ ក្នុងពេលតែមួយ ខណៈវិចិត្រករខ្មែរលោក យី កក្កដា ប្រើដៃ ២ ក្នុងពេលតែមួយសម្រាប់បង្កើតស្នាដៃ។
ចំណែកវិចិត្រករកូនកាត់ព័រទុយហ្គាល់-បារាំង LE FUNKY ក៏ផាត់ និងបាញ់ថ្នាំពណ៌នៅលើផ្ទាំងក្រណាត់ជាមួយនឹងចក្ខុវិស័យប្លែកភ្នែកផងដែរ។ វិចិត្រករដាណឺម៉ាក PHUC VAN DANG នឹងទាក់ទាញអារម្មណ៍របស់ទស្សនិកជនជាមួយនឹងការផាត់ពណ៌ផ្ទាល់របស់គាត់នៅលើផ្ទៃក្រណាត់ផងដែរ។
ដោយឡែកសម្រាប់ឆ្នាំ ២០២០ នេះ ក៏មានភាពខុសប្លែកគ្នាពីឆ្នាំមុនផងដែរ សម្រាប់ការប្រារព្ធមហោស្រពសិល្បៈទីក្រុងនេះ ដោយមិនមានការប្រើរ៉ឺម៉កកង់បីជាក្បួនដង្ហែទៀតឡើយ ដោយក្រុមវិចិត្រករទាំងអស់ត្រូវថ្មើរជើង ខណៈសម្រាប់អ្នកចូលរួមទស្សនាវិញអាចប្រើប្រព័ន្ធនាំផ្លូវទៅរកទីតាំងកន្លែងប្រារព្ធកម្មវិធីមហោស្រពសិល្បៈទីក្រុងផ្ទាល់មួយឈ្មោះ Grasshopper Self guided Advteures app៕