ខេត្តត្បូងឃ្មុំៈ ដោយ​មាន​សំណូមពរ​ពី​អ្នកភូមិ និង​ជា​គោលបំណង​ចង់​លើក​កម្ពស់​វិស័យ​សិល្បៈ​ឲ្យ​កាន់តែ​រីកចម្រើន​នោះ ក្រុមនិស្សិត​អាហារូបករណ៍​ទស្សន​វប្បធម៌​ក៏​បាន​រួមគ្នា​បង្កើត​ជា​សិក្ខាសាលា និង​មហោស្រព​សិល្បៈ​ភូមិ​ដំបូង​ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វត្ត​ថ្មពេជ្រ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​នេះ​ដែល​បាន​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA)​។

លោក ណាង យ៉ាន់ណា អ្នក​សម្រប​សម្រួល​នៃ​កម្មវិធី​អង្គការ​សិល្បៈ​ខ្មែរអមតៈ បាន​ឲ្យ​ដឹង​ត្រួសៗ​ពី​កម្មវិធី​នេះ​ថា​៖ «​ក្រោយពី​ក្រុម​និស្សិត​អាហារូបករណ៍​ទស្សន​វប្បធម៌​ទទួល​បាន​កញ្ចប់​ថវិកា​សម្រាប់​ការងារ​សិល្បៈ​មក និង​ស្របពេល​បងប្អូន​អ្នកភូមិ​មាន​សំណូមពរ​ចង់ឃើញ​មាន​ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នៅ​តំបន់​ខ្លួន​នោះ យើង​ក៏​សម្រេច​ធ្វើ​កម្មវិធី​មហោស្រព​សិល្បៈ​ភូមិ​នេះ គឺជា​លើក​ដំបូង​សម្រាប់​គម្រោង​របស់​យើង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​វត្ត​ថ្មពេជ្រ ឃុំ​ថ្មពេជ្រ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ​មាន​ចម្ងាយ ១៥ គីឡូម៉ែត្រ​ពី​ក្រុង​សួង ឬ​ចម្ងាយ ២២ គីឡូម៉ែត្រ​ពី​ស្ពាន​ទន្លេ​បិទ​។ កម្មវិធី​នៅ​ថ្ងៃទី​​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នោះ​មាន​កម្មវិធី​ជាច្រើន​ដូចជា សិក្ខា​សាលា​ផ្តល់​ចំណេះដឹង​ពី​សិល្បៈ ការអាន និង​សរសេរ​រឿងនិទាន ការសិក្សា​ពី​ចម្លាក់​ស្បែក និង​ល្ខោន​ស្រមោល​ស្បែក​តូច ការសិក្សា​ពី​តន្ត្រី​ថូន និង​ឧបករណ៍​បុរាណ​ចាប៉ីដងវែង និង ការគូរគំនូរ​នានា​ជាដើម​»​។

ក្រុម​យុវតី​ហាត់​សម​របាំ​សម្តែង​ក្នុង​មហោស្រព​សិល្បៈ​ភូមិ​ចុង​សប្តាហ៍​នេះ​។ រូប សហការី

លោក ណាង យ៉ាន់ណា បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​សម្រាប់​កម្មវិធី​មហោស្រព​សិល្បៈ​ភូមិ​នេះ​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​សិល្បករ-សិល្បការិនី អាជីព និង​មហាជន​សរុប​ប្រមាណ ៥០ នាក់​ដោយ​ពួកគាត់​នឹង​រួមគ្នា​បង្កើត​នូវ​បរិយាកាស​ដ៏មាន​តម្លៃ​នៅក្នុង​ការលើកស្ទួយ​តម្លៃ​វប្បធម៌​ខ្មែរ​យើង​ដល់​មហាជន​បាន​ចូល​ទស្សនា និង​ស្វែងយល់​ពី​សិល្បៈ​គ្រប់​ទម្រង់​ដោយ​សេរី​។ ដោយឡែក​ប្រសិន​បើ​កម្មវិធី​ដំបូង​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នោះ​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៅ​ទៀត យើង​ក៏​អាច​នឹង​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​ផង​ដែរ​»​។

កម្មវិធី​មហោស្រព​នេះ​ក៏​ទទួល​បាន​ការគាំទ្រ​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​ឧបត្ថម្ភ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ហើយ​មាន​ការចូលរួម​សហការ​ពី​សមាគម​សុវណ្ណភូមិ សហគ្រាស​សង្គម​ហ្វារ និង​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​៕