ភ្នំពេញៈ កាល​ពី​ឆ្នាំ​ដំបូង មហោស្រព​​អក្សរ​សិល្ប៍​ខ្មែរ​បាន​ចាប់​ផ្តើម​ធ្វើ​នៅ​ទី​រួម​ខេត្ត​សៀមរាប ​មាន​​​កម្មវិធី​សិល្បៈ ​វប្បធម៌​ អក្សរ​សិល្ប៍​ជា​ច្រើន ​រួម​ទាំង​ការ​តាំង​ពិព័រណ៍​សៀវភៅ​​ផង​ដែរ ហើយ​ឆ្នាំ​ទី ២ មហោ​​​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ បាន​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង ដែល​ជា​ទឹក​ដី​របស់​កវី ​និង​អ្នក​​និពន្ធ​ខ្មែរ​ល្បីៗ​​ជា​ច្រើន​រូប​។​

ដោយសារ​តែ​ទទួល​​បាន​ភាព​ជោគជ័យ​​ពី​ការ​​រៀបចំ​​ ​២​ លើក​រួច​មក​ហើយ​ ​និង​​​មាន​ការ​គាំទ្រ​របស់​អ្នក​​និពន្ធ​ អង្គការ​​​ធ្វើ​ការ​ផ្នែក​អក្សរ​សិល្ប៍ មិត្តភក្តិ ​ក៏​ដូច​​ជា​ក្រុម​និស្សិត​ទាំង​អស់​​​ដែល​ស្រឡាញ់​ការ​អាន និង​សរសេរ​និពន្ធ​នានា​​​នោះ​​ ​ទោះ​មហោ​ស្រព​​អក្សរ​សិល្ប៍​ខ្មែរ​​ នឹង​រៀបចំ​ជា​លើក​ទី ៣​ នៅ​​ថ្ងៃទី ១១-១៣ ខែ ​តុលា​ ឆ្នាំ ​២០១៩ ខាង​​​មុខ​នេះ នៅ​បណ្ណាល័យ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។​

កម្មវិធី​សំខាន់ៗ​​​មាន​ ​៣ ​ថ្ងៃ​នោះ យើង​បាន​​​បែង​ចែក​ជា ​៣ ផ្នែក​ធំៗ​ដែរ​គឺ ​ទី១ ​មាន​​សិក្ខាសាលា​ស្តីពី​​ការ​​​សរសេរ​ ​និង​ស្មូត្រ​កំណាព្យ​ជាមួយ​ក្រុម​​អ្នក​និពន្ធ។​​ ទី២ ​កម្មវិធី​ដាក់​តាំង​​ពិព័រណ៍​សៀវភៅ និង​លក់​​សៀវភៅ​​​ និង​​​​​ទី៣ កម្មវិធី​សម្តែង​​សិល្បៈ​ និង​​ផ្ទាំង​ទស្សនីយភាព​នានា​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​។

អ្នកស្រី សូ ភីណា ស្ថាបនិក​​​​​រៀបចំ​​​​​មហោស្រព​​អក្សរ​សិល្ប៍​ខ្មែរ​ ​និង​ជា​​អ្នក​និពន្ធ​រឿង​ប្រលោម​លោក​​​​​​ផង​​ដែរ​​នោះ ​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​រៀបចំ​មហោស្រព​​អក្សរ​សិល្ប៍​ខ្មែរ​ដែរ​ថា​៖​ «​កម្មវិធី​នេះ​​ មាន​គោល​បំណង​​បណ្តុះ​នូវ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍​ជាតិ​ លើក​កម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​​​អ្នក​និពន្ធ​​ខ្មែរ ក្នុង​សង្គម​ជាតិ​ និង​ជួយ​បង្កើន​ឱកាស​ទៅ​ដល់​អ្នក​និពន្ធ នៅ​​ក្នុង​ការ​ទំនាក់​ទំនង និង​​​ពង្រីក​​វិសាលភាព​ទីផ្សារ​។ ​ទស្សន​វិស័យ​របស់​​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​គឺ «​ប្រជាជន​កម្ពុជា​នឹង​ទទួល​​​បាន​​នូវ​​អក្សរ​សិល្ប៍​ខ្មែរ​ល្អ​ឯក​ និង​លទ្ធភាព​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​​ស្នាដៃ និង​ចំណេះ​ដឹង​អក្សរ​​សិល្ប៍»។​

ការ​​ដាក់​តាំង​សៀវភៅ​ និង​រូប​គំនូរ ក្នុង​​មហោស្រពអក្សរសិល្ប៍​។ រូបថត ហ្វេសប៊ុក​

វិស័យ​​អក្សរ​សិល្ប៍​ខ្មែរ​ ធ្លាប់​មាន​ប្រវត្តិ​យូរលង់​តាំង​ពី​បុរាណកាល​​​រហូត​មក​ដល់​ទសវត្សរ៍ទី ​៧០ និង​​បាន​ងើប​​​​​ឡើង​វិញ បន្ទាប់​ពី​សម័យ​ខ្មែរ​ក្រហម​ ដែល​គេ​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​​ ស្នាដៃ​និពន្ធ​ ឱកាស និង​គុណ​​​តម្លៃ​របស់​អ្នក​និពន្ធ ​និង​វិស័យ​បោះពុម្ព មាន​ការ​រីក​ចម្រើន​ គួរ​​ឲ្យ​កត់​សម្គាល់​ ក៏​ប៉ុន្តែ​វិស័យ​នេះ​ទាមទារ​​ឲ្យ​មាន​ការ​បន្ត​ជ្រោមជ្រែង ​បង្ក​លទ្ធភាព ​និង​ឱកាស​ដល់​អ្នក​និពន្ធ​តាមរយៈ​​ពិព័រណ៍​សៀវភៅ​ ការ​ធ្វើ​សិក្ខា​​សាលា ​សន្និសីទ​ និង​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​​ជា​ដើម​។ ​

ដូច​នេះ​មហោ​ស្រព​​អក្សរ​​សិល្ប៍​ខ្មែរ​លើក​ទី ១​ ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ឡើង​ដោយ អ្នក​និពន្ធ​ សូ ភីណា ​សហការ​ជាមួយ​នឹង​​​ក្រុម​ស្លាប​​​​ប៉ាកកា​ខ្មែរ​ ​រួម​ទាំង​មាន​​អ្នក​និពន្ធ​ជា​ច្រើន​ទៀត ​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​វិស័យ​អក្សរ​សិល្ប៍​។

គួរ​​រំឭក​ដែរ​​ថា មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី ១​ បាន​រៀបចំ​ឡើង​នៅ​​​​​​ថ្ងៃទី​ ២០-២២ ខែ​​ តុលា ឆ្នាំ​ ២០១៧ ​នៅ​​ខេត្ត​សៀមរាប ដែល​ជា​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដោយ​មាន​​កម្មវិធី​ជា​ច្រើន ​ដូចជា វេទិកា​​ពិភាក្សា​​អំពី​បរិបទ​សំខាន់​ៗ ​គឺ​ការ​សម្ពោធ​​​​សៀវភៅ ​សិក្ខាសាលា​និពន្ធ​ និង​​​សម្តែង​សិល្បៈ​កម្សាន្ត​​ផង​ដែរ។​​ការ​រៀបចំ​មហោស្រព​អក្សរសិល្ប៍​លើក​​ទី​ ២​ ធ្វើ​នៅ​​ខេត្ត​បាត់ដំបង ក្រោម​​​​​​ប្រធាន​​បទ «អតីតកាល បច្ចុប្បន្ន​កាល និង​អនាគត​នៃ​អក្សរ​សិល្ប៍​ខ្មែរ» ខណៈ​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​​​លើក​ទី ៣​​ នៅ​ថ្ងៃទី​​ ១១-១៣ ខែ​ តុលា​ ឆ្នាំ​នេះ​ ក៏​​នឹង​​ដាក់​បញ្ចូល​​កម្មវិធី​តាំង​​លក់​សៀវភៅ ​និង​ពិព័រណ៍​​ថា​ «មរតក​អក្សរ​សិល្ប៍»​ រយៈពេល​ ២ ថ្ងៃ​ពេញ​​ផង​ដែរ​ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ១២ និង​​ទី​ ១៣ ខែ​ តុលា ឆ្នាំ​ ២០១៩​៕