ភ្នំពេញៈ ទីបំផុតកញ្ញា មាន សូនីតា តារាស្រីដែលទទួលបានងារពីមហាជន «រាជិនីក្រមា» ចាប់បានដៃគូរកស៊ីធំមួយនៅប្រទេសជប៉ុន សម្រាប់ផលិតផលច្នៃពីក្រមារបស់ខ្លួន។
នេះបើតាមសារដែលកញ្ញា មាន សូនីតា បានបង្ហោះអមនឹងរូបភាពដំណើរកម្សាន្តនៅប្រទេសជប៉ុននាពេលថ្មីៗនេះ ដោយបានសរសេរប្រាប់ថា៖ «អរគុណបងដែលបានអញ្ជើញខ្ញុំទៅជប៉ុន ហើយទទួលយ៉ាងកក់ក្តៅ ព្រមជាមួយការចុះសន្យាជាមួយផ្ទះស្រឡាញ់ និងមានលក់នៅប្រទេសជប៉ុនឆាប់ៗចា!Business Trip ផ្ទះស្រឡាញ់# SlanhHouse JP»។
យ៉ាងណាសម្រាប់ការធ្វើកិច្ចសន្យាជាមួយដៃគូរកស៊ីថ្មីថា តើជាពាណិជ្ជករជាតិជប៉ុន ឬពលរដ្ឋខ្មែររស់នៅជប៉ុន ឬការរកស៊ីនោះមានទំហំប៉ុនណាទេ ក៏មិនត្រូវបានគេដឹងច្បាស់ឡើយពីតារាសម្តែងស្រីល្បីថតស្ប៉តពាណិជ្ជកម្ម និងជាថៅកែស្រីទាំងវ័យក្មេងក្នុងរបរបើកហាងសម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ពីក្រមានោះ ព្រោះប្រព័ន្ធទូរស័ព្ទនាងតេចូល តែគ្មានអ្នកលើកទទួល។
ថ្មីៗនេះបើតាមរយៈសកម្មភាពនៃរូបថតទាំងឡាយដែលបង្ហោះតាមបណ្តាញសង្គមទាំងហ្វេសប៊ុក និងអ៊ីនស្តាក្រាមនោះ ឃើញថា មាន សូនីតា ហាក់មានភាពសប្បាយចិត្តខុសពីធម្មតា ហើយក៏ចូលចិត្តបង្ហើរសារប្លែកៗ បែបជាមនុស្សស្រីនៅវ័យក្មេងថែមទាំងធ្វើឬកឃ្យូតៗទៀតផង។
ខណៈនាងក៏ទើបតែសាបនូវព័ត៌មានបែបខ្សឹបខ្សៀវរឿងមានអ្នកឧបត្ថម្ភលាក់មុខ ពីក្រោយនៃដំណើរកម្សាន្តចេញក្រៅប្រទេសជាហូរហែកន្លងមក ក៏ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រី និងក៏ជាម្ចាស់ហាងលក់ផលិតផលពីក្រមាវ័យក្មេងកញ្ញា មាន សូនីតា បានព្រលយឲ្យដឹងថា នាងកំពុងមានគេចូលស្តីដណ្តឹង បង្កការភ្ញាក់ផ្អើលពីសំណាក់មហាជន។
ពីគណនីហ្វេសប៊ុកខ្លួនផ្ទាល់នោះកញ្ញា មាន សូនីតា បានបង្ហើរសារថា៖ «ហាហា!ថ្ងៃនេះម៉ាក់មកប្រាប់ថា មានគេចង់ដណ្តឹង។ គិតម៉េចទៅ ហាហា?»។ សារនេះធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ និងមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតកើតជាប្រធានបទដ៏សំខាន់យកមកជជែកគ្នាដោយមានទាំងជាអ្នករុញទូកបណ្តោយទឹក និងអ្នកយកជើងរាទឹកផង។
តែនាពេលបានឆ្លើយតបតាមទូរស័ព្ទជាមួយភ្នំពេញ-ប៉ុស្តិ៍កន្លងមកមាន សូនីតា បែរជាបង្ហើបប្រាប់ថា៖ «អត់ទេបង!នោះគ្រាន់តែជាសារដែលនាងខ្ញុំផូស្តិ៍លេងទេ មិនពិតឡើយ ហើយសារនោះនាងខ្ញុំ គ្រាន់តែចង់ឲ្យប្រិយមិត្តងាកចាប់អារម្មណ៍ខ្ញុំប៉ុណ្ណោះ»។ ពេលកន្លងមក មាន សូនីតា បានពើបដំណឹងខ្សឹបខ្សៀវថា មានអ្នកឧបត្ថម្ភជាកំណាន់ចិត្តលាក់មុខនៅពីក្រោយនៃដំណើរកម្សាន្តក្រៅប្រទេសហូរហែកន្លងមកតាមរយៈភាពហ៊ឺហា តាមរយៈការទិញផ្ទះវីឡា និងដូររថយន្តទំនើបដែរ៕