ភ្នំពេញ៖ ខណៈ​ជិត​ដល់​ថ្ងៃ​​ប្រារព្ធ​​​ទិវា​រត់​ប្រណាំង​​មួយ​ឈ្មោះ​ថា ​«Women Run 10K» ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី ​៨ ខែ ​មីនា ឆ្នាំ ​២០២០ ខាង​មុខ​នេះ ស្រាប់​តែ​តារា​សម្តែង និង​ម៉ូដែល​​ រាង​ខ្ពស់​ស្រឡះ ធ្មេញ​​​ច្រពើស កញ្ញា មាន សូនីតា មាន​សំណូម​ពរ​ឲ្យ​មហាជន​ ជាពិសេស​ស្រ្តី​ខ្មែរ​ឲ្យ​ចូលរួម​គាំទ្រ ​​ឲ្យ​បាន​​​ផុសផុល​ និង​ចង់​ប្រែ​​ក្លាយ​ជា​ទិវា​មួយ​​ ដើម្បី​​ពង្រឹង​​ស្មារតី​ស្រ្តី​ខ្មែរ​ឲ្យ​រឹងមាំ​​ក្នុង​សង្គម​។​

កញ្ញា មាន សូនីតា ជា​តារា​សម្តែង​​ស្រី​ ដែល​ទទួល​បាន​ងារ​ពី​មហាជន «​រាជិនី​ក្រមា» ដែល​កំពុង​តែ​ឡើង​កូដ​​​សាជា​ថ្មី ក្រោយ​ពី​ស្ងប់​ទីផ្សារ​មួយ​រយៈ​ខ្លី​ ជាមួយ​នឹង​ការ​ទទួល​បាន​តំណែង​ជា​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​​ផលិតផល​សាំសុង​ដើម​ឆ្នាំ​ ​២០២០​ នេះ​ និង​រថយន្ត​របស់​ក្រុមហ៊ុន​​តូយ៉ូតា នៅ​ចុង​ឆ្នាំ ២០១៩ និង​​ក្លាយ​​ជា​ថៅកែ​​ស្រី​​ទាំង​វ័យ​ក្មេង​ជាមួយ​នឹង​របរ​អាជីវ​កម្ម​ហាង​លក់​​ផលិតផល​ពី​​ក្រមា​។​

ហេតុ​ផល​យ៉ាង​ណា​បាន​ជា​តារា​​ស្រី​​រូប​នេះ​ខំ​បំផុស​ស្រ្តី​ខ្មែរ​ឲ្យ​ចូលរួម​ច្រើន​​កុះករ​ និង​​មាន​តួនាទី​សំខាន់​​អ្វី​ដែរ​​នៅ​​ក្នុង​​កម្មវិធី​រត់​ប្រណាំង​​ ​«Women Run 10K» នោះ មិន​ត្រូវ​បាន​កញ្ញា មាន សូនីតា​ ផ្តល់​ការ​លម្អិត​នោះ​ឡើយ​ដល់​ភ្នំពេញ​​ប៉ុស្តិ៍ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​​ធ្លាប់​ទំនាក់ទំនង​ពី​មុន​មក​ មិន​អាច​ទាក់ទង​បាន​នា​ពេល​នេះ​។​

តែ​​​តារា​ម៉ូដែល និង​ជា​តារា​សម្តែង​ស្រី​រូប​ស្រស់​ទឹក​មុខ​ក្រមិចក្រមើម​​គួរ​ឲ្យ​​ស្រឡាញ់​ កញ្ញា មាន សូនីតា​ ដែរ ដោយសារ​ថ្មីៗ​នេះ​​នាង​បាន​ធ្វើ​ការ​ឡាយ​វីដេអូ ​ដើម្បី​បង្ហាញ​ពី​ដំណឹង​មួយ​​ដល់​ស្ត្រីៗ​ចូលរួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០ គីឡូម៉ែត្រ ដែល​​នឹង​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី ៨ មីនា​ ឆ្នាំ ​២០២០​ ខាង​​មុខ​នេះ នៅសួនច្បារវត្ត​បទុមវតី​។

តារាស្រី​កញ្ញា​ មាន សូនីតា ក៏​បង្ហាញ​ពី​គោល​​បំណង​​ខ្លួន​តាមរយៈ​ការ​ឡាយ​វីដេអូ​ហ្វេសប៊ុក​ថា៖ «នាង​ខ្ញុំ​ចង់​ឲ្យ​​មិត្ត​នារី​ទាំង​ឡាយ​ក្នុង​ន័យ​លើក​​ទឹក​ចិត្ត​ឲ្យ​មាន​​ភាព​ក្លាហាន​ក្នុង​សង្គម ជឿជាក់​​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ ជា​ពិសេស​មាន​ភាព​ស្មើ​គ្នា​ជាមួយ​​នឹង​បុរស​ក្នុង​កិច្ច​ការងារ​នានា​។ ត្រូវ​ចេះ​ពង្រឹង​សមត្ថភាព ដើម្បី​ឲ្យ​ជឿជាក់​ថា នារី​ខ្លួន​ឯង​ត្រូវ​ធ្វើ​ឲ្យ​បាន។ ​នេះ​ជា​​ការ​លើក​ទឹក​ចិត្ត​ដល់​​ស្ត្រី​គ្រប់​រូប​​ឲ្យ​មាន​​ភាព​ក្លាហាន​ ដើម្បី​គាំទ្រ​ស្រ្តី​បំបែក​​ឯតទគ្គកម្ម និង​​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ ៨ មីនា ទាំង​​​អស់​គ្នា​។ ជាក់​ស្តែង ​Women Run 10K​ បើ​នារី​​ខ្លួន​ឯង​​គិត​​ថា ធ្វើ​មិន​​បាន​ គិត​ថា​ការ​​រត់​បែប​នេះ មាន​តែ​មនុស្ស​​ប្រុស ​គឺ​ខ្លួន​នៅ​​តែ​ជា​​ស្រ្តី​​មិន​អាច​​ធ្វើ​​បាន​។ ​ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នារី​ មាន​ការ​ជម្នះ​នោះ យើង​ពិត​ជា​អាច​ធ្វើ​បាន ​និង​រឹងមាំ​ជា​មិន​ខាន​នោះ​ទេ»៕