ភ្នំពេញៈ សូម្បីតែសាមីខ្លួនក៏ឆ្ងល់ផងដែរ ជាមួយនឹងការឧស្សាហ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ដែលបានយកនំខេកមកប្រារព្ធខួបកំណើតដល់កញ្ញា មាន សូនីតា ឥតល្ហែ ពេលនាងមានវត្តមាននៅខេត្តណាគឺមាននៅខេត្តនោះតែម្តង។
ខណៈថ្មីៗនេះពេលកញ្ញា មាន សូនីតា តារាសម្តែងស្រីដែលទទួលបានងារពីមហាជន «រាជិនីក្រមា» បានទៅដល់ខេត្កសៀមរាបភ្លាមនោះក៏ស្រាប់តែមានអ្នកគាំទ្រយកនំខេកទៅ Surprise ដល់បន្ទប់ស្នាក់នៅរបស់កញ្ញា មាន សូនីតា តែម្តង។
បើឃើញតាមទម្លាប់ និងកាលបរិច្ឆេទពិតប្រាកដនៃថ្ងៃខួបកំណើតរបស់តារាសម្តែងស្រីស្រករក្រោយជាប្អូនស្រីជីទួតមួយតារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកំពុងតែមានយីអ៊ុនឡើងក្រឺតៗ កញ្ញា មាន សូនីតា គឺធ្វើនៅចំថ្ងៃទី ១០ ខែកុម្ភៈដោយជារៀងរាល់ឆ្នាំ នាងតែងតែបំប្លែងថ្ងៃខួបកំណើតខ្លួនទៅជាថ្ងៃធ្វើទង្វើសប្បុរសធម៌នានាជាមួយនឹងប្អូនៗកុមារនៅតាមសាលារៀនក្រីក្រណាមួយទាំងនៅក្នុងក្រុង និងខេត្តនានា ជាពិសេសនោះគឺកញ្ញា មាន សូនីតា ហៅថ្ងៃនេះថាជា «ក្តីស្រឡាញ់នៃថ្ងៃទី ១០ ខែកុម្ភៈ»។
តែហេតុអ្វីដល់ចុងខែមិថុនា ឆ្នាំ ២០១៩ ហើយបែរជាមានការប្រារព្ធធ្វើខួបកំណើតរបស់តារាស្រីដែលអាចមានជីវកម្មផ្ទាល់ខ្លួនទាំងវ័យក្មេងតាមរយៈបើកហាងលក់ផលិតផលពីក្រមា ឬមានយីហោថា «ផ្ទះស្រឡាញ់# SlanhHouse» ទៅវិញពិតជាគួរឲ្យមានការងឿងឆ្ងល់ខ្លាំងមែនទែនពីមហាជន។
យ៉ាងណាកាលដែលនៅតែមានការប្រារព្ធខួបកំណើតនៅខែមិថុនានេះក៏មិនត្រូវបានតារាសម្តែងស្រីធ្មេញច្រពឹស រាងខ្ពស់ ធ្លាប់ជាតារាតំណាងទូតសុច្ឆន្ទៈនៃអង្គការ USAID និងសម្បូរហូរហៀរជាមួយនឹងការងារសិល្បៈផ្នែក ស្ប៉តពាណិជ្ជកម្មនានា កញ្ញា មាន សូនីតា នោះឡើយដោយសារតែនាងកំពុងតែជាប់រវល់ថត។ តែបើតាមជំនួយការផ្ទាល់របស់នាងមានឈ្មោះកញ្ញា ម៉ីម៉ី ដែលបានលើកទូរស័ព្ទរបស់កញ្ញា មាន សូនីតា នោះបានបង្ហើបប្រាប់យ៉ាងដូច្នេះថា៖ «ជាការពិតថ្ងៃខួបកំណើតបង សូនីតា គឺថ្ងៃទី ១០ ខែកុម្ភៈ មែន!ហើយការដែលមានការប្រារព្ធធ្វើខួបកំណើតជាហូរហែប៉ុន្មានលើកមកនេះគឺជាការ Surprise របស់ក្រុម Fans គាត់ប៉ុណ្ណោះ មិនមានអ្វីប្រែប្រួល ឬគាត់មានថ្ងៃខួបកំណើត ២ នោះឡើយ»។
ជាក់ស្តែងនោះកាលពីតារាសម្តែងស្រីដែលត្រូវមហាជន ប្រិយមិត្តអ្នកគាំទ្របានប្រសិទ្ធនាមថា «ជារាជិនីក្រមា» បានប្រារព្ធខួបកំណើតវ័យ ២៧ ឆ្នាំនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយកញ្ញាបានប្រែក្លាយទៅជាការបញ្ចុះតម្លៃទំនិញនៃផលិតផលធ្វើពីក្រមារបស់នាងជំនួសទៅនឹងសកម្មភាពមនុស្សធម៌នានាដូចកាលពីឆ្នាំមុនៗ។ ខណៈបើគិតមកដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះតារាសម្តែងស្រីរាងខ្ពស់ ធ្មេញច្រពើស រូបស្រស់ កញ្ញា មាន សូនីតា នាងមានវ័យ ២៩ ឆ្នាំហើយ៕