ភ្នំពេញ៖ តាមពិតទៅ តារាចម្រៀងស្រីដែលមានប្រជាប្រិយគ្រប់ស្រទាប់ ឈរជើងយូរនៅទ្រនំថោន កញ្ញា មាស សុខសោភា បានលេចឮរឿងដូរទ្រនំនោះតាំងពីដើមឆ្នាំមកម្ល៉េះ ខណៈតារាចម្រៀងរូបនេះនៅដំអក់ចាំមើលការពិភាក្សាគ្នាជាមួយផលិតកម្មសិន តែទីបំផុតរឿងនេះនៅតែមកដល់ផ្លូវបំបែកដដែលនៅត្រឹមពាក់កណ្តាលឆ្នាំ ២០២០។
កំពូលតារាចម្រៀងស្រីទ្រនំផលិតកម្មថោន កញ្ញា មាស សុខសោភា ក្រោយពីបានចេញទៅចូលរួមកម្មវិធីប្រគំតន្រ្តីសិល្បៈឈ្មោះ ASEAN FANTASIA 2019 កាលពីចុងឆ្នាំ ២០១៩ នៅទីក្រុង Changwon ប្រទេស កូរ៉េខាងត្បូង នោះ ក៏ផ្ទុះដំណឹងធ្លាក់ចុះប្រជាប្រិយភាព និងបង្កើតភាពភ្ញាក់ផ្អើលពីមហាជន ដោយលេចឮថា ចង់ដូរទ្រនំចាស់ ហើយត្រៀមបើកបេះដូងស្វាគមន៍ការចែចូវពីផលិតកម្មថ្មី។
រលកព័ត៌មានល្បីថា នឹងចេញពីទ្រនំចាស់ទៅរកទ្រនំថ្មី និងភាពស្ងាត់ជ្រងំចេញបទចម្រៀងថ្មីនោះ គឺថាកញ្ញា មាស សុខសោភា បានឲ្យដឹងដោយបើកចំហបេះដូងដែរថា៖ «ជាការពិត មកដល់ពេលនេះ នាងខ្ញុំបានត្រៀមចិត្ត ចរចាជាមួយផលិតកម្មថ្មីនានា ប្រសិនបើខាងគាត់ព្រមពិភាក្សាជាមួយខ្ញុំ នៅលើកិច្ចព្រៀមព្រៀងគឺជាតារាចម្រៀងដែលពុំមាននូវកុងត្រានោះទេ ព្រោះពេលនេះ នាងខ្ញុំហាក់ដូចជាត្រូវបានគេ [ផលិតកម្មថោន] ព្រងើយកន្តើយហើយ»។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី មាស សុខសោភា ក៏បានទម្លាយរឿងក្នុងចិត្តចេញតាមរយៈការបង្ហោះសារក្នុងហ្វេសប៊ុកថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រី ដែលបានមើលថែប្អូនរយៈពេល ៩ ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់បងទាំង ២ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំ នាពេលកន្លងមក។ ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការផលិតបទចម្រៀងពីបណ្តាផលិតកម្ម។ អរគុណដល់បងប្អូនទាំងអស់ គាំទ្រនាងខ្ញុំហើយដរាបណាបងប្អូន នៅតែគាំទ្រ និងស្រឡាញ់នាងខ្ញុំទៀតនោះ នាងខ្ញុំក៏នៅតែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។
ទោះជាយ៉ាងណាគេក៏មិនទាន់ថា ទ្រនំថ្មីរបស់ មាស សុខសោភា មួយណាទេ ខណៈគេឃើញមានតម្រុយ ២ រួចហើយជាគោលដៅអនាគតគឺទ្រនំថ្មីហង្សមាស និងបើកផលិតកម្មខ្លួនឯង Camtrax Music៕