ភ្នំពេញ៖ ក្រោយ​ពី​ប្រិយ​មិត្ត​​គាំទ្រ​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​​ទ្រនំ​ថោន មាស សុខ​សោភា បាត់​មុខ​មួយ​រយៈ​ធំ​ដោយសារ​​​ការ​ឃ្លាតឆ្ងាយ​​​ទៅ​កាន់​ទឹក​ដី​ឯ​នាយ​សមុទ្រ​​​ ​កាណាដា ​ប្រមាណ​​​ ៦ ​​ខែ ​​​​ ដើម្បី​លម្ហែ​កាយ ​​​ជាមួយ​​ម្ចាស់​ចិត្ត​ និង​សម្តែង​សិល្បៈ​ក្រៅ​ស្រុក​​​​ប្រើ​ពេល​យូរ​ហើយ​វិល​ត្រឡប់​មក​​វិញ ក៏​នៅ​តែ​មិន​ទាន់​ឃើញ​ បទ​​​ថ្មី​​បំពេ​អារម្មណ៍​​ទៀត​នោះ ក៏​​ស្រាប់​តែ​លេច​ចេញ​​ដំណឹង​ថា តារា​ស្រី​រូប​នេះ​ហាក់​ធ្លាក់​ចុះ​នូវ​​ប្រជាប្រិយភាព​​​ ហើយ​ទំនង​ជា​​ចង់​​ដូរ​ទ្រនំ​​​​ចាស់​ទៀត​ផង​ដែរ​​។​

គួរ​បញ្ជាក់​ថា កំពូល​​តារា​ចម្រៀង​​ស្រី​​​​ទ្រនំ​​ផលិត​កម្ម​ថោន ​កញ្ញា​ មាស សុខ​សោភា បាន​​​វិល​​​​មក​​ស្រុក​​ខ្មែរ​វិញ​​ មិន​ទាន់​ទាំង​​បាន​ប៉ុន្មាន​ផង​ ​នៅ​​​ចុង​​ខែ​វិច្ឆិកា​​ កន្លង​មក​នេះ​​​ ក៏​បាន​ចេញ​ទៅ​​ចូលរួម​កម្មវិធី​​សិល្បៈ​​ក្រៅ​ប្រទេស​មួយ​​ ​គឺ​ការ​ប្រគំ​​តន្រ្តី​​សិល្បៈ​​ ASEAN ​FANTASIA​ 2019​ ​​​​ធ្វើ​​នៅ​ថ្ងៃទី ​២៤ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​នៅ​ឯ​​​ទីក្រុង​ Changwon ​ដោយ​​​​កម្មវិធី​នេះ​ក៏​មាន​តំណាង​សិល្បករ-សិល្បការិនី​នៃ​ប្រទេស​អាស៊ាន​​នានា​ក្រៅ​​​ពី​កម្ពុជា​​យើង​ដែរ​​ ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម​សិល្បករ-សិល្បការិនី​កូរ៉េ​ជា​ច្រើន ​គឺ​​​​​ជា​ម្ចាស់​ផ្ទះ​​នៅ​​​​​​ប្រទេស ​កូរ៉េ​ខាង​ត្បូង​​។​

ពាក់ព័ន្ធ​នឹង​រលក​​​​ព័ត៌មាន​ប្លែកៗ​នឹង​ដំណឹង​ចេញ​​​ពី​ទ្រនំ​ចាស់​ទៅ​រក​ទ្រនំ​ថ្មី​ និង​ភាព​ស្ងាត់​ជ្រងំ​មិន​មាន​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ផលិតកម្ម​ថោន​ ដែល​កំពុង​តែ​ក្លាយជា​ប្រធាន​បទ​ក្តៅ​របស់​ប្រិយ​មិត្ត​គាំទ្រ​បាន​យក​មក​ជជែក​គ្នា​នោះ​ កញ្ញា​ មាស សុខសោភា ​ក៏​បាន​ប្រាប់ ភ្នុំពេញ ​ប៉ុស្តិ៍ ​​​ថា៖ «​​ជា​ការ​​ពិត​​ទៅ គឺ​នាង​ខ្ញុំ​ក៏​​បាន​​ឃើញ​បងប្អូន​​ដែល​ជា ​fans បាន​នាំ​គ្នា​ជជីក​សួរ​រឿង​របស់​ខ្ញុំ​នៅ​ផលិតកម្ម​ថោន​​ ហើយ​​ខ្ញុំ​ក៏​សុំទោស​ផង​ដែរ ដោយ​​បាន​ធ្វើ​ឲ្យ​បងប្អូន​នៅ​​ទន្ទឹង​​រង់ចាំ​សណ្តាប់​នូវ​បទ​ថ្មី​របស់​ខ្ញុំ​។ ​​ចំពោះ​ការ​មិន​ទាន់​មាន​​បទ​ចម្រៀង​ថ្មី​នោះ ក៏​ដោយសារ​ក្រោយ​ពី​នាង​ខ្ញុំ​វិល​​មក​ពី​ក្រៅ​ប្រទេស​មក​​នោះ នៅ​មិន​ទាន់​បាន​ទៅ​​ជួប​ជាមួយ​​ផលិតកម្ម​នៅ​ឡើយ​ទេ ព្រោះ​តែ​មាន​ការងារ​ជា​ច្រើន​ ដែល​​នាង​ខ្ញុំ​បាន​ជំពាក់​គេ​នា​គ្រា​ដែល​ខ្ញុំ​អវត្តមាន​នៅ​​ស្រុក​ខ្មែរ​ ហើយ​ស្រប​ពេល​នា​រដូវកាល​នេះ​សម្បូរ​​កម្មវិធី​​នៅ​តាម​ខេត្ត​ផង​នោះ ទើប​នាង​​ខ្ញុំ​មិន​ទាន់​​មាន​ពេល​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​​ផលិតកម្ម​​សម្រាប់​​ការ​ចេញ​បទ​ថ្មី​។ តែ​សម្រាប់​នាង​ខ្ញុំ​ផ្ទាល់​ នា​ពេល​​​កន្លង​មក​ ក៏​មិន​ជា​ឧស្សាហ៍​ចេញ​បទ​ចម្រៀង​ច្រើន​ដែរ ដោយសារ​ខ្ញុំ​ជា​តារា​ចម្រៀង​​ ដែល​​ច្រៀង​បទ​​​អូរីជីណល​​ ហើយ​បទ​នេះ​ទៀត​​​សោត​ក៏​កម្រ​ចេញ​ច្រើន​ដែរ​ ទើប​ជា​​​ហេតុ​ផល​មួយ​ ធ្វើ​ឲ្យ​​បងប្អូន​​ហាក់​​ឃើញ​នូវ​ភាព​​រយាល​នៃ​ការ​ចេញ​បទ​​​របស់​ខ្ញុំ»។​

មាស សុខសោភា ក៏​ព្រលយ​​​​ដំណឹង​ដែល​​​លេច​ឮ​ថា អាច​​នឹង​ចេញ​​​ពី​ទ្រនំ​ដែរ​៖ «​​រឿង​នេះ មិន​ទាន់​ជម្រាប​បងប្អូន​​បាន​នៅ​ឡើយ​ទេ​។ តែ​ក្រោយ​ពី​​ពិភាក្សា​គ្នា​ជាមួយ​​ក្រុម​ការងារ​ផ្ទាល់​​​ និង​ផលិតកម្ម​​​រួច​មក​នោះ​ ខ្ញុំ​នឹង​​​​​ប្រាប់​ដំណឹង​នេះ​ឆាប់ៗ​​ដល់​បងប្អូន​មិន​ខាន»៕​​