ភ្នំពេញ៖ ថ្មីៗនេះ បង្កើតភាពភ្ញាក់ផ្អើលទាំងមហាជនគាំទ្រ និងសង្គមអ្នកសិល្បៈ ខណៈស្រាប់តែឃើញ កំពូលតារាចម្រៀងស្រីនៅទ្រនំថោនកញ្ញា មាស សុខសោភា បណ្តើរម្ចាស់ចិត្តនៅទីអារាមមួយនៅប្រទេស ថៃ ហើយថតរូបពាក់ម៉ាស់ ពណ៌ស្បង់ចីវរ (ពណ៌ទឹកក្រូច) មានចារយ័ន្ត ដែលនាងទំនងជាមានជំនឿងថា អាចការពារជំងឺកូវីដ ១៩ បាន ក៏បង្ហោះរូបនៅតាមបណ្តាញសង្គមអ៊ីនស្តាក្រាម។
រំពេចនោះ ក៏ឃើញតារាចម្រៀងមាស សុខសោភា បង្ហោះសារខ្លីប្រាប់ពីដំណឹងគូស្នេហ៍ខ្លួនដែលមានជំងឺនោះថា៖ «ជូនអ្នកជំងឺមកស្រូបយកខ្យល់អាកាស សូមឲ្យបងមានសុខភាពប្រសើរឡើង!» និងក្រោយមកក៏មានសារវែងមួយទៀតថា៖ «សម័យកូវីដគ្មានអ្វីក្រៅពីយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មកបិទបាំងជាប់ខ្លួនយើងទេ ព្រោះជីវិតមនុស្សយើងមានតែ ៣ ថ្ងៃតែប៉ុណ្ណោះ (ម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែក)។ ម្សិលមិញ យើងបានប្រើវាអស់ហើយ ហើយយើងកំពុងប្រើពេលវេលា សម្រាប់ថ្ងៃនេះ តែយើងមិនប្រាកដថា ថ្ងៃស្អែកយើងនឹងអាចប្រើពេលវេលានេះបានទៀត ឬយ៉ាងណាទេ។ សូមបងប្អូនទាំងអស់គ្នាបន្តការពាក់ម៉ាស់ និងលាងដៃគ្រប់ពេលវេលា សុំថែរក្សាសុខភាព ដើម្បីខ្លួនឯង និងមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនយើងផងដែរ ជូនពរសុខភាពល្អ និងមានសំណាងល្អគ្រប់ៗគ្នា»។
ឃើញដូច្នេះ អ្នកគាំទ្រក៏បានចូលទៅចុច Like យ៉ាងច្រើន និង Comment សួរនាំភ្លាមៗដែរថា៖ «តើគាត់ឈឺអីដែរបង? តើការពាក់ម៉ាស់មានយ័ន្តដូច្នេះអាចការពារកូវីដ ១៩ បានមែនឬ? ហើយ បងកំពុងតែនៅវត្តឯណាហ្នឹងបង?»។
កញ្ញា មាស សុខ សោភា ក៏មិនបញ្ជាក់ ថា ម្ចាស់ចិត្តនាងមានជំងឺអ្វីឡើយប៉ុន្ដែនាងបាននាំលោក អ៊ឹត រ៉ាដា ដែលនាងបញ្ជាក់ ថា កំពុងឈឺបាននាំទៅសមាធិ និងស្រូបយកខ្យល់អាកាសនៅវត្តមួយនៅថៃហើយ នាងហាក់មានជំនឿចិត្តយ៉ាងខ្លាំងទៅលើអបិយជំនឿតែម្ដងព្រោះបានពាក់ម៉ាស់ ចារយ័ន្ត ដើម្បីការពារជំងឺកូវីដ ១៩ នោះក៏ធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងលាន់មាត់ទៀតថា៖ «ចារយ័ន្តប៉ុណ្ណឹងហើយតើឲ្យកូវីដ ១៩ ឯណាមកហ៊ានចូលជិតទៅ?»។
ភ្នំពេញ ប៉ុស្តិ៍ ក៏មិនទទួលបានការបកស្រាយលម្អិតពីដំណឹងជូនគូស្នេហ៍ជាអាណិកជនខ្មែរ-កាណដា ដែលបានបង្កើតសម្ព័ន្ធភាពជាង ១០ ឆ្នាំ ទៅលំហែក្រៅស្រុករបស់តារាចម្រៀងស្រីចាស់វស្សាជ្រកទ្រនំថោនកញ្ញា មាស សុខសោភា នោះទេ ដោយសារប្រព័ន្ធទូរស័ព្ទរបស់នាងតេចូលច្រើនលើកតែគ្មានអ្នកលើក។ ខណៈកញ្ញា មាស សុខសោភា គ្រាន់តែបានផ្ញើសារតបវិញថា៖ «អរគុណគ្រប់យ៉ាងសម្រាប់ ការស្រឡាញ់ បារម្ភដល់យើងទាំងអស់គ្នា ចែកបុណ្យដល់មនុស្សរួមលោកទាំងអស់! ភា ពិតជាបានបុណ្យច្រើនៗ សូមជូនពរឲ្យ ភា និងក្រុមគ្រួសារជួបតែសំណាងល្អ និងចៀសផុតរឿងមិនល្អទាំងឡាយ!»៕