ភ្នំពេញៈ តារាចម្រៀង​ស្រីសំឡេង​ផ្អែម​ពីរោះ​រណ្តំ​កញ្ញា មាស សុខ​សោភា បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រិយមិត្ត​ជា​អ្នក​គាំទ្រ និង​មហាជន​ទូទៅ តាមរយៈ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​មួយ ដែល​បាន​ទៅ​ថត​នៅ​ច្រើន​ប្រទេស​លើ​ទឹក​ដី​អឺរ៉ុប ជា​ពិសេស​នោះ​មាន​ការ​ចូលរួម​សម្តែង​ពី​គូស្នេហ៍​ជាង ១០ ឆ្នាំ លោក អ៊ឹង រ៉ាដា ដែល​ជា​អាណិក​ជន​ខ្មែរ​នៅ​កាណាដា​ទៀត​ផង។

តារាចម្រៀង​ស្រី​ឈរ​នៅ​ជួរមុខ​គេ​នៃ​ផលិតកម្ម​ថោ​ន ដែល​ល្បី​សុសសាយ​តាម​សំនៀង​ដ៏​គ្រលួច ស្តាប់​មិន​ជិន​ណាយ ក៏បាន​ផលិត​ចម្រៀង​ខ្លួន​ឯង​ជាច្រើន​បទ​បន្ត​បន្ទាប់ និង​បាន​ចំណាយ​ដើម​ទុន​ម៉ឺន​ដុល្លារ​ជួល​ក្រុម​ថត​ដោយ​ខ្លួន​ឯង និង​បង្ហោះ​ក្នុង​បណ្តាញ​យូធូប​ផង​ដែរ។

នា​ចុងឆ្នាំ ២០១៨ នេះ តារាចម្រៀង​ស្រី​ចាស់វស្សា​នៅ​ទ្រនំ​ថោ​នក​ញ្ញា មាស សុខ​សោភា ទើប​តែ​ចេញ​បទ​ថ្មី​គឺ​បទ «Everywhere together» ដែល​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​អ្នក​លេង​បណ្តាញ​យូធូប​មិន​តិច​នោះ​ឡើយ ព្រោះ​តែ​មាន​ទិដ្ឋភាព​ថត​នៅ​ក្នុង​វីដេអូ​ទាំង​ស្រុង​គឺ​មិន​មែន​នៅ​ក្នុង​ប្រទេស​ខ្មែរ​នោះ​ឡើយ។

តារាចម្រៀង​ស្រី​ជើងចាស់ តែ​កេរ្តិ៍ឈ្មោះ​នៅតែ​បន្ត​ភាពល្បីល្បាញ​មិន​ចាញ់​តារា​ថ្មីៗ មាស សុខ​សោភា បាន​ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ដែរ​ថា៖ «ចំពោះ​បទ Everywhere together នេះ​គឺ​បង​បាន​ទៅ​ថត​នៅ​ឯ​ប្រទេស​ក្រិក ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​បារាំង»។

ទាក់ទង​ទៅនឹង​ការចំណាយ​ទៅលើ​ការផលិត​បទ​ចម្រៀង​នេះ កញ្ញា មាស សុខ​សោភា ក៏​សុំ​មិន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ចំណាយ​ពិត​នោះ​ទេ ដោយ​នាង​គ្រាន់​តែ​និយាយ​ថា៖ «បង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ទាំង ៣ ប្រទេស​ផង និង​ជួល​ជាង​ថត​នៅ​ស្រុក​គេ​ទាំង​អស់ រួម​ទាំង​លើ​ការ​ដើរ​លេង​ផង​មិន​បាន​ផ្តោត​តែ​លើ​ការ​ថត​តែ​ម្យ៉ាង​នោះ​ទេ។ តែ​វា​ក៏​មិន​ចំណាយ​អស់​តិច​នោះ​ដែរ»។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​រូបនេះ នឹក​ទៅ​ថត​បទ «Everywhere together» ដែល​មាន​ការ​ចូលរួម​សម្តែង​ពី​គូស្នេហ៍​ស្និទ្ធ​តាម​ស្អិត​ជាង ១០ ឆ្នាំ លោក អ៊ឹង រ៉ាដា បាន​បញ្ជាក់​ថា៖ «កាល​ដែល​បង​ថត​បទ​នេះ ក៏​ព្រោះ​តែ​ចង់​ជូន​ជា​កាដូ​មួយ​ទៅ​ដល់​អ្នក​គាំទ្រ​បង​ទាំង​អស់ ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ សម្រាប់​ជា​ចំណង​ដៃ និង​តប​ស្នង​ដែល​ប្រិយមិត្ត​ទាំង​អស់​តែង​តែ​បាន​គាំទ្រ​បង​រហូត​មក​នោះ»។

តាមរយៈ​បទ​នេះដែរ ធ្វើ​ឲ្យ​មាន​ប្រិយមិត្ត​ទាំងអស់​បានគិត​ថា ៖ «ប្រហែលជា​នឹង​មាន​ដំណឹង​ល្អ​សម្រាប់​គូ​ស្នេហ៍​ជាង ១០ ឆ្នាំ​ដែរ​ថា ពួកគាត់​ជិត​ចូល​រោង​ជ័យ​ឆ្នាំ​ថ្មី​នេះ ឬ​ក៏​ឆាប់ៗ​នេះ​ក៏​អាច​ថា​បាន ព្រោះ​ថា ចំណង​ស្នេហ៍ រវាង​តារា​ស្រី​ល្បី​ឈ្មោះ មាស សុខ​សោភា និង អាណិកជន​ខ្មែរ-កាណាដា នោះ​បាន​សាង​ស្ពាន​មេត្រី​យូរ​ដែរ​ហើយ!»។

តារា​ស្រី​សំឡេង​ស្រទន់​រូបនេះ ក៏​នៅតែ​បដិសេធ ហើយក៏​បានបញ្ជាក់​ផង​ដែរ​ទាក់​ទង​ទៅ​នឹង​រឿង​នេះ​ផ្ទាល់​ទៀត​ថា៖ «គឺ​មិន​ទាន់​នឹង​មាន​គម្រោង​អី​ទេ សុំ​លាក់​សិន ព្រោះ​ថា បើ​ប្រាប់​មុន​វា​មិន​មាន​ភាព​ភ្ញាក់​ផ្អើល​អ្វី​ទេ ចាំ​ដល់​ពេល ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​គ្រប់​គ្នា​បាន​ដឹង​តែ​ម្ដង​ដោយ​មិន​បាច់​សួរ​នាំ​ទៀត​នោះ​ទេ»៕