The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាស សុខសោភា និង ដួង វីរៈសិដ្ឋ សម្រេច​ទៅ​ជុំគ្នា​នៅ​ផលិតកម្ម​ថ្មី​រាម




មាស សុខសោភា និង ដួង វីរៈសិដ្ឋ សម្រេច​ទៅ​ជុំគ្នា​នៅ​ផលិតកម្ម​ថ្មី​រាម

Content image - Phnom Penh Post
មាស សុខសោភា​ នាថ្ងៃប្រកាស​វត្តមាន​ក្នុង​ផលិត​​​កម្ម​​ថ្មី​រាម កាលពី​ថ្ងៃទី​ ១៩​ ខែកុម្ភៈ។ តារា​ចម្រៀង​ប្រុស​លោក ដួង វីរៈសិដ្ឋ នា​ថ្ងៃ​បង្ហាញ​​ខ្លួន​នៅ​ផលិត​កម្ម​ថ្មី​រាម​។ រូប ហ្វេសប៊ុក​

មាស សុខសោភា និង ដួង វីរៈសិដ្ឋ សម្រេច​ទៅ​ជុំគ្នា​នៅ​ផលិតកម្ម​ថ្មី​រាម

ភ្នំពេញ៖ កាល​ពី​រាត្រី​ប្រកាស​បង្ហាញ​វត្តមាន​ផ្លូវ​ការ​នៅ​ក្នុង​ផលិតកម្ម​ថ្មី​រាម របស់​តារា​ចម្រៀង​ស្រី ដែល​មាន​ទឹក​ដម​សំនៀង​ដ៏​ពីរោះ​ជា​ទី​ពេញ​និយម​នៃ​ប្រិយមិត្ត​អ្នក​ស្តាប់​របស់​កញ្ញា មាស សុខសោភា នោះ មហាជន​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែរ​ចំពោះ​ការ​លេច​វត្តមាន​របស់​តារា​ចម្រៀង​ប្រុស អតីត​ច្រៀង​នៅ​ផលិតកម្ម​ហង្សមាស គឺ​លោក ដួង វីរៈសិដ្ឋ។

នា​រាត្រី​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​មក​នេះ ផលិតកម្ម​រាម បាន​ប្រកាស​បើក​សម្ពោធ​ផលិតកម្ម​ជា​ផ្លូវ​ការ​សម្រាប់​ជា​ដំណឹង​ដល់​មហាជន​ឱ្យ​បាន​ស្គាល់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​អតីត​តារា​ចម្រៀង​ស្រី​នៅ​ផលិត​ថោន កញ្ញា មាស សុខសោភា បង្ហាញ​វត្តមាន​ពេញ​សិទ្ធិ​នៅ​ទ្រនំ​ផលិតកម្ម​ថ្មី​រាម​ផង​ដែរ។ តែ​អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៅ​ទៀត​នោះ ស្រាប់​តែ​មាន​វត្តមាន​របស់​តារា​ចម្រៀង​ប្រុស​ជា​ម្ចាស់​ពាន I Am a Singer Cambodia រដូវ​កាល​ទី១ លោក ដួង វីរៈសិដ្ឋ ក៏​មក​ចូល​ជា​សមាជិក​នៃ​ផលិតកម្ម​ថ្មី​រាម នេះ​ដែរ។

ជា​ចំណង​ដៃ​ដើម្បី​ស្វាគមន៍ និង​ផ្ញើ​ក្តី​នឹក​រឭក​ដល់​ប្រិយមិត្ត​បន្ទាប់​ពី​បាត់​មុខ​នៅ​ផលិតកម្ម​ចាស់​ថោន អស់​រយៈពេល ១ ឆ្នាំ​នោះ ខណៈ​បង្ហាញ​ខ្លួន​នៅ​ទ្រនំ​ថ្មី​កញ្ញា មាស សុខសោភា បាន​បក​ស្រាយ​បទ​ចម្រៀង​បែប​រឿង​ខ្លី​ដំបូង​មាន​ចំណងជើង​ថា «ត្រឡប់» ដោយ​មាន​អត្ថន័យ ហាក់​ស្រប​ទៅ​នឹង​កាលៈទេសៈ​នៃ​វត្តមាន​ត្រឡប់​មក​បំពេអារម្មណ៍​មហាជន​សា​ឡើង​វិញ​នោះ ហើយ​លោក ដួង វីរៈសិដ្ឋ ជា​តារា​ចម្រៀង​លំដាប់​កំពូល​ទី២ សម្រាប់​ផលិតកម្ម​រាម បន្ទាប់​ពី មាស សុខសោភា។

តារា​ចម្រៀង​ស្រី​មាន​សំឡេង​ក្រអួនក្រអៅ មាស សុខសោភា ត្រូវ​បាន​ទ្រនំ​ថ្មី ចាត់​ទុក​ថា ​ជា​តារា​ចម្រៀង​មាន​សំឡេង​ពី​ធម្មជាតិ​ពិតៗ ព្រម​ទាំង​បាន​បំពាក់​មកុដ ជា​សក្ខី​បញ្ជាក់​ឱ្យ​​ឃើញ​កាន់​តែ​ច្បាស់ នៅ​ក្នុង​ថ្ងៃ​ទទួល​ស្វាគមន៍​តារាចម្រៀង​រូប​នេះ​ដោយ អ្នកស្រី នួន ស៊ុន្ទរី អគ្គនាយិកា​ផលិតកម្ម «រាម» ក៏​បាន​បំពាក់​មកុដ ជូន​ដល់​តារា​ចម្រៀង មាស សុខសោភា ព្រម​ទាំង​បាន​ដាក់​ឈ្មោះ​តារា​ចម្រៀង​ស្រី​រូប​នេះ​ថា «រាជិនី​សំឡេង​ធម្មជាតិ» ថែម​ទៀត​ផង ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ រំភើប​ចិត្ត​ខ្លាំង​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​ជាប់ ចំណែក​លោក ដួង វីរៈសិដ្ឋ ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម​រាម។

ជា​ការ​ពិត​តារា​ចម្រៀង​ស្រី មាស សុខសោភា នាពេល​កន្លង​មក​នោះ ក៏​ត្រូវ​មហាជន និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មាន​សំឡេង​ធម្មជាតិ​ពិតមែន ​មិន​ថា​ខ្លួន​បក​ស្រាយ​បទ​ចម្រៀង​ជា​ភាសា​បរទេស និង​ចម្រៀង​ជាតិ​នោះ​ទេ សុទ្ធ​តែ​បានល្អ​ទាំង​អស់។ បើ​តាម​ការ​បង្ហើប​ថ្ងៃ​សម្ពោធ​ផលិតកម្ម​រាម​នោះ​កញ្ញា មាស សុខសោភា គឺ​ជា​​តារា​ចម្រៀង​ចុះ​កុងត្រា​រយៈពេល ១ ឆ្នាំ ដែល​ខុស​ពី​មុន​កញ្ញា ​គឺ​ជា​តារា​ចម្រៀង​ឯករាជ្យ​មិន​ចុះ​កុងត្រា​នោះឡើយ។

ដោយឡែក​លោក ដួង វីរៈសិដ្ឋ តារា​ចម្រៀង​ប្រុស​សំឡេង​ស្រទន់​ពីរោះ ដែល​ជ្រកកោន​នៅ​ផលិតកម្ម​ហង្សមាស​យូរ​ក្រែល​ដែរ​នោះ ទំនង​ជា​លោក​បាន​ផុត​កុងត្រា​ហើយ ទើប​បាន​សម្រេច​ចិត្ត​មក​ជ្រកកោន​នៅ​ផលិតកម្ម​ថ្មី​រាម​លើក​នេះ៕

អត្ថបទគួរចាប់អារម្មណ៍