ភ្នំពេញៈ ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​អំពី​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​ ២០១៩ ដើម្បី​កាន់តែ​យល់ដឹង​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​ ៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​កោះពេជ្រ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ AHF Cambodia ដោយ​អម​ជាមួយ​តារាចម្រៀង​ស្រី​ល្បី​ប្រចាំ​ប្រទេស​អ្នកនាង មាស សុខសោភា​។

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​បាន​រៀបចំ​យុទ្ធនាការ «​តែងតែ​ទាន់សម័យ​» នៅ​ថ្ងៃ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ជា​ថ្ងៃ​ស្រប​ជាមួយ​នឹង​ទិវា​ក្តី​ស្រលាញ់​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រមូលផ្តុំ​មនុស្ស​ឲ្យ​មក​ជួបជុំ​គ្នា​ពី​ក្រុម​យុវវ័យ​រាប់ពាន់នាក់​មក​ស្តាប់​ការអប់រំ និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ព្រម​ទាំង​មាន​ការប្រគំ​តន្ត្រី​មាន​វត្តមាន​តារា​កិត្តិយស​ អ្នកនាង មាស សុខសោភា ជា​តំណាង​ផ្សព្វផ្សាយ​ចែក​ស្រោម​អនាម័យ​ក្រោម​ពាក្យស្លោក​ «​សុវត្ថិភាព គឺ​សិចស៊ី​!» ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​សុវត្ថិភាព​ក្នុងការ​រួមភេទ​។

តារាចម្រៀង​ស្រី​សំឡេង​ផ្អែម​ល្បី​ ២ ​ទសវត្សរ៍​អ្នកនាង មាស សុខសោភា បាន​រៀបរាប់​ពី​គោលបំណង​របស់​អង្គការ AHF Cambodia ដែល​បាន​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ថា​៖ «​គោលដៅ​អង្គការ​គឺ​ចង់​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ដល់​ដៃគូ​ដែល​មនុស្ស​គ្រប់រូប​តែងតែ​មាន​គូ ព្រោះ​ជា​លក្ខខណ្ឌ​របស់​ធម្មជាតិ​ដែល​បាន​បង្កើត​ឡើង ហើយ​តែង​មាន​ការរួមភេទ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​បើ​សិន​ជា​មិនទាន់​ទុកចិត្ត​ដៃគូ​ដែល​មិន​ទាន់​បាន​ពិនិត្យ​ឈាម​រួចហើយ ឬ​ក៏​ពិនិត្យ​រួចហើយ​តែ​អាច​ថា​គាត់​ទៅ​មាន​នៅ​ខាងក្រៅ​ទៀត ដែល​មិន​ដឹង​ថា​​ដៃគូ​យើង​ហ្នឹង​មាន​ផ្ទុក​មេរោគ​អេដស៍​ឬ​អត់​?»​។

អ្នកនាង មាស សុខសោភា មាន​ការគាំទ្រ​មិន​ចេះ​រីងស្ងួត​ក៏​បាន​បន្ត​ទៀត​ថា​៖ «​ពាក្យ​ថា​ស្រោមអនាម័យ បើ​យើង​ស្តាប់​ទៅ​វា​រៀង​ពិបាក​ស្តាប់​បន្តិច​មែន ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​ដល់​ទៅ​វា​បាន​ជួយ​ការពារ​អាយុជីវិត​យើង​ពី​ជំងឺអេដស៍ អ្នក​ខ្លះ​គាត់​បាន​ដឹងខ្លួន ឬ​ក៏​មិនដឹង​ខ្លួន​ថា បាន​កើត​ជំងឺ​នេះ​គាត់​អាច​ប្រើ​បាន​ដើម្បី​ចៀស​ពី​ជំងឺ​នៅពេល​ដែល​គាត់​ចង់​រួមភេទ​ជាមួយ​ដៃគូ​របស់​គាត់ ហើយ​ស្រោមអនាម័យ​ក៏​អាច​ជួយ​ពន្យារកំណើត​ផង​ដែរ​នៅពេល​ដែល​យើង​មិន​ទាន់​ចង់​មាន​កូន ហើយ​អង្គការ​ក៏​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​យើង​យល់​កាន់តែ​ច្បាស់​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ក្នុង​ការរួមភេទ ដើម្បី​ការពារ​សុវត្ថិភាព​យើង​ពី​ជំងឺអេដស៍​»​។

តារាស្រី​វ័យ ៣៥ ឆ្នាំ​មាន​សម្រស់​កាន់តែ​ស្អាត​មិន​ជ្រេ​តាម​វ័យ​ប្រចាំ​នៅ​ផលិតកម្ម​ថោន​អ្នកនាង មាស សុខសោភា ក៏​បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ជា​តារា​កិត្តិយស​តែ​ ១ ​រូប​គត់​ក្នុង​ការប្រគំ​តន្ត្រី​ធំ​លំដាប់​ប្រទេស​ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ក៏​មាន​ការសប្បាយ​ចិត្ត ដែល​បាន​ចែករំលែក​ការយល់ដឹង​ពី​សុវត្ថិភាព​ផ្លូវភេទ​ទៅ​ដល់​បងប្អូន​ប្រជាជន​ឲ្យ​យល់ដឹង​ពី​ការប្រើប្រាស់​ស្រោម​អនាម័យ​កាន់តែ​ច្រើន​តាមរយៈ​ការប្រគំ​តន្ត្រី​នេះ​។

តារាចម្រៀង​សំនៀង​ផ្អែម អ្នកនាង មាស សុខសោភា ក៏​បាន​សំណូមពរ​ដល់​អង្គការ​ទៀត​ថា​៖ «​ចុងក្រោយ បង​គ្រាន់​តែ​ចង់​សុំ​ឲ្យ​អង្គការ​នៅតែ​បន្តសកម្មភាព​នេះ​ទៀត ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​យើង និង​សុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​គ្រប់​ខេត្ត​ក្រុង​មិនមែន​តែ​នៅ​ក្នុង​ភ្នំពេញ​ជាពិសេស​នៅ​តាម​ជនបទ ព្រោះ​ថា​ភាគច្រើន​គាត់​មិន​ទាន់​មាន​ការយល់​ច្បាស់​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​»៕