ភ្នំពេញ: ដំណឹងថា អ្នកចម្រៀងសំនៀងស្រទន់នាង មាស សុខសោភា ចេញពីផលិតកម្មថោន បានបង្កការភ្ញាក់ផ្អើលដល់ការគាំទ្រយ៉ាងខ្លាំង ខណៈពួកគេបារម្ភពីការផ្សងប្រជាប្រិយភាពជាមួយតន្ត្រី Camtrax ដ៏ក្មេងខ្ចីរបស់នាយក្ដឹប ដែលទើបនឹងបើកនោះ។
ទទួលស្គាល់ពីបងប្រុស និងជាអ្នកនាំពាក្យតារាស្រីរូបនេះ លោក មាស សុខរតនៈ បញ្ជាក់ថា៖ «ប្អូនស្រីខ្ញុំ សោភា ពិតជាទៅច្រៀងឲ្យតន្ត្រី Camtrax របស់នាយក្ដឹប មែន»។
នៅក្នុងគេហទំព័រផ្លូវការរបស់តន្ត្រី Camtrax បានសរសេរថា៖ «តន្ត្រី Camtrax មានមោទនៈបង្ហាញអាល់ប៊ុមខ្នាតតូចទោលលើកដំបូងរបស់ឌីជេក្ដឹបនេះ។ អាល់ប៊ុមនេះនឹងមានតែ ៦ បទគត់សរសេរដោយឌីជេក្លឹបទាំងអស់ ដោយមានតារាចម្រៀង មាស សុខសោភា និង ឡោម លក្ខិណា ដើម្បីផលិតចម្រៀងថ្មី និងសំឡេងថ្មីផ្តល់ឲ្យអ្នកស្តាប់ មួយដែលជាស្នាដៃដើមទាំងអស់របស់ខ្មែរពិតៗ»។
ប៉ុន្តែដំណឹងដែលថា នាងយកសំនៀងដ៏ស្រទន់ បង្ហើរនៅទ្រនំថ្មីនេះមិនអាចសុំការបកស្រាយបញ្ជាក់ពីតារាចម្រៀង មាស សុខសោភា បានទេ។ ប៉ុន្តែបងប្រុសរបស់នាងទទួលស្គាល់ថា ប្អូនស្រីរបស់លោកទៅច្រៀងឲ្យផលិតកម្ម ឌីជេក្ដឹប មែន តែមិនមែនចេញពីផលិតកម្មថោនទេ។
លោក មាស សុខរតនៈ បានពន្យល់ថា៖ «ផលិតកម្មនោះគ្រាន់តែផលិតកម្មតូចមួយ។ ពួកគេរួមគ្នា ឌីជេ ក្ដឹប និង ភា បង្កើតបទចម្រៀង និង Promote បទដែលជាស្នាដៃនិពន្ធថ្មី មិនចម្លងពីបរទេសហ្នឹង មិនមានអី ភា ចេញពីផលិតកម្មថោនដូចគេថា នោះទេ»។
អ្នកនាំពាក្យរូបនេះបានប្រាប់ទៀតថា៖ «ប្រហែលជាអ្នកឃើញ ភា មានចេញបទចម្រៀងនៅ តន្ត្រី Camtrax នោះ ស្មានថានាងចេញពីថោន ការពិតមិនមែនទេ ហើយកាលដែលនាងច្រៀងនោះ ក៏គ្មានប៉ះពាល់ដល់ថោនដែរ»។
ដូចគ្នានោះ ឌីជេ ក្ដឹប ក៏បានទទួលស្គាល់ថា មាស សុខសោភា ពិតជាច្រៀងនៅ តន្ត្រី Camtrax របស់លោកមែន។
លោកប្រាប់ថា៖ «នាងមិនមែនឈប់ ឬចេញពីថោនទេ។ ពួកយើងគ្រាន់តែមកចាប់ដៃគ្នា ផលិតបទចម្រៀងថ្មី មិនចម្លងគេ ហើយពេលនេះក៏ទើបបានចេញវ៉ុលដំបូងហ្នឹង»។
ឌីជេ ក្ដឹប បញ្ជាក់ថា៖ «មាស សុខសោភា ចូលច្រៀង តន្ត្រី Camtrax បានមួយឆ្នាំហើយ។ ពួកយើងបានធ្វើចម្រៀងថ្មី ឲ្យ មាស សុខសោភា ច្រៀងបាន ៦ បទហើយ។ បទចម្រៀងទាំងនោះបញ្ចូលក្នុង យូធូប មិនប្រកួតប្រជែងផលិតកម្មក្នុងស្រុកណាមួយទេ»៕