ភ្នំពេញ៖ ក្រៅ​ពី​មាន​ទឹក​ចិត្ត​ល្អ​ ចេញ​ទៅ​ជួយ​លើក​​​ទឹក​ចិត្ត​​សហគមន៍​​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​សមាជិក​​​គ្រួសារ​ឆ្លង​ជំងឺ​កូរ៉ូណា ឬ​កូវីដ ១៩ កន្លង​​មក​ថ្មីៗ​នោះ តារា​ចម្រៀង​ស្រី​ល្បី​ និង​ឈរ​ជើង​​​​ទ្រនំ​​​ថោន​បាន​​យូរ​កញ្ញា​​ មាស សុខសោភា ​មាន​​ទឹក​ចិត្ត​ប្រពៃ មិន​បាន​គិត​ប្រកាន់​ជាតិ​សាសន៍​​ដទៃ​ ក៏​បាន​​​ផ្ញើសារ​លើក​ទឹក​ចិត្ត​តារា​សម្តែង​​ស្រី​ថៃ​ឈ្មោះ លីឌីយ៉ា ដែល​ឆ្លង​កូវីដ ​១៩ ពី​​ស្វាមី​ ​ក្រោយ​ពី​​​​​ធ្វើ​តេស្ត​​​រក​មេរោគ​នោះ​មក​។​

តាមរយៈ​សារ​​តារា​សម្តែង​ស្រី​ថៃ​ឈ្មោះ​ លីឌីយ៉ា (Lydia)​ ដែល​​បង្ហើរ​តាម​បណ្តាញ​​​សង្គម​​​អ៊ីនស្តាក្រាម​ នា​ពេល​ថ្មីៗ​នោះ ដែល​ប្រែ​សម្រួល​ជា​ខ្មែរ​ថា៖ «កូវីដ! យើង​ត្រូវ​តែ​រស់! ការ​ព្យាយាម​ពង្រឹង​ខ្លួន​​យើង ​ពេល​ខ្លះ​វា​ពិបាក​។ ​ពេល​​​ស្រែក​​ចេញ​វា​មាន​​អារម្មណ៍​​ល្អ​ប្រសើរ​​ជាង​មុន។ ​គ្រាន់​តែ​យល់​ថា​​ ការ​យំ​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្បើយ។ ការ​យំ​វា​ពិត​ជា​ធ្វើ​ឲ្យ​​ខ្ញុំ​ស្ងប់​ចិត្ត»។

នេះ គឺ​​ជា​សារ​ចុង​ក្រោយ​​​ដែល​​​​នាង​​ Lydia បាន​​បង្ហោះ​​​​ក្រោយ​ពី​នាង​បាន​​​ធ្វើ​តេស្ត​​ឃើញ​ឆ្លង​វីរុស​កូវីដ ​១៩ ពី​ស្វាមី​របស់​នាង ​Matthew ​ហើយ​​ពួក​គេ​ត្រូវ​បែក​​ពី​កូនៗ និង​ក៏​ត្រូវ​បាន​​ដាក់​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​នោះ​។​

បន្ទាប់​ពី​បាន​​ឃើញ​នូវ​សារ​នោះ និង​​ដឹង​ពី​អារម្មណ៍​ទុក្ខ​លំបាក​របស់​នាង​​ Lydia តាម​​​រយៈ​សារ​​​នេះ​​ក៏​​​​​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ និង​មិត្ត​សិល្បៈ​ជា​ច្រើន នាំ​​​គ្នា​ចូល​ Comment​ ​​លើក​​​ទឹក​ចិត្ត​ដល់​តារា​ស្រី​ខាង​​​លើ​​ ក្នុង​នោះ​គេ​ក៏​​ឃើញ​មាន​​តារា​ចម្រៀង​ស្រី​ខ្មែរ​ចំនួន ​២ រូប​ដែរ គឺ​តារា​ចម្រៀង​ស្រី​ល្បី​​​​ឈ្មោះ​នៅ​​ថោន​​កញ្ញា​ មាស​ សុខសោភា និង​អតីត​ចម្រៀង​ ស្រី​នៅ​​ផលិត​កម្ម​ភ្លេង​រីខត​​​កញ្ញា ​សុខ ​ចិន្តា ហៅ​ វ៉ាន់​ នីឡា។

យ៉ាង​ណា​​​តារា​ចម្រៀង​ស្រី​ថោន កញ្ញា មាស សុខ​សោភា និង​តារា​ស​ស្រី​​ថៃ​នាង​ លីឌីយ៉ា ​មាន​ទំនាក់​​ទំនង​​​គ្នា​កម្រិត ឬ​ហេតុផល​អ្វី​បាន​តារា​ខ្មែរ​ ២ ​​រូប​​​ បាន​ផ្ញើសារ​​​លើក​ទឹក​​ចិត្ត​ដល់​​តារា​ថៃ​នោះ ក៏​មិន​ត្រូវ​បាន​បក​​ស្រាយ​លម្អិត​នោះ​ឡើយ​ ដោយសារ​តែ​ប្រព័ន្ធ​​ទូរស័ព្ទ​​ ​មាស សុខ​សោភា បាន​​តេ​ចូល​តែ​​​គ្មាន​អ្នក​លើក​។ ​

ការ​​ពិត​ទៅ​​ នេះ​គឺ​ជា​រឿង​​មួយ​​គួរ​ឲ្យ​សរសើរ​ ដែល​​​អ្នក​សិល្បៈ​មិន​​បាន​ប្រកាន់​ថា ជាតិ​​សាសន៍​ណា​ ឬ​ប្រទេស​ណា​ក្រោយ​ពី​បាន​ឃើញ​ថា​ នាង​​ Lydia បង្ហាញ​ក្ដី​ទុក្ខ​សោក​ដូច្នេះ ទោះ​​បី​ជា​មិន​មាន​អ្វី​ច្រើន តែ​តារា​ចម្រៀង​ខ្មែរ​នៅ​លើ​ទ្រនំ​ថោន​កញ្ញា​​ មាស សុខ​សោ​ភា ​ក៏​បាន​​ចូល​​សរសេរ​​​លើក​ទឹក​​ចិត្ត​​ថា​៖​ ​«ស៊ូ ស៊ូ!»​ ចំណែក​​ឯ​កញ្ញា វ៉ាន់​ នីឡា វិញ​បាន​សរសេរ​ថា៖​ «យើង​​កំពុង​​រង់ចាំ​ អ្នក​ទាំង ២ ​​​នឹង​ត្រឡប់​មក​វិញ»៕​