ភ្នំពេញ៖ ខណៈ​ការ​ឃ្លាត​ឆ្ងាយ​ពី​ប្រិយ​មិត្ត​ទៅ​កាន់​ទឹក​ដី​ឯ​នាយ​សមុទ្រ​​​ប្រទេស ​កាណាដា ​អស់​រយៈពេល​ប្រមាណ​​​ ៦ ​ខែ​​​​ ដើម្បី​លម្ហែ​កាយ ​​​ជា​​មួយ​​ម្ចាស់​ចិត្ត​ និង​សម្តែង​សិល្បៈ​ក្រៅ​ស្រុក​​រយៈពេល​យូរ​នោះ​ កំពូល​​តារា​ចម្រៀង​​ស្រី​​​​ទ្រនំ​​ផលិតកម្ម​ថោន ​កញ្ញា​ មាស សុខ​សោភា បាន​​​វិល​​​មក​​ស្រុក​​ខ្មែរ​វិញ​​ មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​ ​នៅ​​ចុង​​ខែ​វិច្ឆិកា​​នេះ នឹង​ត្រូវ​ចេញ​ទៅ​​ចូលរួម​កម្មវិធី​​សិល្បៈ​ ក្រៅ​ប្រទេស​មួយ​ទៀត​​ ​គឺ​ការ​ប្រគំ​តន្រ្តី​នៅ​​​​​ប្រទេស ​កូរ៉េ​។​

ពិត​ជា​មោទនភាព​សម្រាប់​អ្នក​សិល្បៈ​ខ្មែរ​ ដោយ​​តារា​ចម្រៀង​ដ៏​ល្បី​កញ្ញា មាស សុខសោភា នឹង​​ត្រូវ​ក្លាយ​ជា​​តំណាង​កម្ពុជា​ សម្រាប់​ការ​ចូល​រួម​​សម្តែង​ នៅ​ក្នុង​ព្រឹត្តិការណ៍សិល្បៈ​ធំ​មួយ​​​ឈ្មោះ​ ​«​ASEAN ​FANTASIA​ 2019» នឹង​ប្រារព្ធ​​​ធ្វើ​នៅ​ថ្ងៃទី ​២៤ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​នៅ​ឯ​​​ទីក្រុង​ Changwon ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ដោយ​​​​កម្មវិធី​នេះ ឃើញ​ថា​​មាន​តំណាង​សិល្បករ-សិល្បការិនី​នៃ​ប្រទេស​អាស៊ាន​នានា​មួយ​ចំនួន​ទៀត​ផង​ដែរ ក្រៅ​​​ពី​កម្ពុជា​​យើង​ ដែល​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​សិល្បករ-សិល្បការិនី​កូរ៉េ​ល្បី​ជា​ច្រើន​​​​ជា​ម្ចាស់​ផ្ទះ​​។​

ហើយ​ជា​អាទិ៍​​នោះ ​ក្រុម​សិល្បករ-សិល្បការិនី​ជា​ម្ចាស់​​ផ្ទះ​នោះ​រួម​មាន​ដូច​ជា​​​តារា​ចម្រៀង​ប្រុស​ K-Pop ដ៏​​ល្បី​រួម​មាន​ដូចជា​លោក​ PSY គឺ​ជា​ម្ចាស់​បទ​ល្បី​ «​Gang​namstyle» ​បទ «Gentleman» បទ​ «Hang Over» ពី​សំណាក់​តារា​ចម្រៀង​​​ស្រី​កូរ៉េ​ល្បីៗ​មាន​កញ្ញា​ BOA កញ្ញា Sandara Park ក្រុម​​ចម្រៀង​ប្រុស​​ NCT127 ជា​ដើម និង​ក្រុម​តារា​​​ប្រុស-​ស្រី​មក​ពី​ប្រទេស​​​អាស៊ាន​ចំនួន ​៥ ផង​ដែរ រួម​មាន​​​ប្រទេស ​កម្ពុជា ​​ថៃ ឥណ្ឌូនេស៊ី ​វៀតណាម​ និង​​មីយ៉ាន់ម៉ា។

ចំពោះ​ហេតុផល​អ្វី​បាន​ជា​ឃើញ​​វត្តមាន​តែ​​កញ្ញា​ មាស សុខសោភា ​ និង​​​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ដំណឹង​ចេញ​​​ពី​ស្រុក​ខ្មែរ​ពេល​ណា​ ហើយ​ការ​​សម្តែង​ប៉ុន្មាន​​ថ្ងៃ​នោះ មិន​ត្រូវ​បាន​បក​ស្រាយ​​លម្អិត​ពី​កញ្ញា មាស​ សុខសោភា ឡើយ​ដោយសារ​​ប្រព័ន្ធ​ទូរស័ព្ទ​តេ​ចូល តែ​គ្មាន​អ្នក​លើក​ទទួល​ ខណៈ​លោក មាស សុខ​រតនៈ ក៏​បង្ហើប​ថា គាត់​​កំពុង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស ​ថៃ ​​​ហើយ​នាពេល​នេះ​។​

ហើយ​​លោក មាស សុខ​រតនៈ គឺ​​ជា​​​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោន និង​ជា​បង​ប្រុស​បង្កើត​​​​របស់​​​កញ្ញា មាស សុខសោភា ក៏​មិន​បាន​​​ដឹង​រឿង​នេះ​ដែរ ដោយ​លោក​គ្រាន់​តែ​​បាន​ប្រាប់​ថា៖ «ខ្ញុំ​សុំ​ទោស​ផង! ​ចំពោះ​​​​បញ្ហា​នេះ ខ្ញុំ​ក៏​អត់​បាន​ដឹង​ដែរ ព្រោះ​ថា​ខ្ញុំ​បាន​​​ប្រគល់​កិច្ច​ការ​នេះ​ឲ្យ​​​គាត់ [សោភា] ធ្វើ​ការ​​​ទំនាក់​ទំនង​​ដោយ​​ខ្លួន​​ឯង​តែ​ប៉ុណ្ណោះ​​ ជា​មួយ​​កម្មវិធី​»។

ចំណែក​​ឯ​កម្មវិធី​ប្រគំ​តន្ត្រី «​ASEAN ​FANTASIA ​2019​ នេះ នឹង​​ប្រារព្ធ​ធ្វើ​ឡើង​​ ​ដើម្បី​លើក​កម្ពស់​នៃ​​ទំនាក់​ទំនង​រវាង​កូរ៉េ​​ខាង​ត្បូង និង​​បណ្តា​​ប្រទេស​នានា​នៃ​តំបន់​អាស៊ាន ហើយ​​​អ្វី​​ដែល​កាន់​តែ​ពិសេស​នោះ​ គឺ​ក្រុម​សិល្បករ​កូរ៉េ ​និង​ក្រុម​​សិល្បករ​​ នៃ​​តំបន់​អាស៊ាន ​នឹង​អាច​​ទទួល​​​បាន​នូវ​អ្វី​ជា​បទពិសោធ​ថ្មី​ជាមួយ​គ្នា​ និង​ធ្វើ​ការ​​សម្តែង​​រួម​គ្នា​ទៀត​​ផង​សម្រាប់​វិស័យ​សិល្បៈ​វប្បធម៌​ ​ក៏​ដូចជា​ទំនាក់​ទំនង​រវាង​ប្រទេស​ និង​ប្រទេស​៕​