ក្រុងតូក្យូ: ម្ដាយលោក អាគីហ៊ីតុ ខុនដុ មិនព្រមយកធៀបអញ្ជើញចូលរួមមង្គលការកូនប្រុសក្នុងក្រុងតូក្យូនាខែនេះ តែគាត់ធ្វើនេះមិនចម្លែកទេ ព្រោះវាជាអាពាហ៍ពិពាហ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលកូនប្រុសគាត់បែរជាទៅរៀបការជាមួយតុក្កតា។
បុរសវ័យ ៣៥ ឆ្នាំ ដែលកូនក្រមុំរបស់ខ្លួនជាតារាចម្រៀងកុំព្យូទ័រ 3D ឈ្មោះ ហាស៊ូណេ មីគុ បាននិយាយយ៉ាងសុភាពថា៖ «មិនជាអ្វីធំដុំទេ ដែលម្ដាយខ្ញុំមិនមកចូលរួម»។
គ្មានសាច់ញាតិណាម្នាក់របស់លោក ខុនដុ ចូលរួមថ្ងៃមង្គលរបស់លោកជាមួយ មីគុ ជាតុក្កតារំលេចរូបរាងវ័យ ១៦ ឆ្នាំ ដែលមានកែវភ្នែកធំៗ និងសក់ពណ៌ទឹកសមុទ្រ។ លោកហ៊ានចំណាយប្រាក់ ២ លានយ៉េន (១៧៦០០ ដុល្លារ) រៀបចំពិធីមង្គលការនៅសាលក្រុងតូក្យូ។
ភ្ញៀវប្រមាណ ៤០ នាក់បានឈរមើលលោករៀបចំពិធីរៀបការជាមួយតុក្កតាទំហំប៉ុនសត្វឆ្មា មីគុ។ លោកបាននិយាយថា៖ «ខ្ញុំមិនក្បត់ចិត្ដគាត់ឡើយ ហើយខ្ញុំតែងតែស្រឡាញ់ មីគុ ជានិច្ច។ ខ្ញុំគិតពីនាងរាល់ថ្ងៃ»។
យុវជនជប៉ុនរូបនេះចាត់ទុកខ្លួនជាបុរសមានប្រពន្ធដូចគេឯងដែរ ដោយនាងតុក្កតាអាចដាស់ខ្លួនពីដំណេករៀងរាល់ព្រឹក និងជូនខ្លួនទៅធ្វើការ ជាបុគ្គលិករដ្ឋបាលសាលា។ នៅពេលល្ងាច នាងបើកភ្លើងរង់ចាំ។ ក្រោយមក នាងតុក្កតាបានតឿនលោកថា ដល់ពេលចូលគេងហើយ។
លោកគេងជាមួយខ្នើយតុក្កតារូបប្រពន្ធតារាចម្រៀង ក្រោយពីបានរៀបការជាមួយគ្នារួច បំពាក់ចិញ្ចៀនឲ្យនាងនៅកដៃខាងឆ្វេង។
ក្រុមហ៊ុន Gatebox ដែលផលិតតុក្កតា មីគុ នេះបានចេញ «សំបុត្រអាពាហ៍ពិពាហ៍» ជាង ៣៧០០ ច្បាប់ដល់មង្គលការឆ្លងអម្បូរមនុស្សជាមួយនឹងតុក្កតាបែប 3D។
ក្នុងចំណោមនោះលោក ខុនដូ បាននិយាយថា៖ «ច្បាស់ជាមិនសូវមានអ្នកហ៊ានចេញមុខសារភាពថា ពួកគេរៀបការនឹងតុក្កតាទេ តែខ្ញុំជឿថាយើងត្រូវតែចាត់ទុកវាជាសេចក្ដីស្នេហា និងសុភមង្គលផងដែរ»៕