ភ្នំពេញ៖​ ខណៈ​​ការ​ចាក់​ខ្សែ​ភាពយន្ត​​នៅ​​តាម​រោងកុន​នានា​ អាច​ក្លាយ​ជា​សកម្មភាព​នៃ​ការ​ប្រមូល​​ផ្តុំ​មួយ​នៃ​ក្រុម​មនុស្ស​​ ហើយ​ជា​រូបភាព​មួយ​​​ងាយ​​​​ឆ្លង​មេរោគ​កូរ៉ូណា ឬ​កូវីដ​ ១៩ ​និង​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​​បាន​​​ចេញ​សេចក្តី​ជូន​​ដំណឹង​មិន​​ឲ្យ​​មាន​លេច​ចេញ​ជា​រូបភាព​​​ប្រមូល​គ្នា​បែប​​នោះ ទើប​​ខាង​ផលិតកម្ម​នានា ​ត្រូវ​​ពន្យារពេល​ ឬ​រង់ចាំ​រហូត​​​មាន​​​ភាព​ប្រក្រតី​ឡើង​វិញ​ តែ​​សម្រាប់​អ្នក​​​ញៀន​​​កុន​នោះ​គឺ​ថា​​ ពិត​ជា​មិន​អាច​ចាំ​បាន​​ឡើយ​នូវ​ចំណី​អារម្មណ៍​មួយ​​នេះ។

ឈប់​​បារម្ភ​ទៀត​ ទោះបី​ជា​គ្មាន​ការ​ចាក់​បញ្ចាំង​​ភាពយន្ត​តាម​​រោង​កុន​​ក្តី​ ក៏​ប្រិយមិត្ត​អាច​ទស្សនា​ខ្សែ​​ភាពយន្ត​​​ខ្មែរ​ថ្មីៗ​ ​គឺ​ជា​​​​​វណ្ណកម្ម​របស់​ផលិតកម្ម​កំពុង​តែ​ឈាន​មុខ​នៅ​​​ក្នុង​ការ​ផលិត​​ភាពយន្ត​បង្កប់​ន័យ​​​អប់រំ​ល្អៗ​​​ គ្រប់​រសជាតិ​​នៃ​ផលិតកម្ម​ Sastra ​Film​​ នៅ​ក្នុង​ឱកាស​​​​បុណ្យ​​ប្រពៃណី​ខ្មែរ និង​ស្រប​​ពេល​​​សម្រាក​នៅ​ក្នុង​​ផ្ទះ​​ ដើម្បី​ចៀស​វាង​​ឆ្លង​មេរោគ​កូរ៉ូណា ​ឬ​កូវីដ ​១៩​ ​បាន​​ដែរ ផលិត​កម្ម​មាន​កុន​ដុំ និង​​​​កុន​​ភាគ​​ជាង​ ៥០ រឿង ដែល​អាច​ឲ្យ​ចូល​​ទស្សនា​តាម​អនឡាញ​បាន​។​ ​

ជាក់​ស្តែង​នា​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ខ្មែរ​ និង​ប្រារព្ធ​ ៥ ​ឆ្នាំ​​​ ​បង្កើត​​​​ផលិតកម្ម​ Sastra ​Film ​​ក្នុង​​​​ឆ្នាំ ​២០២០ ​នេះ​ ទើប​​មាន​សារ​ចេញ​ពី​គេហទំព័រ​ផ្លូវ​ការ​​​ខ្លួន​ថា​៖ «​សួស្តី​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ អ្នក​ទាំង​អស់​គ្នា​ក៏​អាច​​​ចូល​ទស្សនា​កម្សាន្ត​នៅ​តាម​​ផ្ទះ​​នូវ​ខ្សែ​រឿង​ជីវិត​ល្បីៗ អប់រំ​ល្អៗ របស់ Sastra Film​ នៅ​ក្នុង channel Youtube នា​​ឱកាស​ប្រារព្ធ​ចូល​​​​ឆ្នាំ​ថ្មី​​តាម​ប្រពៃណី​ជាតិ​ខ្មែរ តែ​គ្មាន​ការ​​ជួប​​ជុំ​នៅ​ខាង​ក្រៅ​»។​

បើ​តាម​​លោកស្រី​ ប៊ុន ចាន់និមល ជា​ចាងហ្វាង​ផលិតកម្ម​ Sastra Film​ ​បាន​បញ្ជាក់​​បន្ថែម​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​​​ថា៖ «នា​ឱកាស​​​​នេះ យើង​មាន​​កុន​​ដុំ ដែល​មាន​ពេល​ប្រមាណ​ជាង​ ១​ ម៉ោង​ចប់​នោះ ៥០ រឿង ហើយ​កុន​ភាគ​ ៤ រឿង​ផង​ដែរ​ សម្រាប់​ឲ្យ​​ទស្សនិកជន​ដែល​និយម​​​​ទស្សនា​នូវ​វណ្ណកម្ម​ភាពយន្ត​របស់​ផលិតកម្ម​យើង​បាន​តាម​​អនឡាញ ដោយ​គ្រាន់​តែ​ចូល​​តាម channel Youtube ​​តែ​​​ប៉ុណ្ណោះ ​គឺ​អាច​ចូល​ទស្សនា​​​តាម​ចំណូល​ចិត្ត​របស់​លោក​​​អ្នក​​បាន​​​​ហើយ​»។ ​

ផលិត​កម្ម​ Sastra Film​ មាន​កុនដុំ និង​​ភាគ​ជាង​ ៥០ រឿង​​​ ដែល​អាចទស្សនាតាមអនឡាញ​។ ហ្វេសប៊ុក​

គួរ​​បញ្ជាក់​ផង​ដែរ​ ផលិតកម្ម​ ​ Sastra ​​Film ​ត្រូវ​បាន​មហាជន​​ទទួល​ស្គាល់​ពី​គុណភាព​​នៃ​​​ការ​ផលិត​កុន​​ផ្នែក​​​អប់រំ​ ដែល​​​​​មាន​ផលិត​កុន​​ទាំង​​កុន​ដុំ​ និង​កុន​ភាគ​​ ​ខណៈ​​ពេល​​បច្ចុប្បន្ន​​ផលិតកម្ម​​ផលិត​បាន​​​​សរុប​ជាង​ ​៥០ រឿង ​​​ក្នុង​​​​រយៈពេល​ជាង​ ១ ​ឆ្នាំ​​។​

ដើម្បី​ទស្សនា​ខ្សែ​ភាពយន្ត​នានា​របស់​ផលិតកម្ម​ Sastra ​​Film ​តាម​អនឡាញ​នោះ គ្រាន់​តែ​ចុច​តាម​​​តំណ​នៃ​​​ខ្សែ​​ភាពយន្ត​​​​នានា​ដែល​មាន​រឿង​ល្បីៗ​ជាអាទិ៍​​​ដូចជា​ខ្សែ​ភាពយន្ត​​រឿង​​ជីវិត​ទី ១ មាន​ចំណង​ជើង​ថា​ ​«នាង​​​សំណាង» ខ្សែ​ភាពយន្ត​រឿង​​​ជីវិត​ទី២ មាន​ចំណង​ជើង​ថា​ «​ម៉ែ​​ស្អាត»​ ខ្សែ​ភាពយន្ត​​​​រឿង​ជីវិត​ទី៣ មាន​ចំណង​ជើង​ថា​ ​​«​​មនុស្ស​​ហ្សឺរ៉ូ»​ និង​​​ភាពយន្ត​​​​​រឿង​ជីវិត ទី៤ ដែល​មាន​ចំណង​​ជើង​ថា ​«​ស្អប់​អ្នក​ផ្ទះ»​ ហើយ​ចុច​តាម​ link ​ឈ្មោះ​ថា https://www.youtube.com/playlist​....​អាច​ទស្សនា​បាន៕​