The Phnom Penh Post Search

Search form

មុនដំបូង​ខ្មែរក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ មហាជន​សំណូមពរ​ឲ្យ​បញ្ចាំង​នៅ​ទូទាំង​ប្រទេស

Content image - Phnom Penh Post
​តារា​ហូលីវូដ និង​ជាផលិតករ​ អេនជេលីណា ជោលី និង​ក្រុម​ការងារ​ខ្មែរ​។ រូប សហការី

មុនដំបូង​ខ្មែរក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ មហាជន​សំណូមពរ​ឲ្យ​បញ្ចាំង​នៅ​ទូទាំង​ប្រទេស

ភ្នំពេញ: វេលាចាក់​បញ្ចាំង​លើ​ផ្ទាំង​សំពត់ស​រំកិល​កាន់តែ​ខើចពី​ទស្សនីយភាព​ភាពយន្ត​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​ប្រជាជន​កម្ពុជា ផលិត​ឡើង​ដោយ​តារា​ភាពយន្ត​ហូលីវូដ អេនជេលីណា ជោលី រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ព្រមនឹង​ការបញ្ចេញ Feature Video ថ្មីបន្ថែម​កាន់តែ​ទាក់ទាញ។ នៅក្នុង​បណ្តាញ​សង្គម​អ្នកបង្ហាញ​អារម្មណ៍​អន្ទះសា​ចង់​ទស្សនា បាន​សំណូមពរ​ឲ្យ​ភាពយន្ត​ស្ដែងពី​តថភាព​សង្គម​ខ្មែរ​កាលពី​អតីតកាល​មួយនេះ ចាក់​បញ្ចាំង​ឲ្យ​ទូលំទូលាយ​ជាងការ​ផ្សព្វផ្សាយ។

នៅក្នុង​គណនី​ហ្វេសប៊ុក First They Killed My Father បង្ហាញជា​សាធារណៈ​ដោយ​ពាក្យពេចន៍​ដ៏សមគួរ​ថា «មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​ថា ខ្សែ​ភាពយន្ត​រឿង (មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ) នឹងធ្វើ​ការចាក់​បញ្ចាំង​លើកដំបូង​នៅប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ស្អែក​នេះ។ រឿងនេះ​នឹងធ្វើ​ការចាក់​បញ្ចាំង​ជូន​ទស្សនា​ជាបន្ត​បន្ទាប់ នៅតាម​បណ្ដាខេត្ត​ក្នុងប្រទេស​កម្ពុជា»។

ហ្វេសប៊ុក​ដដែល​បង្ហាញថា៖ «ភាពយន្ត​ខ្មែរ​ដែលទាញ​ចេញពី​របប​ខ្មែរក្រហម និង​ដឹកនាំ​ដោយ​តារា​លំដាប់​ពិភពលោក ជោលី បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរបាន​ទស្សនា​ចុងសប្ដាហ៍​នេះ នៅលើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប។ បន្ទាប់​ពីនោះ​វានឹង​បន្តមក​បញ្ចាំង​នៅភ្នំពេញ និងខេត្ត​បាត់ដំបង​ថែមទៀត»។

Content image - Phnom Penh Post
អេនជេលីណា ជោលី ផ្ដល់​បទសម្ភាស​ពីភាពយន្ដថ្មី​។ រូប សហការី

ប៉ុន្តែ​យ៉ាងណា អារម្មណ៍​អន្ទះសា​ពីសំណាក់​មហាជន​ខ្មែរ​ដែលចង់​ទស្សនា​ភាពយន្ត​នេះ ត្រូវបាន​សម្គាល់​ឃើញ​នៅក្នុង​បណ្តាញ​សង្គម ក្រោយ​ចេញ Feature Video ថ្មី​រយៈពេល​មួយ​នាទី កាន់តែ​ទាក់ទាញ​ធៀប​នឹង Trailer ចាស់ ដែល​បានចេញ​ផ្សាយពី ១ ខែមុន។ ខណៈ​តារា​ភាពយន្ត​ខ្មែរល្បីៗ​ដែល​សម្តែង​ក្នុង​ភាពយន្តនេះ​អះអាងថា៖ «គោលការណ៍​ផលិតកម្ម គេ កាន់តែ​បង្ហាញ​ឲ្យមាន​ភាព​ទាក់ទាញ​ព្រោះវា​ជាពេលវេលា​ចាក់​បញ្ចាំង​កាន់តែ​ជិតដល់»។

ទោះជា​យ៉ាងណា ការ​អន្ទះសា និង​សំណូមពរ​ឲ្យភាពយន្ត​ខ្មែរក្រោម​ស្នាដៃ​ផលិតករ​ហូលីវូដ​នេះ ចាក់​បញ្ចាំងឲ្យ​បាន​ពេញផ្ទៃ​ប្រទេស​នៅលើ ២៥ ខេត្ត-ក្រុង និង​រាជធានី​នោះ ហាក់មិន​ឆ្លើយតប​ទេ។ ក្រុម​ការងារ​នៃ​ការផលិត​រឿងនេះ លោក ច័ន្ទ ដារ៉ា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ខ្លីថា៖ «ប្រហែលជា​មិនអាច​ឆ្លើយតប​តាម​សំណូមពរ​នេះទេ ពីព្រោះ​គោលការណ៍​យើងចាក់​បញ្ចាំង​នៅ​ខេត្ត​រាជធានី​ធំជា​គោលដៅ»។

រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ជា​ភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លឿង គឺជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ អ្នកស្រី​បាន​រួចផុតជីវិត​ពីរបប​ខ្មែរក្រហម​ពីឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។ សាច់​រឿងនេះ​ត្រូវបាន​រៀបរាប់​តាមរយៈ​ការមើលឃើញ​របស់​អ្នកស្រី​តាំងពី អាយុ ៥ ឆ្នាំ នៅពេល​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​រហូតដល់​គាត់​អាយុ ៩ ឆ្នាំ៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។