ភ្នំពេញៈ ក្រោយពីស្ងប់ស្ងាត់រឿងបណ្តឹងទារប្រាក់សំណងជាង ១០ ម៉ឺនដុល្លារ ពីបុរសដែលជាអតីតគូដណ្តឹងឆ្លងទ្វីបលោក អ៊ឹង សូឡា ជាង ១ ឆ្នាំមកនោះក៏ស្រាប់តែថ្មីៗនេះ គេឃើញតារាសម្តែងស្រីល្បីថាជាតួសម្រក់ទឹកភ្នែកកញ្ញា នី មុនីនាថ ប្រកាសកៀរគរអ្នកសិល្បៈ និងសប្បុរសជនចូលរួមសហការនាំយកអំណោយទៅជួយដល់សិស្សានុសិស្សជាកុមារគថ្លង់ នៅឯសាលារៀនមួយនាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។
ជារឿយៗតាមទម្លាប់ ឬតាមកត់សម្គាល់នោះសម្រាប់ក្រុមសិល្បករ-សិល្បការិនី តែងតែប្រែក្លាយសកម្មភាពសប្បុរសធម៌នានាក្នុងសង្គមនាឱកាសចំថ្ងៃប្រារព្ធពិធីខួបកំណើតរបស់ខ្លួន ឬធ្វើដើម្បីគោលបំណងអ្វីផ្សេងទៀតសម្រាប់ជាអត្ថន័យសំខាន់របស់ពួកគេតែម្តង។
ប៉ុន្តែសម្រាប់តារាសម្តែងស្រីដែលទើបតែបានផ្ទុះនូវការងឿងឆ្ងល់ពីភាពប្រែប្រួលនៃរូបសម្ផស្សរបស់នាង ក្រោយពីថតកុនភាគរឿង «មុខកាំបិតមុខស្នេហ៍» ចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍បាយ័ននាពេលថ្មីៗនេះវិញមិនបានធ្វើចម្លងតាមអ្នកសិល្បៈដូចខាងលើនោះឡើយ។
កញ្ញា នី មុនីនាថ បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «អូ! អត់បានធ្វើនៅក្នុងឱកាសខួបកំណើត ឬអត្ថន័យអ្វីនោះឡើយគឺគ្រាន់តែការធ្វើឡើងនៅក្នុងភាពចៃដន្យជាមួយអ្នកស្គាល់ និងបានចូលរួមជាមួយគាត់កាលពីឆ្នាំមុនប៉ុណ្ណោះ។ ឆ្នាំមុននាងខ្ញុំបាននាំយកសម្ភារសិក្សាមានសៀវភៅ ប៊ិក ខ្មៅដៃ និងថវិកាផ្ទាល់តាមលទ្ធភាព និងការចូលរួមពីមិត្តអ្នកសិល្បៈ និងក្រុមសប្បុរសជននានាយកអំណោយទៅជូនប្អូនៗជាកុមារដែលមានភាពពិការគ-ថ្លង់ កំពុងរៀននៅសាលារៀនមួយដែលបច្ចុប្បន្នគេបានដូរឈ្មោះថា «សាលាបង្រៀនអប់រំពិសេស» ខណៈពីមុនគឺមានឈ្មោះសាលាបង្រៀនកុមារគ-ថ្លង់នោះចំថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០១៨»។
កញ្ញា នី មុនីនាថ បន្តថា៖ «ឆ្នាំនេះនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ នាងខ្ញុំនឹងនាំយកអំណោយជាសម្ភារសិក្សាដែរ តែជាក្រដាសរ៉ាមតាមតម្រូវការរបស់សាលាវិញរួមទាំងមានកញ្ចប់ថវិកាផ្ទាល់ខ្លះ និងក៏សុំប្រកាសទៅដល់បងប្អូនសប្បុរសជនក៏ដូចជាក្រុមមិត្តអ្នកសិល្បៈផងដែរចូលរួមទាំងអស់គ្នាជាមួយនឹងនាងខ្ញុំ ប្រសិនបើមានការចាប់អារម្មណ៍»។
បើតាមស្តាប់សម្តីព្រលយឲ្យដឹងជាមុននោះគឺថាតារាសម្តែងស្រីកញ្ញា នី មុនីនាថ ក៏មានគម្រោងការធំមួយជាមួយនឹងលោក តាន់ គឹមសួរ ដែលល្បីខាងបង្កើតសកម្មភាពសង្គមជាច្រើនកន្លងមកជាមួយក្រុមអ្នកសិល្បៈនារយៈពេលប្រមាណ ២-៣ ខែខាងមុខទៀតគឺសកម្មភាពនាំគ្នាដាំដើមឈើ ចំនួន ១ ម៉ឺនដើមនៅប្រទេសកម្ពុជាទូទាំង ២៥ ខេត្ត-ក្រុង៕