រតនគិរី: ទាំងចម្លាក់តាមប្រាង្គប្រាសាទ និងរឿងព្រេងនិទាន ដំរីគឺជាសត្វមួយដ៏សំខាន់នៃវប្បធម៌ ប្រពៃណី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ប៉ុន្តែវត្តមាននៃសត្វមាឌធំប្រមោយវែងនេះកំពុងតែប្រឈមការបាត់បង់នៅកម្ពុជាស្របពេលដែលចំនួនដំរីទូទាំងពិភពលោកក៏កាន់តែធ្លាក់ចុះព្រោះតែការប្រមាញ់សម្លាប់ និងការកាប់បំផ្លាញព្រៃឈើ។
ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ក្នុងខេត្តភាគឦសានប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) ត្រូវបានបង្កើតកាលពី ៤ ឆ្នាំមុនដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយសត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។
ប្រធានមូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា អ្នកស្រី ខៃ ចិន្តា (Chenda Clais) រំពឹងថាមូលនិធិនេះនឹងរួមចំណែកអភិរក្សព្រៃឈើជាជម្រកសត្វព្រៃក៏ដូចជាធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី។
បញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រភាសាបារាំងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រធានមូលនិធិវ័យ ៤៦ ឆ្នាំរូបនេះបានប្រើប្រាស់បទពិសោធពីការបម្រើការងារនៅអង្គការអាជីពក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងកសិកម្ម។ អ្នកស្រីបានប្រើប្រាស់វិធីសាស្ត្រអភិរក្សសត្វដំរីដោយផ្សារភ្ជាប់ទំនាក់ទំនងមនុស្ស និងដំរីចិញ្ចឹម។
អ្នកស្រីក៏បានលើកហេតុផលថា៖ «នៅពេលដែលយើងស្វែងរកមធ្យោបាយជួយដំរីព្រៃ ជាពិសេសនៅប្រទេសកម្ពុជាដែលប្រឈមនឹងការបាត់បង់ជម្រកព្រៃក៏ដូចជាការសម្លាប់សត្វនោះ យើងយល់ថាសកម្មភាពទេសចរណ៍ប្រកបដោយការទទួលខុសត្រូវអាចជាមធ្យោបាយតែមួយគត់ដែលអាចរួមចំណែកផ្ដល់និរន្តរភាពដល់សត្វដំរីបន្តរស់រានមានជីវិត។
ស្ថិតនៅចម្ងាយតែពីរបីគីឡូម៉ែត្រពីក្រុងបានឡុង តំបន់អភិរក្សដំរីអៃរាវត្តា គឺជាជំរំសត្វដំរីដែលផ្ដល់ឱកាសដល់ភ្ញៀវទេសចរបានជួបសត្វប្រមោយវែង និងហ្មរបស់វាជាជនជាតិភាគតិច។ នៅមានសកម្មភាពអេកូទេសចរណ៍ដទៃទៀត ដូចជា ជិះដំរី ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ជាមួយសត្វដំរី ផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិ។
ស្ថិតលើព្រៃសហគមន៍ទំហំ ៣០០ ហិកតាក្នុងភូមិកាទៀង អៃរាវត្តា ជាជម្រកធម្មជាតិនៃដំរីចិញ្ចឹម និងបន្ថែមដោយផ្ទៃដីកសិកម្ម ៦០ ហិកតា។
អ្នកស្រី ចិន្តា ដែលបានឈ្នះពានរង្វាន់ស្ត្រីសហគ្រិនឆ្នើមប្រចាំតំបន់អាស៊ានឆ្នាំ ២០១៨ បានពន្យល់ថា៖ «ផ្ទៃដីធំទាំងពីរនេះនឹងអំណោយផលដល់សត្វដំរីក្នុងការស្វែងរកចំណីនៅក្នុងព្រៃដោយពួកវាជាសត្វដែលដើររកស៊ី ១៧ ម៉ោងក្នុង ១ ថ្ងៃ ចំណែកឯ ៧ ម៉ោងទៀតវាត្រូវចូលមកជំរំវិញ។ នៅជំរំសត្វដំរីនឹងត្រូវបានឲ្យចំណីជាផ្លែឈើដាំតាមរដូវកាលបន្ថែមពីលើរបបអាហារពួកវានៅក្នុងព្រៃ»។
អ្នកស្រីបានបន្ថែមថា៖ «យើងតែងតែស្វែងរកវិធីសាស្ត្រមើលថែដំរីតាមប្រពៃណីខ្មែរ និងចំណេះដឹងថ្មីៗពីវិទ្យាសាស្ត្រ។ ដំរីជាសត្វដែលត្រូវការជម្រកព្រៃធំក្នុងការរស់នៅ រកចំណី និងប្រាស្រ័យទាក់ទងជាមួយគ្នាវា។ ប្រសិនបើជម្រកវាតូចពេក ពួកវានឹងស៊ីចំណីអស់ហើយរុក្ខជាតិព្រៃនឹងលូតលាស់មិនទាន់ទេ»។
ដូច្នេះអ្នកស្រី ចិន្តា បាននិយាយថា៖ «ជារៀងរាល់ដើមរដូវវស្សា យើងត្រូវតែដាំដើមឈើនៅតំបន់ខ្លះដែលរងការបាត់បង់»។
មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា ក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អភិរក្សសត្វដំរីនៅភូមា ឥណ្ឌា ស្រីលង្កា ថៃ ឡាវ និងអ្នកជំនាញពីស៊ុយអែត Dan Koehl។
បច្ចុប្បន្ន មូលនិធិ ទទួលបានការគាំទ្រពីព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះរាជបរិច្ចាគ ២ ម៉ឺនដុល្លារពីសម្ដេច សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
បន្ថែមដោយការគាំទ្រពីបណ្ដាក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនធំៗ អ្នកស្រី ចិន្តា ក៏បានបង្ហើបថា៖ «យើងកំពុងតែបង្កើតកម្មវិធីពិសេសមានឈ្មោះថា គម្រោងសហបីបាច់សត្វដំរី។ អ្នកចូលរួមគម្រោងនេះអាចបរិច្ចាគ ១៥០ ដុល្លារក្នុងមួយឆ្នាំ ហើយពួកគេនឹងក្លាយជាសមាជិកមូលនិធិ ហើយក៏អាចរីករាយនឹងសកម្មភាពកម្សាន្តជាមួយសត្វដំរីយើងពេញ ១ ថ្ងៃផងដែរ»៕