ក្រុងញូវយ៉ក៖ ចាប់ពីជ្រលងពិសិដ្ឋ (Sacred Valley) នៃតំបន់ Incas ដែលរងការគំរាមកំហែងដោយគម្រោងអាកាសយានដ្ឋានថ្មី រហូតដល់ទីឋានសក្ការៈ យាហ្ស៊ីឌី ក្នុងប្រទេស អ៊ីរ៉ាក់ ដោយអង្គការមូលនិធិមួយបានព្រមានកាលពីថ្ងៃអង្គារថា ទីឋាន ២៥ កន្លែង ស្ថិតក្នុងស្ថានភាពត្រូវការកិច្ចការពារបន្ទាន់។
សម្អាងលើតារាងឃ្លាំមើលសម្រាប់ឆ្នាំ ២០២០ មូលនិធិវិមានពិភពលោក WMF បានលាតត្រដាងទីតាំងជាច្រើនក្នុង ២១ ប្រទេស រួមទាំង កោះខាងកើតនៃប្រទេស ស៊ីលី ដែលសម្បូរចម្លាក់ថ្មល្បីៗបង្កើតឡើងដោយជនជាតិដើមភាគតិច។
WMF បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា តំបន់ទាំងនោះកំពុងប្រឈមការគំរាមកំហែងខ្លាំងដូចជា ការអភិវឌ្ឍនគរូបនីយកម្ម វិបត្ដិនយោបាយ គ្រោះមហន្ដរាយធម្មជាតិ និងជម្លោះបំផ្លិចបំផ្លាញ។
ហានិភ័យនេះក៏សំដៅលើព្រះវិហារ Notre-Dame ក្រុងប៉ារីស ដែលរងការបំផ្លាញដោយអគ្គិភ័យនាឆ្នាំនេះ។
អង្គការក្រៅរដ្ឋាភិបាលមួយនេះបានបន្ដថា ជ្រលងពិសិដ្ឋរបស់ប្រទេស ប៉េរូ ក្បែរបន្ទាយស្រែ Machu Picchu ស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយសារគម្រោងកសាងអាកាសយានដ្ឋានថ្មី និងការសាងឡើងវិញទីសក្ការៈរងការបំផ្លាញក្នុងប្រទេស អ៊ីរ៉ាក់ ដែលរំឭកគុណដល់សហគមន៍ជនជាតិដើមភាគតិចយ៉ាហ្ស៊ីឌី។
WMF ក៏បានលើកឡើងពីវិមានជាតិត្រចៀកខ្លាឃ្មុំ ក្នុងរដ្ឋអ៊ូតា ជាទីឋានពិសិដ្ឋរបស់ជនជាតិដើមភាគតិចអាមេរិកខាងជើង និងទីក្រុង Portau-Prince ប្រទេស ហៃទី។
មូលនិធិស្ថិតនៅទីក្រុងញូវយ៉កនេះបានធ្វើការជាមួយដៃគូជាច្រើន ដើម្បីជួយអភិរក្សទីឋានបុរាណ និងវប្បធម៌ជុំវិញពិភពលោក។ WMF ដែលគាំទ្រចម្បងពី American Express បានឲ្យដឹងថា ទឹកប្រាក់បរិច្ចាគ ១១០ លានដុល្លារ ត្រូវបានជួយអភិរក្សទីឋានបុរាណជាង ៨០០ កន្លែង តាំងពីឆ្នាំ ១៩៩៦៕ AFP/HR