ភ្នំពេញ៖ តារាចម្រៀង​រ៉េប​រាង​ខ្ពស់ស្រឡះ​ ងួន ចាន់ដេវីដ បាន​ធ្វើឱ្យ​អ្នកគាំទ្រជាច្រើន​​​រូតរះ​ទាញយក​វីដេអូ​ចម្រៀង​​ពី​ឆានែល​យូធូប​របស់លោក​ ដោយ​សារ​តែ​លោក​បាន​ប្រកាស​ថា លោក​នឹង​បិទ​ឆានែល​នេះ​ជា​ផ្លូវការ​នៅថ្ងៃទី ១ ខែ​ឧសភា​នេះ។

ភ្ជាប់នឹង​រូបថត​ពី​ឆាលែន​យូធូប Dit Way ដែល​មាន​ចំនួន ​ Subscribers ជាង ៧២៤ ពាន់​នាក់ និង​មាន​គំនូស​ត្រា​​ «បិទ» ពី​លើ​រូបភាព​នោះ តារា​ចម្រៀង​​ល្បី​ចង្វាក់​​​កន្ត្រាក់អារម្មណ៍​​លោក ងួន​ ចាន់ដេវីដ ហៅ ជី ដេវីដ (G-Devith) បាន​សរសេរ​ថា៖ «សេចក្តី​ប្រកាស​ជូន​ដល់​អ្នក​គាំទ្រ អ្នក​គាំទ្រ​​អាច​មាន​ពេល​ចាប់​ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ទី ១ ខែឧសភា ដើម្បី download (ទាយ​យក) ចម្រៀង​ចាស់ៗ​នៅ​ក្នុង channel មួយ​នេះ​ទុក​ជា​អនុស្សាវរីយ៍​មុន​ពេល​វា​ត្រូវ​បាន​លុប»។

តារា​ចម្រៀង​​រ៉េប​រូបនេះ​បាន​ប្រាប់ពីសេចក្ដីសម្រេច​ចិត្ត​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ទៀត​​ថា៖ «ដោយការ​គិត​រយៈ​ពេល​ជាយូរ​មក​ហើយ​ ខ្ញុំជា​ម្ចាស់ channel មួយ​នេះ​ក៏​បាន​សម្រេច​ថា​នឹង​បិទ channel នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១ ខែឧសភា ដោយ​សុំ​ការ​យោគយល់​ពី​អ្នកគាំទ្រ សង្ឃឹម​ថា​បង​ប្អូន​នឹង​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មួយ​នេះ។ ដោយ​ក្តី​គោរពពី​ខ្ញុំ»។

ដំណឹង​ប្រកាស​លុប​ចោល​ឆានែល​យូធូប ដែល​ជា​ការ​ផ្សារភ្ជាប់​រវាង​អ្នកគាំទ្រ នឹង​ស្នាដៃ​ចម្រៀង​របស់​សិល្បករ​ ក៏ដូចជា​ប្រភពចំណូល​ពី​ការ​ទស្សនា​វីដេអូ​ផង​​នោះ បាន​ធ្វើឱ្យ​អ្នកគាំទ្រ​លោក​ភ្ញាក់ផ្អើល និង​ងឿង​ឆ្ងល់​​ថា​តើ​ហេតុ​អ្វី​បានជា ជី ដេវីដ សុខ​ចិត្ត​លា​ចំនួន​សមាជិក​​ដល់ទៅជាង ៧២ ម៉ឺន​នាក់ ​របស់លោក​លើយូធូប​ដូច្នេះ។

លោក ជី ដេវីដ ពុំ​បាន​បកស្រាយ​វែង​ឆ្ងាយនោះទេ​ ដោយ​លោក​គ្រាន់តែ​​ឆ្លើយ​យ៉ាង​ខ្លីថា៖ «ពិបាក​ក្នុង​ការ​ជម្រាប​លា ប៉ុន្តែ​គួរ​តែ​ជម្រាប​លា»។

ឆានែល​យូធូប Dit Way របស់​លោក​ ជី ដេវីដ មាន​បង្ហោះ​វីដេអូ​​ចំនួន ៦៧​ និង​មាន​ចំនួន​ទស្សនា​សរុប​រហូត​ដល់ទៅជាង ១០៦ លាន (គិត​ត្រឹម​ថ្ងៃទី ២៩ ខែ ​មេសា ឆ្នាំ ២០២១)។ ហ្វេសប៊ុក

តារាចម្រៀង​​វ័យ ២៧ ​រូប​នេះ ​បញ្ជាក់ទៀត​ថា៖ «មូលហេតុ​​ចង់​​រក Subscribers ថ្មី និង​​ពិតៗ»។

មុន​នឹងប្រកាស​លុបឆានែល​យូធូប​របស់លោក​ តារាចម្រៀង ជី ដេវីដ ក៏ធ្លាប់បានបង្ហើប​ដែរ​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​​ចង់​ធ្វើ​​គឺ Giveaway my YouTube Channel»។

តារាចម្រៀង​​ល្បី​​ជា​ពិសេស​ចំណោម​ស្រទាប់​យុវវ័យ​​​រូបនេះ បាន​បង្កើត​ឆានែល​យូធូប Dit Way តាំងពី​ចុង​ខែ​សីហា ឆ្នាំ ២០១២ ដោយ​​មាន​វីដេអូ​​ចំនួន ៦៧​ ត្រូវបាន​បង្ហោះ​ក្នុង​ឆានែល​នេះ និង​មាន​ចំនួន

​ទស្សនា​សរុប​រហូត​ដល់ទៅជាង ១០៦ លាន (គិត​ត្រឹម​ថ្ងៃទី ២៩ ខែ​ មេសា ឆ្នាំ ២០២១)។ ក្នុង​ចំណោម​វីដេអូ​ដែល​លោក​បង្ហោះ​នីមួយៗ មាន​ចំនួន​ទស្សនា​ជាមធ្យម​មិន​ក្រោម​ខ្ទង់​លាន​ដង​នោះទេ។

អ្នក​គាំទ្រ​របស់លោក​ម្នាក់​បាន​លើកឡើង​ថា៖ «គាត់លុប ​ព្រោះក្នុង Channel គាត់មាន Fake Fan (អ្នក​គាំទ្រ​​ក្លែងក្លាយ) ដែល​ចាំ​តែ​ជាន់​ពន្លិច អ៊ីចឹង​គាត់​លុប​នេះ​គាត់នឹង​បង្កើត Channel ថ្មី​ហើយ​គាត់នឹង​មាន​អ្វី​ប្លែកៗ​សម្រាប់ Real Fan (ហ្វេនពិតៗ) របស់​គាត់»។

រី​ឯ​អ្នកគាំទ្រ​តារាចម្រៀង ជី ដេវីដ ម្នាក់ទៀត​បាន​បង្ហាញ​ការយល់ឃើញ​ថា៖ «អ្នក​​​ធ្វើ YouTube ទាំង អស់​ចង់​លក់​ឆានែល​ចោល​ហើយ ព្រោះ​រក​លុយ​លែង​បាន តិច​ចូល​ផលិតកម្ម​ទៅ​បាន​គាត់​បិទ channel»៕​