ក្រុង​ចូ​ហាន​ណេសប៊ើក: សម្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​ដែល​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ការ​ទទួល​ទាន​អាហារ​ឆ្ងាញ់ ស្រា​ថ្លៃៗ​និង​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ គឺ​សុទ្ធ​តែ​ជា​ស្តង់ដារ​សម្រាប់​ពួកគេ។

ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​លំដាប់​ខ្ពស់​មួយរូប​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៣ សែន​ដុល្លារ ដើម្បី​ស្នាក់នៅ ១ យប់​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​តូច​ចង្អៀត របស់​លោក នែលសិន មេនដឺឡា (Nelson Mandela)។

គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចលនា CEO Sleepout ដែលជា​ការដេញថ្លៃ​កន្លែង​ស្នាក់​នៅ​ប្លែកៗ សម្រាប់​មេដឹកនាំ​ជំនួញ​ធំៗ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ដើម្បី​ប្រមូល​ប្រាក់​សម្រាប់​បុព្វហេតុ​ការងារ​សប្បុរសធម៌។

ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូងបង្អស់​របស់​អាហ្រ្វិក​ខាងត្បូង ត្រូវបាន​គេ​ឃុំខ្លួន ២៧ ឆ្នាំ នៅលើ​កោះ​រ៉ូប៊ិន នៅ​អាហ្រ្វិកខាងត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ខេបថោន។

ការ​ស្នាក់នៅ​មួយ​យប់​ក្នុង​បន្ទប់​ទំហំ​ជាង ២ ម៉ែត្រ ៤ ជ្រុង​នៃ​ពន្ធនាគារ​បេតុង​នោះ​ត្រូវ​បានដាក់​ដេញថ្លៃ ដើម្បី​ការងារ​សប្បុរសធម៌ និង​រំឭក​ខួប​កំណើត​របស់​លោក។

អ្នកស្រី លី​អាន ម៉ាក់​ហ្គោ​វ៉ាន (Liane McGowan) អ្នកនាំពាក្យ​ចលនា CEO Sleep Out អាហ្រ្វិក​ខាងត្បូង​បាន​និយាយ​ថា៖ «មាន​ការ​ផ្តល់​យោបល់​ឲ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​បន្ទប់​ពន្ធនាគារ ដើម្បី​រៃ​អង្គាស​ប្រាក់​ដល់​មូលនិធិ Prison-to-College Pipeline និង​ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​អ្នក​ជាប់​ពន្ធនាគារ​នៅ​អាហ្រ្វិក​ខាងត្បូង»។

លោក មេនដឺឡា មក​​បន្ទប់ឃុំឃាំង​ កាលពី​ឆ្នាំ ១៩៩៥​​។ AFP

ការដេញថ្លៃ​តាម​អន​ឡាញ​គឺ​ចាប់ផ្តើម​ពី​តម្លៃ ២៥ ម៉ឺន​ដុល្លារ ឡើងទៅ​ហើយ​វា​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដេញ​ថ្លៃ ៣ នាក់​រួច​ហើយ រីឯ​តម្លៃ​វិញ​គឺ​ឡើង​ដល់ ៣០ ម៉ឺន​ដុល្លារ មុននឹង​គម្រោង​បញ្ចប់​នៅ​ថ្ងៃទី ១៦ កក្កដា​ខាងមុខ។

អ្នកឈ្នះ​នឹងត្រូវ​ស្នាក់នៅ ១ យប់​ក្នុង​ពន្ធនាគារ បន្ទប់លេខ ៧ ដែល​លោក មេន​ដឺ​ឡា ធ្លាប់​រស់​នៅ។

ដោយឡែក​អ្នកដេញថ្លៃ ៦៦ នាក់​ផ្សេងទៀត នឹងត្រូវ​សម្រាក​នៅ​កន្លែង​ផ្សេង​នៅក្នុង​ពន្ធនាគារ​លើ​កោះ​នោះ​ដែល​បច្ចុប្បន្ន​ជា​សារមន្ទីរ និង​ជា​បេតិកភណ្ឌ​ពិភពលោក។

លេខ ៦៧ គឺ​ត្រូវបាន​ជ្រើសរើស​ជា​តួលេខ​នៃ​ឆ្នាំ​ដែល​លោក មេន​ដឺ​ឡា បាន​ចំណាយ​ពេល​អស់ ៦៧ ឆ្នាំ នៃ​ជីវិត​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ប្រកាន់​ពូជសាសន៍ អាប៉ាថេត រហូត​ដល់​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ ១៩៩៤៕

ទេសចរ​ថត​រូប​បន្ទប់​លេខ ៧ នៃ​ពន្ធនាគារកោះ​រ៉ូប៊ិន​។ AFP