ក្រុង​យ៉ាំងហ្គោន៖ ចាប់​ពី​ស្ងោរ​ជ្រក់​ត្រី​អណ្ដែង​ ​រហូត​ដល់​ឆា​កង្កែប​ម្រេច កុមារី​វ័យ ៨ ឆ្នាំ ក្នុង​ឈុត​គេង​យប់​ និង​ពាក់​មួក​ចុង​ភៅ កំពុង​តែ​ចម្អិន​ម្ហូប​មីយ៉ាន់ម៉ា ជាមួយ​សមត្ថភាព​យ៉ាង​ពិសេស​អំឡុង​ពេល​ពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

អ្នក​ម្ដាយ​ មូ មីន ម៉េធូ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​លើ​អនឡាញ​កាល​ពី​ចុង​ខែ​មេសា ដោយ​បង្ហាញ​ពី​ជំនាញ​កូន​ស្រី​តូច​ដែល​មាន​សមត្ថភាព​ចម្អិន​ម្ហូប​យ៉ាង​ប៉ិន​ប្រសប់​។

ជាមួយ​ស្នាម​ញញឹម​រំលេច​នូវ​ធ្មេញ​ចប​កាប់​ធំ ​២ វីដេអូ​ឃ្លីប​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​លើ​បណ្ដាញ​សង្គម​ និង​ធ្វើ​ឲ្យ​កុមារី​តូច​នេះ ទទួល​បាន​រហស្សនាម​ថា «​មេ​ចុងភៅ​តូច​»។ ពេល​នេះ នាង​ចាប់​ផ្ដើម​លក់​ម្ហូប​កុម្ម៉ង់ និង​រក​ចំណូល​បាន​មួយ​ផ្នែក​​ផង​ដែរ។

នាង​តូច​បាន​ប្រាប់ AFP ពី​ផ្ទះ​បាយ​ក្នុង​ផ្ទះ​ល្វែង​ក្រុង​យ៉ាំងហ្គោន​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ចូលចិត្ដ​ចម្អិន​អាហារ​»។

មេចុងភៅតូច​នឹង​បន្ត​កិច្ចការ​ចម្អិន​ម្ហូបម្ហា​រហូត​ដល់សាលា​បើកទ្វារ។ រូបថត AFP

កុមារី​បាន​និយាយ​ដោយ​មាន​បំណង​ចង់​ឲ្យ​កុមារភាព​របស់​ខ្លួន​នេះ​ទៅ​ចំណង់​អាជីព​នៅ​ថ្ងៃ​អនាគត​ថា​៖ «​វា​ធ្វើ​ឲ្យ​យើង​រីករាយ​អំឡុង​ពេល​មិន​អាច​ចេញ​ក្រៅ​នេះ​»។

ក្នុង​វីដេអូ​ល្បី​បំផុត​មួយ ដែល​មាន​អ្នក​ចូល​ទស្សនា​ជិត ២០ ម៉ឺន​ដង តារា​​តូច​ពាក់​អាវ​យឺត​រូប​សក់​ដុះ​ស្នែង ខណៈ​នាង​ផ្ដល់​ការ​បង្រៀន​ចម្អិន​ម្ហូប​ពេល​​ព្រឹក​មីយ៉ាន់ម៉ា ម៉ូហ៊ីងយ៉ា អម​ជាមួយ​ស្ងោរ​ជ្រក់​ត្រី​អណ្ដែង​។

មូ មីន ម៉េធូ បាន​បង្រៀន​ធ្វើ​ម្ហូប ១៥ មុខ​ រួម​ទាំង ការី​គ្រឿង​ត្រី ខ​សាច់​ជ្រូក និង​ឆា​កង្កែប​គ្រឿង​ហឹរ​។ មុខ​ម្ហូប​នីមួយៗ​ដាក់​លក់​ក្នុង​តម្លៃ ១ ម៉ឺន​ក្យាត (២៩ ០០០ រៀល​) និង​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​សមាជិក​គ្រួសារ​នៅ​ពេល​ល្ងាច​ ដោយ​ប្រតិបត្ដិការ​ទាំង​ស្រុង​ស្ថិត​ក្រោម​ការ​​ណែនាំ​បង្ហាត់​បង្ហាញ​ពី​អ្នក​ម្ដាយ​ ហាន់នី ឆូ​។​

មុខ​ជំនួញ​នេះ​កំពុង​ទទួល​ជោគជ័យ​។ វីដេអូ​លើ​បណ្ដាញ​សង្គម​មួយ​បាន​បង្ហាញ​ពី​កុមារី​កំពុង​ញាត់​ក្រដាស​​ប្រាក់ ១ ម៉ឺន​ក្យាត ចូល​ក្នុង​ប្រអប់​កូន​ជ្រូក​ ជា​ប្រាក់​ដែល​នាង​រំពឹង​ថា​សម្រាប់​​ចិញ្ចឹម​កូន​ឆ្កែ​។

អ្នក​ម្ដាយ មូ មីន ម៉េធូ ណែនាំ​បង្ហាត់កូន​ពី​ការ​ចម្អិន​ និង​គ្រឿងផ្សំនានា។ រូបថត AFP

អ្នក​ម្ដាយ​បាន​និយាយ​ដោយ​អះអាង​ថា កូន​របស់​ខ្លួន​មាន​ជំនឿ​ចិត្ដ​យ៉ាង​​ខ្លាំង​ថា៖ «​វា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ណាស់​ដែល​​​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​​មីយ៉ាន់ម៉ា និង​បណ្ដា​ប្រទេស​ដទៃ​ចែក​រំលែក​វីដេអូ​នេះ​»។

កុមារី មូ មីន ម៉េធូ គ្រោង​បន្ដ​ចម្អិន​ម្ហូប​ទៀត​រហូត​ដល់​សាលា​បើក​ទ្វារ​នៅ​ខែ​សីហា រយៈពេល ២ ខែ​ក្រោយ​បិទ​ដោយសារ​កូរ៉ូណា​។

មីយ៉ាន់ម៉ា បាន​កត់ត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ចំនួន ២២៨ នាក់ និង ៦ នាក់​ស្លាប់៕ AFP/HR