ក្រុង​ហ្គាហ្សា៖ មេ​ចុងភៅ​​ដែល​តែងតែ​បង្ហាញ​មុខ​ក្នុង​​ទូរទស្សន៍​អ៊ីតាលី​ម្នាក់​បាន​រៀបចំ​មុខ​​ម្ហូប​រសជាតិ​ដើម​ជា​ច្រើន ប៉ុន្តែ​លើក​នេះ​មិនមែន​នៅ​​ក្នុង​ស្ទូឌីយោ​ស្ថានីយ ឬ​ក៏​នៅ​ក្នុង​ភោជនីយដ្ឋាន​ឡើយ។

លោក​បាន​ចម្អិន​នៅ​ទី​មិន​សម​ទំនង​បំផុត​នោះ​គឺ ពន្ធនាគារ​ហ្គាហ្សា​។

លោក ហ្គាប្រ៊ីអែល រូប៊ីនី ជា​អតីត​កីឡាករ​បាល់​ឱប ដែល​ខិត​ខំ​ស្វះស្វែង​ផ្លាស់​ប្ដូរ​ខ្លួន​ជា​មេ​ចុងភៅ រូប៊ីអូ កំពុង​តែ​បង្រៀន​អ្នក​ទោស​ ១០ នាក់ ​ក្នុង​ពន្ធនាគារ​ ក្បែរ​ទីក្រុង​ហ្គាហ្សា​អំពី​របៀប​ចម្អិន​ប៉ាស្ដា​ដ៏​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​រៀន​អំពី​មុខ​ម្ហូប​ប៉ាឡេស្ទីន​ឯទៀត​ផង​ដែរ​។

លោក​បាន​និយាយ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ ​ទៅ​កាន់​តំបន់​ហ្គាហ្សា​ជាមួយ​អង្គការ​អ៊ីតាលី​មួយ​ថា​៖ «​គោលដៅ​របស់​ខ្ញុំ​ គឺ​ចែក​រំលែក​ជាមួយ​ពួក​គេ​នូវ​អ្វី​ដែល​ខ្ញុំ​ចេះ​ទាំង​អស់»។

មេ​ចុងភៅ​ល្បី​រូប​នេះ​បន្ត​ទៀត​​ថា៖ «ខ្ញុំ​ចង់​រៀន​ពី​ពួក​គេ​នូវ​មុខ​ម្ហូប​ដែល​ពួក​គេ​ចេះ​ទាំង​អស់​វិញ​»។

លោក​បាន​ឲ្យ​ដឹង​ថា ម្ហូប​ប៉ាឡេស្ទីន​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​ម្ហូប​អ៊ីតាលី​។

លោក​បាន​បន្ដ​ថា​៖ «​នៅ​ជុំវិញ​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ វប្បធម៌​ទាំង​អស់​មាន​ភាព​ចម្រុះ​គ្នា​។ មេ​ចុងភៅ​មិន​ប្រើ​គ្រឿង​ផ្សំ​រសជាតិ​ច្រើន​ហួស​ហេតុ​ គុណភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​វា​ជា​ប្រភេទ​ម្ហូប​បែប​ចែក​រំលែក​»។

ជា​អ្នក​គាំទ្រ​មុខ​ម្ហូប​ប៉ាឡេស្ទីន​មួយ​រូប លោក រូប៊ីនី បាន​ចែក​រំលែក​បទពិសោធ​របស់​លោក​​ក្នុង​តំបន់​ហ្គាហ្សា​ជាមួយ​អ្នក​គាំទ្រ​ជាង ៧៥ ម៉ឺន​នាក់ ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក រូប៊ីនី បាន​ប្រាប់ AFP ថា លោក​បាន​ធ្វើ​ការ​ក្នុង​ពន្ធនាគារ​ជា​ច្រើន ដោយសារ​គុក​ជា​ទី​កន្លែង​សម្បូរ​អំពើ​មនុស្ស​ធម៌​​។

លោក​និយាយ​ថា​៖ «​អ្នក​ប្រព្រឹត្ត​ខុស​ នឹង​អាច​កើត​ជា​ថ្មី​នៅ​ក្នុង​​​គុក​ ហើយ​ក្លាយ​ជា​មនុស្ស​ថ្មី​ក្នុង​ពិភព​ខាង​ក្រៅ​»៕ AFP/HR