ក្រុង​អាសហ្គាបាត: ក្រុម​មន្ដ្រី​គ្រង​ឈុត​កីឡា​រាប់​ពាន់​នាក់នៅ​ប្រទេស​តួម៉េនីស្ថាន បាន​នាំ​គ្នា​ជិះ​កង់​កាលពីថ្ងៃ​ពុធ​ ខណៈ​មេដឹក​នាំ​ដ៏ចម្លែក​ខុស​គេ លោក​ប្រធានា​ធិបតី Gurbanguly Berdymukhamedov បាន​ដឹក​នាំ​ក្បួន​ជិះ​កង់ ​ដើម្បី​ប្រារឰ​ទិវា​ជិះ​កង់​ពិភពលោក។

​តួម៉េនីស្ថាន ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដ៏​កម្រ ដែល​មិន​បាន​រាយ​ការណ៍​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា​ថ្មី​សូម្បី​តែ​មួយ​ករណី មិន​សូវ​គិត​ពី​បញ្ហា​គម្លាត​សុវត្ថិភាព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដោយ​ការ​ប្រារឰ​កម្មវិធី​ពិសេស​ផ្សេង​ៗ​ទៅ​តាម​ប្រតិទិន​ជាតិ​ជាមួយ​វត្ដមាន​មនុស្ស​ច្រើន​កុះ​កុញ​។

ទិវា​ជិះ​កង់​ពិភពលោក ជា​ឱកាស​ដែល​អង្គការ​សហប្រជាជាតិ​ ទទួល​ស្គាល់​ក្នុង​ឆ្នាំ​២០១៨ ដោយ​ទទួល​ការ​ស្នើសុំ​ពី​ប្រទេស​តួម៉េនីស្ថាន មាន​ការ​ចូលរួម​ពី​មន្ដ្រី​កាន់​អំណាច​ដ៏​ច្រើន​ ដែល​បាន​ជិះ​ជាមួយ​លោក Berdymukhamedov ក្នុង​ទីក្រុង​អាសហ្គាបាត ដែល​ដង​វិថី​នានា​ត្រូវបាន​បិទ​ចរាចរណ៍​។

ទូរទស្សន៍​រដ្ឋ បាន​រាយការណ៍​ថា អ្នក​ជិះ​កង់ ៧ ៥០០ នាក់​បាន​ចូលរួម​ទិវានេះ ហើយ​តំបន់​នៅ​ក្រៅ​ក្រុង​បាន​រៀបចំ​ព្រឹត្ដិការណ៍​តូច​ៗ​ជា​ច្រើន​ទៀត។​

មុន​ពេល​ចាប់​ផ្ដើម លោក​ប្រធានាធិបតី Berdymukhamedov អាយុ ៦២ ឆ្នាំ បាន​បង្ហាញ​វិមាន​កង់​កិត្ដិយស​កម្ពស់ ៣០ ម៉ែត្រ ដែល​បាន​ក្លាយ​ជា​សមាធាតុ​ផ្សព្វ​ផ្សាយ​របៀប​របប​រស់​នៅ​ប្រកប​ដោយ​សុខុមាលភាព​ដ៏សំខាន់​។

ខណៈ​ក្រុម​មន្ដ្រី​លើក​ឡើង​ថា ប្រទេស​ឯកោ​ដែល​មាន​ប្រជាជន ៦ លាន​នាក់​ អត់​មាន​អ្នក​ជំងឺ​កូវីដ​ ១៩ សូម្បី​តែ​ម្នាក់ កាលពីខែមុន លោក Berdymukhamedov បាន​ចុះ​ហត្ថលេខា​លើ​ផែន​ការ​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្លង​តប​នឹង​ករណី​អាសន្ន​ផ្សេង​ៗ​។

មន្ដ្រី​ការ​ទូត​ ​​ស្ថិត​ក្នុង​ចំណោម​អ្នក​ជិះ​កង់​ទាំង​នេះ ដែលត្រូវ​​បាន​ផ្ដល់​ទឹក​ថ្នាំ​បាញ់​លាង​សម្អាត​ដៃ​ដោយ​បុគ្គលិក​រដ្ឋាភិបាល ខណៈ​ពួកគេ​មក​ចូលរួម​កម្មវិធី​ជួប​ជុំ​នេះ​ផង​ដែរ​។

យ៉ាងណាមិញ អត់​មាន​នរណា​ពាក់​ម៉ាស ទោះ​ជា​ផ្ទុយ​នឹង​បម្រាមរដ្ឋាភិបាល​យ៉ាង​ណា​ក៏ដោយ​៕ AFP/HR