ក្រុង​បាងកក៖ នៅ​អារាម​ព្រះពុទ្ធ​ផ្ទំ ក្នុង​ក្រុង​បាងកក លោក ​ក្រៃរ៉ាត់ ចាន់​ត្រាស្រ៊ី បាន​ឲ្យ​ដឹង​ថា លោក​ជា​អ្នក​ថែ​រក្សា​ប្រពៃណី​ចាប់​សរសៃ​អាយុ​កាល ជាង ២ ពាន់​ឆ្នាំ ​បាន​យ៉ាង​ល្អ​ នោះ​គឺ​ជា​ទិចនិក​ម៉ាស្សា​កាច់​ដៃ​ជើង និង​ឈ្លី​កែង​ដៃ ដែល​សប្ដាហ៍​នេះ​អាច​ត្រូវ​បាន​​បន្ថែម​ចូល​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ UNESCO។

ចាប់​ពី​ទីក្រុង​បាងកក​ដ៏​មមាញឹក​រហូត​​ដល់​ទីក្រុង​ឆ្នេរ​ភូកេត នៅ​តាម​​ហាង​ជាប់​ដង​វិថី​នានា​ «​nuad Thai» ឬ​ម៉ាស្សា​ថៃ ត្រូវ​បាន​មើល​ឃើញ​មាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ​ថៃ ដែល​សេវាកម្ម​​ម៉ាស្សា ​១ ​ម៉ោង ​មាន​តម្លៃ​ត្រឹម​តែ ៥ ដុល្លារ​។

សប្ដាហ៍​នេះ វា​អាច​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភព​លោក​របស់​អង្គការ UNESCO ពេល​អង្គការ​នេះ​បាន​ជួប​ប្រជុំ​ក្នុង​ទីក្រុង​បូហ្គូតា ប្រទេស ​កូឡុំប៊ី​ ចាប់​ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៤ ខែ​ធ្នូ​។

លោក ក្រៃរ៉ាត់ ដែល​បង្រៀន​នៅ​សាលា​បាលី​ព្រះពុទ្ធ​ផ្ទំ​ នៃ​អារាម​វត្ដ​ផូ បាន​ជួយ​សិស្ស​ថៃ និង​បរទេស​រាប់​ពាន់​នាក់​ ដែល​បាន​មក​រៀន​នៅ​មជ្ឈមណ្ឌល​​នេះ​ទទួល​បាន​ជំនាញ​ពិត​ប្រាកដ​​ក្នុង ​១ ​ឆ្នាំៗ​។

ជា​​អ្នក​ស្នង​ជំនាញ​​​ម៉ាស្សា លោក​បាន​ប្រើប្រាស់​ចំណេះ​ដឹង​នេះ​មក​ចែក​រំលែក​ដល់​សិស្ស​ដែល​មាន​បំណង​បន្ដ​​វេន​ និង​ទទួល​យក​វិញ្ញាបនបត្រ​សិក្សា ​ដើម្បី​ដាក់​តាំង​បញ្ជាក់​ក្នុង​ហាង​របស់​ខ្លួន​។

បុរស​អាយុ ៤០ ឆ្នាំ​ លោក ​ក្រៃរ៉ាត់ ចាន់​ត្រាស្រ៊ី បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ជា​អ្នក​ស្នង​ចំណេះ​ដឹង​ម៉ាស្សា​ និង​បន្ដ​វេន​ដល់​ក្មេង​ជំនាន់​ក្រោយ​»។

នៅ​បរិវេណ​វត្ដ​ផូ អ្នក​រៀន​ម៉ាស្សា​សិក្សា​ពី​ប្រភេទ​ចលនា​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ចំណុច​សរសៃ​ម្ជុរ​វិទ្យាសាស្ដ្រ​​ជាមួយ​មេដៃ កែង​ដៃ ជង្គង់ និង​ប្រអប់​ជើង រួម​ទាំង​ការ​កាច់​ដៃ​ជើង និង​ដង​ខ្លួន​ផង​ដែរ​។

ការរៀន​​ម៉ាស្សា​បែប​ថៃ​​ធ្វើ​ឡើង​នៅ​ក្នុង​​​វត្ដ​ផូ​ ដែល​បណ្ដុះ​បណ្ដាល​សិស្ស​រាប់​ពាន់នាក់​ក្នុង ​១ ​ឆ្នាំ​។ រូបថត AFP

ដោយ​មាន​​ប្រភព​ពី​ប្រទេស ​ឥណ្ឌា វេជ្ជបណ្ឌិត និង​ព្រះសង្ឃ​ត្រូវ​បាន​គេ​យល់​ថា ពួក​គេ​ជា​តួ​អង្គ​នាំ​យក​វិធីសាស្ដ្រ​​ម៉ាស្សា​មក​កាន់​ប្រទេស ​ថៃ ​តាំង​ពី ២ ៥០០ ឆ្នាំ​មុន​ ដោយ​ឆ្លង​កាត់​ពី​គ្រូ​ដល់​សិស្ស​ក្នុង​អារាម​ និង​ក្រុម​គ្រួសារ​។

ស្ថិត​ក្រោម​រជ្ជកាល​ស្ដេច​រាមា​ទី ៣ ក្នុង​សតវត្សរ៍​ទី ១៩ អ្នក​ប្រាជ្ញ​ស្រេក​ឃ្លាន​ចំណេះ​ដឹង​ម៉ាស្សា​ បាន​​នាំ​គ្នា​សម្រុក​មក​រៀន​ជំនាញ​នេះ​នៅ​វត្ដ​ផូ​។ ប៉ុន្ដែ​ការ​អនុវត្ដ​ជាក់​ស្ដែង​ទើប​​តែ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ​១៩៦២ ដោយសារ​មាន​ការ​បង្រៀន​នៅ​សាលា​រៀន ដែល​បាន​បណ្ដុះបណ្ដាល​សិស្ស​ជាង ២០ ម៉ឺន​នាក់ ​ក្នុង ១៤៥ ប្រទេស​។ សេវាកម្ម​ម៉ាស្សា​នេះ ​បាន​ផ្ដល់​ការងារ​ដល់​ជនជាតិ​​ថៃ​រាប់​សែន​នាក់​។

បច្ចុប្បន្ន​អ្នក​ជំនាញ​ចាប់​សរសៃ​នៅ​ហាង​ស្ប៉ា​ប្រណីត​នានា​​ក្នុង​ប្រទេស ​ថៃ ​គិត​ថ្លៃ​ពី​ភ្ញៀវ​រហូត​ដល់​ប្រមាណ ១០០ ដុល្លារ​ ​១ ​ម៉ោង ហើយ​តម្លៃ​នេះ​មាន​ការ​កើន​ឡើង​លើស​ពី ២ ទៅ ៣ ដង នៅ​ទីក្រុង​ឡុងដ៍ ញូវយ៉ក ឬ​ហុងកុង ជាទី​ដែល​យីហោ​ម៉ាស្សា​ថៃ​កំពុង​តែ​ពេញ​និយម​។

ការ​សិក្សា​ជា​ច្រើន​នៅ​លើ​សកល​លោក​បាន​បង្ហាញ​ថា វា​បាន​ជួយ​សម្រួល​ការ​ឈឺ​ចាប់​ឆ្អឹង​ខ្នង ឈឺ​ក្បាល ដេក​មិន​លក់ និង​ថែទាំ​អារម្មណ៍​ក្រេវក្រោធ​ថែម​ទៀត​។

សម្រាប់​លោក​ Matthieu Rochefolle គិលានុបដ្ឋាក​ដែល​មក​ទីក្រុង​លីយ៉ុង ប្រទេស ​បារាំង ការ​បន្ថែម​ទិចនិក​ម៉ាស្សា​ថៃ​ក្នុង​ជំនាញ​របស់​លោក អាច​ជួយ​អ្នក​ជំងឺ​វ័យ​ចំណាស់​បន្ថយ​អាការ​ឈឺ​ចាប់​នានា។​

លោក​ Matthieu Rochefolle បាន​និយាយ​ថា​៖ «​វា​ក៏​អាច​អនុញ្ញាត​ឲ្យ​ខ្ញុំ​រក​ប្រាក់​កម្រៃ​បន្ថែម​ផង​ដែរ​»៕ AFP/HR