ក្រុងគូឡាំឡាំពួ៖ ក្រោយពីលេចរូបភាពបុរសស្ត្រីអាកាតកាយល្វែងលើរំលេចស្នាមសាក់មន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃចន្ទបានចាត់ទុកពិព័រណ៍ចាក់សាក់ ជាសកម្មភាពអាសអាភាស មិនស័ក្ដិសមនឹងប្រទេសមានប្រជាជនមូស្លីមភាគច្រើនឡើយ។
កម្មវិធីពិព័រណ៍ចាក់សាក់ម៉ាឡេស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួបានទាក់ទាញមនុស្សមកពីជុំវិញពិភពលោក ហើយរូបភាពបុរសស្ត្រីសាក់ពេញខ្លួនត្រូវបានចែកចាយពាសពេញអនឡាញ ដោយអ្នកខ្លះបិទបាំងតែកន្លែងកេរខ្មាស ព្រោះចង់រំលេចការរចនារូបសាក់ឲ្យសព្វ។
រដ្ឋមន្ត្រីទេសចរណ៍ ដើមឡើយបានគាំទ្រកម្មវិធីពិព័រណ៍រយៈពេល ៣ ថ្ងៃ ដែលបញ្ចប់ទៅកាលពីថ្ងៃអាទិត្យថ្មីៗនេះ។ ប៉ុន្តែក្រោយពីលោកបានឃើញរូបភាពចែកចាយតាមអនឡាញ លោកបានច្រានចោលថា ពិព័រណ៍ចាក់សាក់ម៉ាឡេស៊ី មិនឆ្លុះបញ្ចាំងពីវប្បធម៌ទន់ភ្លន់ ស្រគត់ស្រគំរបស់ប្រជាជនអាស៊ីអាគ្នេយ៍នោះទេ។
លោករដ្ឋមន្ត្រី Mohammadin Ketapi បានថ្លែងថា៖ «មិនអាចទៅរួចទេ រដ្ឋមន្ត្រីអនុញ្ញាតឲ្យមានកម្មវិធីពោរពេញដោយសកម្មភាពអាសអាភាសដូច្នោះទេ»។
លោកបញ្ជាក់ថា៖ «នេះមិនមែនជាវប្បធម៌ម៉ាឡេស៊ីយើងទេ។ ប្រជាជនយើងភាគច្រើនជាមូស្លីម»។
លោកបានបញ្ជាឲ្យមានការស៊ើបអង្កេត និងព្រមានដល់អ្នករៀបចំកម្មវិធី ដោយពួកគេក៏អាចប្រឈមចំពោះមុខច្បាប់ផងដែរ។
អាជ្ញាធរបានបញ្ជាក់បន្ថែមថា មិនមានការអនុញ្ញាតឲ្យកម្មវិធីនោះរៀបចំក្បួនដង្ហែអាក្រាតល្វែងលើឡើយ។ កន្លងមកកម្មវិធីពិព័រណ៍ចាក់សាក់អន្តរជាតិ ដែលធ្វើនៅដែនកោះបូណេអូរបស់ម៉ាឡេស៊ី ក៏មិនមានរូបភាពអត់សម្លៀកបំពាក់ចំហប្រាណខាងលើដូច្នោះដែរ។
ប្រមាណ ៦០ ភាគរយ នៃប្រជាជនសរុបនៅប្រទេស ម៉ាឡេស៊ី ជាពលរដ្ឋមូស្លីម ដែលរិះគន់ថាសាសនាអ៊ិស្លាមនៅប្រទេសនេះកំពុងតែប្រណិប័តន៍ប្រពៃណីដ៏ធូររលុង នាំឲ្យការអភិរក្សសាសនាមិនល្អខ្ជាប់ខ្ជួន៕ AFP