ភ្នំពេញៈ ទោះបី​សម្ព័ន្ធ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​រវាង​តារា​ចម្រៀង​ប្រុស​អូរីជីណល ចេះ​និពន្ធ​ទាំង​​​ទំនុក​ច្រៀង និង​ភ្លេង​ខ្លួន​ឯង​លោក ម៉ា ច័ន្ទបញ្ញា​ និង​តារា​​សម្តែង​ស្រី​សាច់​សខ្ចី​កូន​កាត់ ​៣ សាសន៍​​​កញ្ញា អ៊ីងអ៊ីង ត្រូវ​​កាត់​​ផ្តាច់​អស់​រយៈពេល​​ប្រមាណ​ ៧ ​ខែ​​ ដោយ​​​​​​រលក​ព័ត៌មាន​លេច​ឮ​មិន​ច្បាស់​​​ថា មាន​ជន​​​ទី​៣​ ជ្រែក​ស្នេហ៍​ ឬ​យ៉ាង​ណា​​នោះ​ក្តី តែ​ទឹក​ចិត្ត​ស្រឡាញ់​របស់​លោក​នៅ​​​រារែក​ហាក់​មិន​ទាន់​អស់​​អាល័យ​ពី​គូស្នេហ៍​។​

នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​តារា​ចម្រៀង​​ប្រុស​អូរីជីណល់​លោក ម៉ា ច័ន្ទបញ្ញា​ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដឹង នាពេល​​សួរ​បញ្ជាក់​ពី​​រឿង​សម្ព័ន្ធភាព​ស្នេហ៍​រវាង​លោក និង​កញ្ញា អ៊ីងអ៊ីង ក្រោយ​ពី​ឃើញ​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​លោក​​ជា​ចុង​ក្រោយ ​ដែល​បើក​ចំហ​ពី​រឿង​សម្ព័ន្ធភាព​ស្នេហ៍​​ត្រូវ​បាន​កាត់​​ផ្តាច់​ពិត​​មែន​​នោះ​។​

លោក​ ម៉ា ច័ន្ទបញ្ញា តារា​ចម្រៀង​ប្រុស​វ័យ ២៨ ​ឆ្នាំ​ ​​បាន​ចេញ​បទ​ថ្មី​មាន​​ចំណង​ជើង​ថា «​រាប់អាន​» ដែល​​​​​​រង​ពាក្យ​ចចាម​អារ៉ាម​ថា​ សម្ព័ន្ធ​ស្នេហ៍​ខ្លួន​បែក​បាក់​ម្តង​មក​ហើយ ​កាល​ពី​ប៉ុន្មាន​ខែ​​​​មុន​ បាន​បញ្ជាក់​ប្រាប់​​​ភ្នំពេញ​​​ប៉ុស្តិ៍​​ទាំង​ចិត្ត​នៅ​រារែក​នៅ​ឡើយ​ថា៖ «ជា​ការ​ពិត​​​ទៅ​!​ខ្ញុំ​ និង​គាត់​ ​[អូន អ៊ីងអ៊ីង] ខាន​បាន​ជួប​គ្នា​ក្នុង​នាម​ជា​​គូស្នេហ៍​​​ដូច​កាល​ពី​​មុន​​អស់​រយៈពេល​ប្រមាណ ៧​ ខែ​ មក​ហើយ​។ គ្រាន់​តែ​កាល​ពី​ប៉ុន្មាន​ខែ​​មុន​​នោះ រូប​ខ្ញុំ​ផ្ទាល់​ ហាក់​នៅ​មិន​​ទាន់​ហ៊ាន​​ទទួល​ស្គាល់​ខ្លួន​ឯង​​ថា សម្ព័ន្ធ​ស្នេហ៍​​យើង​ទាំង ​២​ នៅ​តែ​មិន​​ទាន់​​ដាច់​ស្រឡះ​ ឬ​​អាច​មាន​ផ្លូវ​ដោះស្រាយ​បាន​។ ប៉ុន្តែ​​ពេលវេលា​រំលង​​ទៅ​​កន្លង​ប៉ុន្មាន​ខែ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​គិត​​​ដែរ​ថា ទំនង​ជា​មិន​អាច​ផ្សះផ្សា​គ្នា​បាន​ទេ​ ទោះ​បី​ជា​ខ្ញុំ​ខំ​តាម​រក​គាត់​​ដើម្បី​បក​ស្រាយ ឬ​ថ្លែង​​ប្រាប់​​ពី​ជម្រៅ​ចិត្ត​​យ៉ាង​ណា​ក្តី​ ក៏​គាត់​មិន​ព្រម​បង្ហាញ​វត្តមាន និង​​​មិន​ចង់​ជួប​ខ្ញុំ​ទេ​ ដោយសារ​​តែ​នៅ​មាន​ភាព​អាក់​អន់​​ចិត្ត​នឹង​ខ្ញុំ​»។

តារា​ចម្រៀង​ប្រុស​ល្បី​ក្នុង​ស្រទាប់យុវវ័យ​ លោក ម៉ា ច័ន្ទបញ្ញា​។ហុង មិនា

លោក ម៉ា ច័ន្ទបញ្ញា បាន​បន្ត​ថា៖ «ថ្មីៗ​នេះ ខ្ញុំ​ក៏​មាន​​ការ​​ភ្ញាក់​ផ្អើល​ខ្លាំង​​ដែរ​ ទៅ​នឹង​សារ​ដែល​បង្ហាញ​​​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ​ចំពោះ​​គាត់​ នៅ​តាម​បណ្តាញ​សង្គម​ ដោយ​ឃើញ​មាន​អ្នក​គាំទ្រ​ និង​មិត្តភក្តិ​ច្រើន​បាន​ជជីក​សួរ​​​នាំ និង​​ដេញ​ដោល​​រក​មូលហេតុ​ពិត​នៃ​ការ​​ផ្តាច់​ទំនាក់ទំនង​គ្នា​រវាង​ខ្ញុំ​ និង​គាត់​នោះ​។

ឆ្លៀត​ឱកាស​ខ្ញុំ​គ្រាន់​តែ សូម​ជម្រាប​​ដល់​បង​ប្អូន​ ប្រិយមិត្ត​គាំទ្រ និង​មិត្ត​ភក្តិ​ទាំង​អស់​ថា មូលហេតុ​រវាង​យើង​ទាំង ​២ នាក់ គឺ​មាន​ច្រើន​ពិបាក​នឹង​ពណ៌នា ដោយសារ​តែ​ពួក​យើង​ទាំង ​២ ​គឺ​សុទ្ធ​តែ​បាន​កសាង​កំហុស​រៀងៗ​ខ្លួន​»។​​

ទោះបី​​ជា​ចំណង​ស្នេហ៍​ដ៏​​ផ្អែម​ល្ហែម​ខំ​បង្កាត់​ប្រមាណ ២-៣ ឆ្នាំ ​រវាង​​តារា​​សម្តែង​ស្រី​សាច់​​ស​​កញ្ញា​​អ៊ីងអ៊ីង និង​​​តារា​ចម្រៀង​ប្រុស​អូរីជីណល​ប្រុស​​ បាន​មក​​​ដល់​ផ្លូវ​បំបែក​យ៉ាង​ណា​ក្តី តែ​បើ​តាម​ស្តាប់​មើល​ទៅ​​តារា​ចម្រៀង​ប្រុស ​ម៉ា ច័ន្ទបញ្ញា​ ហាក់​នៅ​​មិន​ទាន់​អាច​ដក​ចិត្ត​ស្រឡាញ់​ដ៏​​លើស​លប់ ​ចេញ​​ពី​អតីត​គូ​ស្នេហ៍​ដែល​ធ្លាប់​​សាង​ភាព​ផ្អែមល្ហែម​​​រួម​គ្នា​គឺ​កញ្ញា អ៊ីងអ៊ីង បាន​ទេ៕​