ក្រុងម៉ិកស៊ីកូ: ម៉ិកស៊ិកប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងដាក់លក់ដេញថ្លៃនូវរថយន្ដប្រណីតជាច្រើនគ្រឿងដែលប៉ូលិសរឹបអូសបានស្របពេលប្រធានាធិបតីដ៏ប្រកាន់តឹងចង់ផ្ញើសារដល់ពលរដ្ឋក្នុងប្រទេសដែលឧក្រិដ្ឋជនមានអំណាចរមែងត្រូវបានរួចទោសយ៉ាងព្រងើយ។
លោកប្រធានាធិបតី អេនទ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ បាននិយាយថា ប្រាក់ទទួលបានពីការលក់រថយន្ដប្រណីត ៨២ គ្រឿងដែលរួមបញ្ចូលទាំងម៉ូដែល Lamborghini Murcielago មួយគ្រឿង Porsches ៣ គ្រឿង និងរថយន្ដក្រោះជាច្រើនគ្រឿងទៀតនឹងត្រូវបានយកទៅប្រើអភិវឌ្ឍសហគមន៍ក្រីក្រ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ពិធីដេញថ្លៃដែលគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យនឹងត្រូវបានដំណើរការដោយអង្គភាពថ្មីសន្លាងរបស់រដ្ឋាភិបាល «វិទ្យាស្ថានយកទ្រព្យធនប្លន់ពីប្រជាជនប្រគល់ឲ្យពួកគេវិញ»។
អ្នកដឹកនាំឆ្វេងនិយមរូបនេះបានបន្ដថា៖ «អ្វីគ្រប់យ៉ាងដែលត្រូវបានរឹបអូសពីឧក្រិដ្ឋជននឹងត្រូវប្រគល់ជូនសហគមន៍វិញ ជាពិសេសសហគមន៍ក្រក្រីទូទាំងប្រទេស»។
លោក ឡូប៉េស អូប្រាឌ័រ អាយុ ៦៥ ឆ្នាំឡើងកាន់អំណាចនៅខែធ្នូដោយសន្យាផ្លាស់ប្ដូរប្រទេសញាំញីដោយអំពើឧក្រិដ្ឋកម្ម និងពុករលួយនេះ។ តម្លៃសរុបពីការលក់រថយន្ដប្រណីតដេញថ្លៃនោះអាចមានប្រមាណ ២៨ លានប៉េសូ (១,៥ លានដុល្លារ) ទោះក្រុមមន្ដ្រីរំពឹងថា ការលក់ជាក់ស្ដែងនឹងទទួលចំណូលខ្ពស់ជាងនេះ។
អចលនទ្រព្យ និងគ្រឿងអលង្ការរឹបអូសបានពីឧក្រិដ្ឋជន និងអ្នកនយោបាយពុករលួយនឹងដាក់លក់ដេញថ្លៃដាច់ដោយឡែក៕ HR