The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ូដ​រ៉ឺម៉ក​ម៉ូតូពី​​ក្រុមហ៊ុន​រទេះ​ស៊ីនដឺរឺឡា

ម៉ូដ​រ៉ឺម៉ក​ម៉ូតូពី​​ក្រុមហ៊ុន​រទេះ​ស៊ីនដឺរឺឡា

ម៉ូដ​រ៉ឺម៉ក​ម៉ូតូពី​​ក្រុមហ៊ុន​រទេះ​ស៊ីនដឺរឺឡា

20140313_20a
លោក ហៀង ប៉ុននី ដែលជាស្ថាបនិកក្រុមហ៊ុនរទេះស៊ីនដឺរឺឡា បង្ហាញម៉ូដរឺុម៉កផ្លែល្ពៅដ៏គួរឲ្យស្រឡាញ់ ហុង មិនា

ភ្នំពេញ : បច្ចុប្បន្ន​រ៉ឺម៉ក​ម៉ូតូ​ជាច្រើន​កំពុង​តែ​ចរាចរណ៍​ទូទំាង​ប្រទេស​មិន​ថា នៅ​ទីក្រុង ឬ​ក៏​តាម​បណ្តា​ខេត្ត​នានា​នោះ​។ ទន្ទឹម​នឹង​នោះ​ដែរ ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ទាំងឡាយ​តែងតែ​មាន​ការ​រចនា​យានជំនិះ​ដែល​ជា​ឆ្នាំងបាយ​របស់​ខ្លួន​នោះ​ខុសៗ​គ្នា ដូចជា​ការ​ដាក់​ផ្កា​អម​សងខាង ឬ​ការ​លាប​ពណ៌​ស្រស់ៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ជិះ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​តុបតែង​បន្ថែម​ទាំង​នេះ​នៅ​មិន​អាច​មាន​ភាព លេចធ្លោ​ដូច​រទេះ​រ៉ឺម៉ក​ម៉ូតូ​រូប​ផ្លែ​ល្ពៅ​ដែល​ធ្វើឲ្យ​យើង​នឹក​ឃើញ​ដល់ យានជំនិះ​ព្រះនាង​ស៊ីនដឺរឺឡា​ក្នុង​រឿង​ព្រេង​និទាន​បរទេះ​នោះ​ឡើយ។

រ៉ឺម៉ក ម៉ូតូ​រូប​ផ្លែល្ពៅ និង​សិប្បកម្ម​កែច្នៃ​រទេះ​ម៉ូដ​ប្លែកៗ​ដទៃ​ទៀត​នោះ​ជា​គំនិត​ផ្ដួចផ្ដើម របស់​លោក ហៀង ប៉ុននី ជា​ម្ចាស់​ក្រុមហ៊ុន​រទេះ​ស៊ីនដឺរីឡា​។

ស្ថាបនិក វ័យ​២៦​ឆ្នាំ​រូប​នេះ​ថ្លែង​ថា៖ «​ដោយ​សង្កេត​ឃើញ​ថា​រ៉ឺម៉ក​ម៉ូតូ​នៅ​ស្រុក​យើង​បង្កើត​តំាងពី ឆ្នាំ​២០០២​មក​នោះ​គឺ​វា​មាន​ភាព​សុំា​ដដែល អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ធ្វើអ្វី​មួយ​បន្ថែម​ឲ្យ​វា​ប្លែក​ថ្មី ហើយ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន»​។

លោក​បាន រំឭក​ថា៖ «​បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​គេ​ឃើញ​រទេះ​កង់​បី​គឺ​គេ​ប្រើ​សេះ ហើយ​មាន​កង់​ធំៗ​និង​មាន​រូបភាព​ទាក់ទាញ ហើយ​ក៏​ធ្វើឲ្យ​ខ្ញុំ​មាន​គំនិត​ចង់​ច្នៃម៉ូដ​របៀប​នេះ​មក​ធ្វើ​ជា​រទេះ រ៉ឺម៉ក​ម៉ូតូ​ដែល​មាន​រូបរាង​ប្លែក និង​ទាក់ទាញ»។

លោក ហៀង ប៉ុននី មាន​គំនិត​ធ្វើ​រទេះ​នេះ​តំាងពី​ដើម​ឆ្នាំ​២០១៣ មក​ម្ល៉េះ​។ មុន​ពេល​ដែល​លោក​សម្រេច​ចិត្ត​បង្កើត​រទេះ​នេះ​ឡើង លោក​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​ស្វែងរក​អ្នក​ជំនាញ​មាន​បទពិសោធ​ធ្លាប់ ធ្វើ​រ៉ឺម៉ក​ម៉ូតូ​១០​ឆ្នាំ​មក​។ លោក​បាន​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​នោះ និង​បង្កើត​ជា​ម៉ូដ​រទេះ​ផ្លែល្ពៅ ឆៃកែវ​ចិន និង​ម៉ូដ​ប្លែកៗ​ជាច្រើន​ទៀត។ នៅ​ដើម​ឆ្នាំ​២០១៤ លោក​ក៏​រំលេច​គម្រោង​នេះ​ចេញ​ជា​រូបរាង​ដោយ​បង្កើត​បាន​រទេះ​ម៉ូតូ​ចំនួន ៨​ម៉ូដ​ខុសៗ​គ្នា ហើយ​ក្នុង​ម៉ូដ​នីមួយៗ​លោក​ចំណាយ​ពេល​ពី​៤​ទៅ​៥​ថ្ងៃ​ក្នុង​ការ​ផលិត។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ទៅ នៅពេល​ដែល​ចង្វាក់​ផលិតកម្ម​រត់​ដៃ លោក​រំពឹង​ថា​ការ​ផលិត​រទេះ​មួយ​គ្រឿង​នឹង​ចំណាយ​ពេល​ប្រហែល​ជា​៣​ថ្ងៃ ប៉ុណ្ណោះ។

លោក ហៀង ប៉ុននី បាន​បន្ត​ថា​៖ «សម្រាប់​ការ​ចំណាយ​ទុន​ក្នុង​ការ​បើក​សិប្បកម្ម​រទេះ​រ៉ឺម៉ក​ម៉ូតូ​នេះ​គឺ ចំណាយ​ដើមទុន​អស់​១៦០០០​ដុល្លារ ប៉ុន្តែ​យើង​មាន​ទុន​សម្រាប់​បង្វិល​ហ្នឹង​គឺ​១​ម៉ឺន​ដុល្លារ​ទៀត​សម្រាប់ បម្រុង»​។

ទាក់ទិន​នឹង​តម្លៃ លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «​តួ​រទេះ​រ៉ឺម៉ក​ម៉ូតូ​នេះ​គឺ​ខ្ញុំ​បាន​ដាក់​លក់​ដោយ​ផ្តល់​ជូន​តម្លៃ ពិសេស​ក្នុង​មួយ​គ្រឿង​៩៩៩​ដុល្លារ។ តម្លៃ​នៅ​ថ្ងៃ​អនាគត​ទៅ​នឹង​មាន​ការ​ប្រែប្រួល។ តម្លៃ​ឥឡូវ​គឺ​មើល​ទៅ​វា​ថ្លៃ​សម្រាប់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ហើយ ឥឡូវ​នេះ​ខ្ញុំ​ខំ​ព្យាយាម​ទាក់ទង​ខាង​មីក្រូហិរញ្ញវត្ថុ ឬ​ក៏​ធនាគារ​ដើម្បី​សហការ​សម្រួល​ដល់​អ្នក​ទិញ​ជាមួយ​នឹង​ការ​បង់ រំលស់​ផង​ដែរ»។

ក្រៅពី​កែច្នៃ​ម៉ូដ​រ៉ឺម៉ក​ប្លែកៗ​នេះ​ក្រុមហ៊ុន រទេះ​ស៊ីនដឺរីឡា​ក៏​មាន​សេវា​ជួសជុល​រ៉ឺម៉ក​បាក់បែក​ឲ្យ​ថ្មី កែ​ឡើង​ស៊េរី បាញ់​ថ្នាំ និង​ទទួល​ទិញ​រ៉ឺម៉ក​ចាស់​ដូរ​ថែម​យក​រ៉ឺម៉ក​ម៉ូតូ​ថ្មី​ផង​ដែរ​។ សិប្បកម្ម​មាន​លេខ​ទូរស័ព្ទ​០១០​៥១០​៤០៤​និង​០៨៨​៥៥៥​៥៣៦​៩៕

អត្ថបទគួរចាប់អារម្មណ៍