ភ្នំពេញៈ ខណៈ​មានការ​កត់សម្គាល់ថា​រាសី​របស់​កញ្ញា ខា​ហ្គឺ​ម៉ៃ​យ៉ា សូរ៉ៃយ៉ាម៉ា​ថា ហៅ​កញ្ញា ម៉ៃយ៉ា កំពុង​តែ​ឡើង​ក្រឺតៗ បន្ទាប់​ពី​នាង​ក្តាប់​បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​កុន​ភាគ​រឿង «ហង្ស​បាក់​ស្លាប» ក្រោយ​មក​ក៏បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ដុំ​ថ្មី «ទាយាទ​អាគម» និង​កុន​ភាគ​រឿង «កញ្ញា​អម្ពិល​ផ្អែម» នោះ ក៏​ស្រាប់​តែ​លេច​ឮ​ថា នាង​ចង់​ឈប់​ពី​សិល្បៈ ដើម្បី​ទៅ​រស់​នៅ​អាល្លឺម៉ង់ ជា​ស្រុក​កំណើត​ឪពុក​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន។

អ្វី​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ជឿថា តារា​ស្រី​កូនកាត់​អាស៊ី-អឺរ៉ុប វ័យ ២២ ឆ្នាំ រូបនេះ ពិតជា​ចង់​ឈប់​ពី​សិល្បៈ​មែន​នោះ​គឺ​គេ​បាន​ឃើញ​នាង​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖ «បន្តិច​ទៀត​នេះ លា​សិល្បៈ​ស្រុក​ខ្មែរ​ដែរ! នាង​ខ្ញុំ​ស្រឡាញ់​ណាស់​អាល្លឺម៉ង់​ជួប​គ្នា​ឆាប់»។

តែ​ពេល​កញ្ញា​ជា​ពិធីការិនី​ទូរទស្សន៍ CNC ដែលជា​តារា​សម្តែង​ទើបតែ​បាន​រះ​ថ្មី​នៅលើ​វិថី​សិល្បៈ​ភាពយន្ត​នារយៈពេល ២-៣ ឆ្នាំ​រូប​នេះ បង្ហើប​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ឲ្យ​ដឹង​ទាំង​ខុស​ពី​សេចក្តី​នៅ​ក្នុង​សារ​ខាង​លើ​វិញ​ថា៖ «នាង​ខ្ញុំ​នឹង​មិន​ឈប់​សិល្បៈ​ទេ​បង!​កាល​ពី​ដំបូង​នាង​ខ្ញុំ​ចង់​ទៅ​រស់​នៅ​ទឹកដី​នៃ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​មែន តែ​ពេល​នេះ​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា អត់​ទៅ​ទីនោះ​ទេ។ ហេតុផល​មិន​មាន​អ្វី​ធំដុំ​ទេ គឺ​គ្រាន់​តែ​ចិត្ត​ខ្ញុំ​មិន​ទាន់​ចង់​ទៅ​រស់​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ»។

តារា​សម្តែង​ស្រី ម៉ូ​ដែល និង​ពិធីការិនី​ទូរទស្សន៍ CNC វ័យ ២២ ឆ្នាំ មាន​រូបឆោម​ល្អ សាច់​សខ្ចី ទម្រង់​មុខ​ស្អាត កូន​កាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា និង​ល្បី​ថា សម្បូរ​ក្រុម​កន្លង់​ចោម​រោម​តាម​សុំ​ស្នេហ៍​មិន​តិច លំដាប់​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ទៅ​ដល់​ឋានៈ​ឧកញ៉ា​នោះ​ក៏បាន​បន្ត​ថា៖ «ម្យ៉ាង​ទៀត ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ​នា​ពេល​នេះ កំពុង​តែ​មមាញឹក​ខ្លាំង​ផង​ដែរ ទាំង​ការងារ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ទាំង​ការងារ​សម្តែង​ភាពយន្ត និង​ថត​ស្ប៉ត​នានា​តែម្តង។ ដូច្នេះ​សេចក្តី​ប្រាថ្នា​ចង់​ទៅ​រស់​នៅ​ស្រុក​កំណើត​ប៉ា​នៅ​ប្រទេស​អាល្លឺម៉ង់​នោះ​មិន​ទាន់​មាន​ចិត្ត​ចង់​ទេ តែ​ការ​ទៅ​លេង​កម្សាន្ត​អាច​នឹង​មាន»។

ស្រី​ស្រស់​សម្តី​ផ្អែម​ឈាម​ខ្មែរ​កាត់​អាល្លឺម៉ង់​រូបនេះ​ក៏​បង្ហើប​ប្រាប់​ដែរ​ថា៖ «ភាពយន្ត​ភាគ​រឿង កញ្ញា​អម្ពិល​ផ្អែម របស់​ខ្ញុំ​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​រឿង​ភាគ​មួយ​ទៀត​នាង​ខ្ញុំ​មិន​បាន​ចាំ​ទេ។ តែ​ចំពោះ​កុន​ភាគ​រឿង ហង្ស​បាក់​ស្លាប ដែល​ធ្វើ​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​នេះ គឺ​នាង​ខ្ញុំ​ទើប​តែ​បាន​ថត​ចប់​ថ្មីៗ​នេះ​ដែរ។ បើ​គិត​មក​ទល់​នឹង​ពេល​នេះ មាន​កុន​ចំនួន ៤ សម្រាប់​នាង​ខ្ញុំ​ដែល​កំពុង​តែ​ថត និង​មិន​ទាន់​បាន​ថត​នៅ​ឡើយ ដោយ​មាន​រឿង​ភាគ ៣ និង​រឿង​ដុំ ១។ សម្រាប់​រឿង​ដុំ​ទាយាទ​អាគម​របស់​ផលិតកម្ម AD Music នាង​ខ្ញុំ​ជា​តួឯក​ស្រី​ជា​កូន​ដែល​ស្នង​ទាយាទ​ពី​អ្នក​ម្តាយ សម្តែង​ដោយ​បង​ស្រី​អ៊ិន វល័ក្ខ ទេពី ហើយ​ត្រូវ​ថត​ចំនួន ១២ ថ្ងៃ»។

ពេល​ដំបូង កញ្ញា ខា​ហ្គឺ​ម៉ៃ​យ៉ា សូ​រ៉ៃ​យ៉ាម៉ា​ថា ហៅ ម៉ៃ​យ៉ា ធ្លាប់បាន​ឲ្យ​ដឹងថា មិន​ចង់​ទទួល​ការ​ថត​កុន​អ្វី​ឡើយ តែ​ចាប់​ពី​នាង​តោង​ឱកាស​ធ្វើ​ជា​ពិធី​ការិនី​ផ្សាយ​បន្ដ​ផ្ទាល់​កម្មវិធី​កំពូល​តន្ត្រី​ប៉ូការី ស្វេត របស់​ស្ថានីយ​ទូរទស្សន៍ ស៊ីអិនស៊ី ទាំង​មិន​ធ្លាប់​មាន​បទពិសោធ​ពី​មុន​នោះ ស្រាប់​តែ​គេ​ឃើញ​នាង​បាន​ទទួល ការ​ថត​កុន​ទាំង​ដុំ និង​ភាគ​ជាប់​គ្នា​ឲ្យ​រដឹក​ត្រូវ​ហុង​ស៊ុយ​ឆ្នាំ​ថ្មី​តែ ម្តង​ហើយ។

ស្រី​ស្រស់​សម្រស់​បែប​ជា​កូនកាត់​រាងរៅ​តូច​ច្រឡឹង​រូបនេះ ធ្លាប់បាន​បកស្រាយ​ថា៖ «គិត​ថា នេះ​ជា​ឱកាស​ល្អ​បាន​មក​ដល់​សម្រាប់​នាង​ខ្ញុំ ហើយ​ក៏​យល់​ថា មុន ឬ​ក្រោយ​ក៏​គង់​តែ​ខ្លួន​នឹង​ប្រឡូក​ក្នុង​ពិភព​ថត​ភាពយន្ត​ដដែល​នោះ ទើប​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ភ្លាម ខណៈ​ខាង​ប៉ាម៉ាក់​ក៏​ពួក​គាត់​មិន​ថា​អ្វី​ដែរ»។

ទំនង​ជាមាន​ទេពកោសល្យ​រួមផ្សំ​នឹង​ចំណូលចិត្ត និង​ភាពស៊ាំ​ឆ្លងកាត់​ការថត​ស្ប៉ត​ពាណិជ្ជកម្ម ជាច្រើន​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ និង​ផលិតផល​ថែរក្សា​សម្ផស្ស​នានា​នោះ​ហើយ ដែល​រុញ​ច្រាន​ឲ្យ​តារា​ស្រី​វ័យ ២២ ឆ្នាំ កញ្ញា ម៉ៃយ៉ា ហាក់​ដូចជា​មិន​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​នៅ​ក្នុង​ការ​ថត​កុន​ឡើយ៕