ភ្នំពេញ: មកដល់ពេលនេះក្នុងជំនួបស្នេហាទី ២ និងបុរសមន្ត្រីយោធាវ័យក្មេង របស់អ្នកចម្រៀងមាត់ដាចយេៗ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានផ្តល់កំណើតកូនស្រីវ័យជិតមួយខួបទៅហើយដែរ ក្រោយពីរលាយសម្ព័ន្ធស្នេហ៍ពីមេធាវីទ្រព្យស្ដុកដ៏ល្បីល្បាញ។ ខណៈពេលនេះ អ្នកចម្រៀង ម៉ៅ ស៊ីណាត ក៏បានអះអាងផងដែរថា ពិធីរៀបអាពាហ៍ពិពាហ៍នឹងគូថ្មី បំពេញខាន់ស្លាឲ្យកូនស្រីនេះនឹងមិនលេចឡើងនោះទេ។
មហាជនក៏ដឹងយ៉ាងជាក់ហើយថា អ្នកនាង ម៉ៅ ស៊ីណាត ក្រោយពីរលត់ចំណងស្នេហ៍លោក មេធាវី កា សាវុត្ថ ក៏ពើបនឹងចំណងស្នេហ៍ថ្មីភ្លាម ជាមួយមន្ត្រីយោធាវ័យក្មេង ហើយក៏មិនបង្អង់ដែរ គូស្នេហ៍មួយគូនេះបានសម្រេចរក្សាកំណើតកូនរួមគ្នាភ្លាម ដែលមកដល់ពេលនេះ តាមការអះអាងពីអ្នកនាង ម៉ៅ ស៊ីណាត ថា កូនដំបូងរួមស្នេហ៍មន្ត្រីយោធានេះ មានវ័យ ៨ ខែហើយ។ ខណៈដែលមុននេះ ក៏មានផ្ទុះពាក្យចចាមអារ៉ាមថា ម៉ៅ ស៊ីណាត ក៏បានព្រលយពាក្យថា អ្នកនាងនឹងមិននឹកនាដល់ពិធីរៀបការជាថ្មីនោះទេ។
ពាក្យនេះក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរដល់អ្នកគាំទ្រ ខណៈពួកគេថា ម៉ៅ ស៊ីណាត សម្រេចរួមរស់ជាមួយមន្ត្រីយោធាដោយពុំទាន់មានរៀបចំពិធីអីទេ អ៊ីចឹងទើបមានពាក្យនេះឡើង បែបជាស្នេហ៍រក្សាកំណើតកូនស្រីមួយគ្រាប់លឿនដូចផ្លេកបន្ទោរនេះ ទំនងជាមានឧបសគ្គទេដឹងបានជាអ្នកចម្រៀងមាត់ដាច ម៉ៅ ស៊ីណាត ពោលពាក្យបែបនេះ។
ជុំវិញព័ត៌មានរន្ទឺនេះ អ្នកនាង ម៉ៅ ស៊ីណាត បានពោលពាក្យទាំងមិនចោលងារមាត់ដាចដោយលើកឡើងថា៖ «ទៅមានបញ្ហាអី បើកូនស្រីវ័យ ៨ ខែ ហើយពេលនេះក៏ចង់មានមួយទៀតហើយហ្នឹង»។
តារាចម្រៀងសំនៀងលះ សម្តីម៉ាត់ៗរូបនេះ បាននិយាយបន្តទៀតថា៖ «ចំណែកពាក្យថា មិនចង់រៀបការនេះត្រឹមត្រូវហើយ មិនចង់យកលុយកាក់ទៅមិនចាយវាយនឹងពិធីរៀបការនេះអត់អំពើហ្នឹង»។
បន្តនឹងពាក្យពេចន៍ចាកន័យ ពីប្រពៃណីខ្មែរនេះ តារាចម្រៀងនិយមការស្លៀកពាក់សិចស៊ីលេចលើខើចក្រោមវ័យជាង ៣០ ឆ្នាំរូបនេះ បានពន្យល់ថា៖ «មូលហេតុមិនរៀបការនេះ ទី ១ មិនចង់យកលុយកាក់មកគិតលើពិធីហ្នឹង ទី ២ វ័យច្រើនហើយ ហើយក៏គ្មានពេលណាទៅគិតរឿងហ្នឹងដែរ ជាប់រវល់រកស៊ី មួយថ្ងៃៗរកតែពេលសម្រាកមិនបានផងហ្នឹង តើមានពេលណាគិតរឿងរៀបការទៅ?»។
ទន្ទឹមការអះអាងថា «សព្វថ្ងៃជីវិតប៉ុណ្ណឹងក៏មានក្តីសុខ និងមានសុភមង្គលហើយនោះ អ្នកនាង ម៉ៅ ស៊ីណាត ក៏បង្ហើបដែរថា៖ «សព្វថ្ងៃសូម្បីតែការងារសិល្បៈចម្រៀងក៏មិនសូវជាមានពេលដែរ។ តាំងពីបើកហាងសាឡនខ្លួនឯងមក មួយថ្ងៃៗគឺខ្ញុំនៅជាប់តែហាងហ្នឹង»។
តារា ស្រីកំពុងរួមរស់ជាមួយមន្ត្រីយោធា រហូតដល់បង្កើតបានតំណក់ឈាមកូនស្រីរួមគ្នា អ្នកនាង ម៉ៅ ស៊ីណាត បានប្រាប់ឲ្យដឹងទៀតថា៖ «មានភ្ញៀវច្រើនដែលពេញចិត្តសេវាកម្មហាងសាឡន ម៉ៅ ស៊ីណាត នៅទួលសង្កែ»។
តារាចម្រៀងសំនៀងលះអ្នកនាង ម៉ៅ ស៊ីណាត ក៏បានបញ្ជាក់បន្ថែមថា៖ «នេះហើយជាហេតុផលដែលធ្វើឲ្យយើងមិនចង់រៀបការ។ សំខាន់មានលុយ ហើយយើងក៏រវល់ និងខំប្រឹងរកលុយ តើមានពេលណាទៅគិតរឿងរៀបការនោះ?»៕