ខេត្ត​កំពត៖ ដោយសារ​​តែ​ពេល​នេះ​ ជា​រដូវកាល​ប្រមូល​ផល​​​ទុរេន ទើប​​​ម្ចាស់​ចម្ការ​ទុរេន​ខ្មែរ​​នៅ​ខេត្ត​​កំពត ​លោក ម៉ៅ វុត្ថា​ មិន​ត្រឹមតែ​ធានា​អះអាង​ថា ​​ជា​ទុរេន​​​ធម្មជាតិ​ល្អៗ​លក់​ឱ្យ​​អតិថិជន​លោក​នោះ​ទេ ​ថែម​ទាំង​បាន​បង្ហើប​​ប្រាប់​​ពី​​សាវតារ​ទុរេន​ ​តាម​បណ្ដាញ​សង្គម​ដ៏​គួរ​ឱ្យ​ជក់​​ចិត្ត​ដិត​អារម្មណ៍ ​ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​​ និង​​បទពិសោធ​ផ្ទាល់​ខ្លួន​​​​ក្នុង​ការ​​ប្រកប​របរ​​អាជីវកម្ម​ទុរេន។

បើ​តាម​ការ​រៀបរាប់​​របស់​​លោក​​​​តាម​បណ្តា​​ឯកសារ​នានា​កត់ត្រា​​​ជា​ភាសា ថៃ បារាំង និង​​អង់គ្លេស ទុរេន ​​មាន​ប្រភព​​មក​ពី​​ប្រជុំ​​កោះបរនីអូ កោះ​សូម៉ាត្រា​ នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​​ម៉ាឡេស៊ី​។​ ក្រោយ​​មក​​​ដំណាំ​នេះ​ ត្រូវ​បាន​​​​រីក​សាយ​​​ភាយ​​​​ក្នុង​តំបន់​នានា​នៅ​​ប្រទេស​ឥណ្ឌា ប៉ាពូញូហ្គីណេ និង​​ប្រទេស​ផ្សេងៗ​ទៀត​​ នៅ​តំបន់​អាស៊ី​​អាគ្នេយ៍​។​ ចំពោះ​​ហេតុផល​ចម្បង​​ ដែល​​ធ្វើ​ឱ្យ​លោក ម៉ៅ វុត្ថា ​ស្រាវជ្រាវ​ពី​ទុរេន លោក​​ប្រាប់​ថា​ ជា​ចំណង់​ចំណូល​ចិត្ត​​ផ្ទាល់​ខ្លួន​មុន​​ចាប់​ផ្ដើម​ប្រកប​​របរ​អ្វី​​មួយ​។

ម្ចាស់​ចម្ការ​ទុរេន​​កំពត លោក ម៉ៅ វុត្ថា ប្រាប់​ថា៖ «ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម​ ឬ​​ខាង​បច្ចេកទេស​​អ្វី​ទេ​ គឺ​​គ្រាន់តែ​ជា​​លក្ខណៈ​កម្សាន្ត​​របស់​ខ្ញុំ ដែល​​ចូលចិត្ត​​​ការ​ស្រាវជ្រាវ ​បែប​ប្រវត្តិ ​និង​សាវតារ​តែ​ប៉ុណ្ណោះ​។ វា​​ជា​ទម្លាប់​ កាល​ណា​ចាប់​ផ្ដើម​ធ្វើ​អី្វ​មួយ​ ឬ​រក​ស៊ី​អ្វី​មួយ ​ខ្ញុំ​ត្រូវ​ស្គាល់​​ឱ្យ​អស់​​​ពី​ផលិតផល​មួយ​ហ្នឹង​ ដូចជា​ទុរេន​នេះ​ជា​ដើម​»។

នៅ​កម្ពុជា ​សំណេរ​ស្រាវជ្រា​​​​ផ្លូវ​ការ​​ទាក់ទង​នឹង​​ទុរេន​ក្នុង​ស្រុក​មិន​សូវ​មាន​អ្នក​សរសេរ​ច្រើន​ទេ​ ដែល​ខុស​ពី​ម្រេច​ សម្បូរ​អ្នក​សរសេរ​​​​ច្រើន​​ ដូច​នេះ ​មិន​មាន​ឯកសារ​​ណា​ជាក់លាក់ ​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​ដាំ​ទុរេន​ឡើយ​​។ ប៉ុន្តែ​តាមរយៈ​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន លោក​​ថា ​ប្រវត្តិ​ទុរេន​នៅ​​កម្ពុជា​ ចែកចេញ​ជា ​២ ​ក្រុម​ គឺទុរេន​កំពត និង​ទុរេន​ ជាប់​ទល់​​​ដែន​ថៃ​។

ម្ចាស់​ចម្ការ​ទុរេន​វ័យ ៤១ ឆ្នាំ រូប​នេះ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «គេ​គិត​ថា​ ទុរេន​​ដែល​ដាំ​​នៅ​ទឹក​ដី​ខេត្ត​កំពត​ ​មាន​ប្រភព​​​មក​​​​ពី​តំបន់​កោះ​ជ្វា សូម៉ាត្រា ​នាំចូល​មក​ដោយ​ក្រុម​ជនជាតិ​ជ្វា​ ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​មក​ប្រក​បរបរ​រក​ស៊ី​នៅ​​ខេត្ត​កំពត។​ ពូជ​ទុរេន​​កំពត​ ជា​ពិសេស ​ទុរេន​ស្រែ ​គឺ​មាន​លក្ខណៈ​ដូចគ្នា​​នឹង​អម្បូរ​​ទុរេន​ ដើម​​នៅ​ឥណ្ឌូនេស៊ី ឈ្មោះ​ថា Durio Zibethinus»។

ពូជទុរេន​នៅ​ចម្ការលោក ម៉ៅ វុត្ថា មាន៣ប្រភេទគឺ​ទុរេនឪខាក់​ ​​សាដង់​កិត និ​ងទុរេន​ស្រែ ឬ​ទុរេន​ដូនតា​។ រូបថត សហការី

លោក​បញ្ជាក់​ថា​៖ «​បើ​យោង​​តាម​ សក្ខីកម្ម​មួយ​ទៀត ​ដែល​​ទាញ​ពី​​ប្រវត្តិ​សង្រ្គាម​ អាជេ រវាង​ពួក​ស្តេច​ជ្វា និង​​ក្រុមហ៊ុន​​ហូឡង់​ នៅ​​​ប្រមាណ​ពាក់​កណ្តាល​​សតវត្សរ៍ទី​១៩។ ពួក​ជ្វា​បាន​ដុត​បំផ្លាញ​​ចោល​​ដំណាំ​​របស់​ខ្លួន ​ជា​ពិសេស​​គឺ​​ដំណាំ​ម្រេច ​នៅ​លើ​កោះ​ជ្វា​ ដើម្បី​​កុំ​ឱ្យ​​ពួក​​ហូឡង់​បាន​​ផលប្រយោជន៍​ពី​​វា​​។ ពួក​គេ​​នាំ​យក​​គ្រាប់ និង​ពូជ​ដំណាំ​ទាំង​នោះ ​មក​​តាម​ខ្លួន​ដាំដុះ​នៅ​លើ​ទឹក​ដី​ថ្មី​​ ក្នុង​នោះ​មាន​​កម្ពុជា​ផង​ដែរ​»។​

ឯ​ទុរេន​​នៅ​ជាប់​​ព្រំដែន​ថៃ​ លោក​បក​ស្រាយ​​ថា​៖ «ដូច​​ជា​នៅ​​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ​គឺ​ជាក់ស្តែង​​មាន​ប្រភព​មក​ពី​ថៃ ​ជាពិសេស​​ ខេត្ត​ចន្ទបុរី​ ដែល​សម្បូរ​​ទុរេន​​បំផុត​។ ពូជ​ដែល​​គេ​​​និយម​ដាំ​​បំផុត​នោះ​គឺ ម៉នថង ភួងមុនី និង​ឆាក់នី»។

ក្រៅ​ពី​ស្រាវជ្រាវ​អំពី​ប្រភព​ទុរេន ​លោក ម៉ៅ វុត្ថា ​ក៏​​បាន​រៀបរាប់​​ប្រាប់​​បន្ថែម​ពី​ប្រភេទ​​ទុរេន​នៅ​ខេត្ត​កំពត ទាំង ​៣ ​ប្រភេទ​ ​ដែល​​គេ​ស្គាល់​​ជាទូទៅ​ និង​មាន​ក្នុង​ចម្ការ​​លោក​​ដាំ​ដែរ​ រួម​​មាន​ ដូចជា​ ទុរេន​ឪខាក់​ ទុរេន​​សាដង់កិត និង​ទុរេន​ស្រែ ឬ​ទុរេន​ដូនតា​។

ទុរេន​ឪខាក់ មាន​លក្ខណៈ​​ដូចគ្នា​នឹង​ទុរេន​ឆាក់នី​របស់​ថៃ​ ហើយ​​វា​មាន​​រាង​មូល​​ទ្រវែង ​ដូចជា​​ស៊ីឡាំង បន្លា​​រាង​ធំ​ទាល​​ ឯ​រស​ជាតិ​វិញ​​​ផ្អែមល្មួត និង​​​សាច់​ពណ៌​លឿង​។​ ចំពោះ​ទុរេន​សាដង់កិត ​មាន​​លក្ខណៈ​​ប្រហែល​​នឹង​ប្រភេទ​​កានយ៉ាវ​​របស់​ថៃ​ មាន​បន្លា​រាង​ស្រួចៗ សាច់​លឿង​ខ្ចី ឬ​​​​ពណ៌​ទឹក​ដោះគោ មាន​សាច់​រាង​ជ្រាយៗ​ ប៉ុន្តែ​​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​។ ​ចំណែក​ទុរេន​ស្រែ ជា​​ប្រភេទ​​​ទុរេន​​តូចៗ ផ្លែ​មូល ហើយ​មាន​ការ​និយម​ដាំ​ជា​យូរ​​លង់​ណាស់​មក​ហើយ ​នៅ​លើ​ទឹកដី​​ខេត្ត​​​កំពត​ មាន​រស​ជាតិ​​​ផ្អែមស្អិត ហើយ​មាន​​គ្រាប់​ធំ​។

ពូជទុរេន​នៅ​ចម្ការលោក ម៉ៅ វុត្ថា មាន៣ប្រភេទគឺ​ទុរេនឪខាក់​ ​​សាដង់​កិត និ​ងទុរេន​ស្រែ ឬ​ទុរេន​ដូនតា​។ រូបថត សហការី

ប៉ុន្តែ​លោក​ ម៉ៅ វុត្ថា ក៏​​បាន​ឱ្យ​ដឹង​ដែរ​ថា ​​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​និយម​ប្រភេទ​ម៉នថង​របស់​ថៃ​ ​និង​ប្រភេទ​​ពូជ​​ម៉ាឡេ មូសាងឃីង ឬ​ម៉ូសាងវ៉ាង​។ លោក​​​លើក​ឡើង​​ដោយ​​បារម្ភ​ថា​៖ «វា​ជា​ការ​បារម្ភ​​ដែរ​ ព្រោះ​ពូជ​ទុរេន​​​កំពត​ ឥឡូវ​​មិន​សូវ​​មាន​អ្នក​ដាំ​ និង​យក​ចិត្ត​ទុក​ដាក់​»។​

ទោះ​ជា​យ៉ាងណា ​ទុរេន​​កំពត​របស់​លោក​​នៅ​តែ​មាន​ការ​ពេញ​និយម​​​ជាក់ស្ដែង​​ចំនួន ១០០ ​ផ្លែ​ លក់​ត្រឹម​​ ១ ម៉ោង​ ​គឺ​​​អស់​​តែ​ម្ដង ​ព្រោះ​អ្នក​ទិញ​ភាគ​ច្រើន​ជា​អ្នក​ស្គាល់​ និង​គេ​ជឿ​ថា​ ទុរេន​របស់​លោក​ ​គឺ​​​ធម្មជាតិ​មិន​ប្រើ​ជី​គីមី និង​លក់​ ១ គីឡួ តម្លៃ​ ២៨ ០០០ រៀល ​គិត​ទាំង​សម្បក​។ លោក​បញ្ជាក់​ថា​ អតិថិជន​​ទិញ​ទុរេន​​​ពី​ខាង​​លោក​ប្រសិន​បើ ​មាន​បញ្ហា​ ឬ​ក៏​​ខូច ​គឺ​លោក​​នឹង​ដូរ​ថ្មី​​ឱ្យ​​ ព្រោះ​​ដាំ​​តាម​​ធម្មជាតិ​​​​ហេតុ​នេះ មិន​បាន​ស្អាត​ល្អ​ ១០០ ភាគរយ​​​ទេ តែ​​មូលហេតុ​នេះ​ហើយ ​​ដែល​ទុរេន​​លោក​​ទទួល​បាន​ភាព​វិជ្ជមាន​​ច្រើន​ដែរ​​។​​

លោក ​វុត្ថា​ ដែល​ជា​អ្នក​ផ្ដើម​ការងារ​សង្គម​ចែក​​​កញ្ចប់​បាយ ​និង​អំណោយ​​ខ្លះៗ​ តាមរយៈ​ភោជនីយដ្ឋាន​ផ្ទះ​​ត្រីសាល់​ម៉ុន​របស់​លោក​នោះ បាន​បង្ហើប​​​ប្រាប់​ថា​៖​ «​យើង​ធ្លាប់​ម៉ៅ​ឱ្យ​គេ​។ ពេល​ទៅ​ឃើញ​ជាក់ស្ដែង​ទាំង​ដែល​មិន​ទាន់​​ទុំ​ផង​គេ​ផ្ដាច់​​​​វា​ដាក់​​ថ្នាំ ​ខ្ញុំ​មាន​អារម្មណ៍​អាណិត​អ្នក​ញ៉ាំ​ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​ចូលចិត្ត​ទុរេន​។ ​ខ្ញុំ​ក៏​​សម្រេច​ចិត្ត​ធ្វើ​ខ្លួន​ឯង លក់​ខ្លួន​ឯង​ដោយ​​ឱ្យ​វា​រស់​ទៅ​តាម​ធម្មជាតិ​​ ពេល​យើង​​​ញាំ​មាន​អារម្មណ៍​​ទាំង​សុវត្ថិភាព​ និង​សប្បាយ​ចិត្ត​ ព្រោះ​យ៉ាង​ណា​ យើង​មិន​ពឹង​​ផ្អែក​ទៅ​លើ​ចំណូល​មក​ពី​ហ្នឹង​ស្រាប់​ហើយ ​​វា​គ្រាន់​តែ​ជា​ការកម្សាន្ត​​មួយ​»៕​