ភ្នំពេញៈ ការប្រឡងប្រជែងតែងនិពន្ធរឿងខ្លី និងកំណាព្យ សម្រាប់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១០ ក្រោមប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ប្រចាំឆ្នាំ ២០១៩ នេះនៅកម្ពុជា ម្ចាស់ជយលាភីបានទៅលោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន និងលោក មឿន សំណាង ដែលនឹងត្រៀមទទួលពានរង្វាន់នៅថ្ងៃទី ១១-១៤ ខែ តុលា ឆ្នាំ ២០១៩ នៅប្រទេស មីយ៉ាន់ម៉ា។
លោកបណ្ឌិត ឡឹក ជំនោរ ជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរដែលទទួលបន្ទុកខាងផ្នែកស្រាវជ្រាវបោះពុម្ពផ្សាយ និងនវានុវត្តន៍បានឲ្យដឹងថា៖ «លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន គឺជាជយលាភីផ្នែករឿងខ្លីមានចំណងជើងថា «គង្គាជីវិត» ខណៈលោកស្រីគឺជាជនជាតិខ្មែរដែលមានសញ្ជាតិជប៉ុន និងពេលបច្ចុប្បន្ននេះ គាត់ក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (គាត់មកបង្រៀនមួយខែម្តង)។ ចំណែកឯលោក មឿន សំណាង ជាម្ចាស់សំណេរនៃកំណាព្យមានចំណងជើងថា «ស្នេហ៍លើផ្ទៃទន្លេ» គឺលោកជាបេក្ខជនមកពីខេត្តសៀមរាប»។
សម្រាប់ការប្រកួតតែងនិពន្ធរឿងខ្លី និងកំណាព្យ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គនេះត្រូវបានកំណត់ដាក់ប្រធានបទរួមថា «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ដែលមានប្រទេសជាសមាជិកមានចំនួន ៦ ប្រទេសគឺមានប្រទេស ចិន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ខណៈឆ្នាំនេះប្រទេសមីយ៉ាន់ម៉ាគឺជាម្ចាស់ផ្ទះដែលប្រារព្ធធ្វើនៅថ្ងៃទី ១១-១៤ ខែ តុលា ឆ្នាំ ២០១៩ ហើយប្រទេសទាំង ៦ ក៏ត្រូវសម្រេចឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំឆ្លាស់គ្នាជារៀងរាល់ឆ្នាំផងដែរតាមតួអក្សរឡាតាំងនៃប្រទេសនីមួយៗ។
លោកបណ្ឌិត ឡឹក ជំនោរ ក៏បន្តឲ្យដឹងពីគោលបំណងនៃការកំណត់ប្រធានបទនេះដែរថា៖ «ចង់ឲ្យស្មេរទាំងរឿងខ្លី និងកំណាព្យប្រើគំនិត និងទិដ្ឋភាពមើលឃើញជាក់ស្តែងរបស់ខ្លួនក្នុងការបង្កើតចេញជាស្នាដៃមកឲ្យមានលក្ខណៈឆ្លុះបញ្ចាំងទាំងសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់មនុស្ស ដែលកំពុងតែរស់នៅ និងអាស្រ័យនូវផលពីទន្លេនេះ។ ដូច្នេះពួកគាត់ពិតជាអាចធ្វើការពណ៌នាពីសកម្មភាព ឬហេតុការណ៍នានាដែលបានកើតឡើងនៅលើដងទន្លេមេង្គជាមិនខាន។
ប្រទេស មីយ៉ាន់ម៉ា គឺជាសមាជិកថ្មីនៅក្នុងចំណោមប្រទេសសមាជិកទាំង ៦ ដែលបានចូលរួមនៅក្នុងកម្មវិធីប្រឡងតែងនិពន្ធរឿងខ្លី និងកំណាព្យពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ហើយនៅឆ្នាំ ២០១៩ នេះគឺប្រទេស មីយ៉ាន់ម៉ាបានចូលរួមត្រឹមតែលើកទី៤ ប៉ុណ្ណោះ និងជាលើកទី១ ក្នុងនាមជាប្រទេសធ្វើម្ចាស់ផ្ទះរៀបចំផងដែរ។ នៅឆ្នាំក្រោយ (ឆ្នាំ២០២០) ប្រទេស កម្ពុជា យើងនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវិញម្តង»។
រីឯលក្ខខណ្ឌប្រកួតតែងនិពន្ធរឿងខ្លី និងកំណាព្យសម្រាប់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គនេះ ប្រទេសនីមួយៗត្រូវតែជ្រើសរើសរកជយលាភីចំនួន ២ រូបរៀងៗខ្លួន គឺមួយរូបគឺជាជយលាភីផ្នែករឿងខ្លី និងមួយរូបផ្នែកកំណាព្យ។ ចំពោះលក្ខខណ្ឌនៃការតាក់តែងទាំងរឿងខ្លី និងកំណាព្យនៅប្រទេសកម្ពុជា បេក្ខជនត្រូវបានគេកំណត់ឲ្យសរសេរយ៉ាងច្រើនបំផុតត្រឹមចំនួន ១៥ ទំព័រប៉ុណ្ណោះ៕