ភ្នំពេញ៖ វីដេអូគំនូរជីវចលប្រភេទ 2D ជាស្នាដៃម្ចាស់ជយលាភីលេខ ១ នៃកម្មវិធីប្រកួតប្រជែងគំនូរជីវចល Cambodia DigiCon6 ផលិតករភេទទី ៣ លោក កៅ សេងហ៊ួ មានចំណងជើងថា «Colors-ពណ៌» នឹងត្រៀមខ្លួនជាតំណាងកម្ពុជា នៅក្នុងការប្រកួតអន្តរជាតិឈ្មោះ 21st DigiCon6 ASIA Awards នៅទីក្រុងហុងកុង ប្រទេស ចិន ខែក្រោយ។
កៅ សេងហ៊ួ ដែលជានិស្សិតទើបតែបានរៀនចប់ជំនាញបរិញ្ញាបត្រផ្នែកគំនូរជីវចលនៅសាលាហ្វារពន្លឺសិល្បៈឆ្នាំ ២០១៩ នៅខេត្តបាត់ដំបង គឺជាម្ចាស់ជយលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែងគំនូរជីវចល Cambodia DigiCon6 នៅប្រទេស កម្ពុជា ក្រោយពីបានប្រជែងឈ្នះក្រុមផ្សេងៗ ដែលចូលរួមប្រកួតសរុបមានចំនួន ១៣ ក្រុម ដែលបានប្រគល់ជយលាភីដោយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីខែ សីហា ឆ្នាំ ២០១៩ កន្លងមក។
វីដេអូគំនូរជីវចល 2D ដែលមានថេរវេលា ៥ នាទី ជាស្នាដៃផលិតករភេទទី ៣ លោក កៅ សេងហ៊ួ មានវ័យ ២២ ឆ្នាំ ដែលឆ្លុះបញ្ចាំងពីប្រវតិ្តរបស់ខ្លួន គឺជាភេទទី ៣ ដោយលោកប្រៀបធៀបពណ៌ច្រើនប្រភេទសុទ្ធតែមានសារៈសំខាន់នៅក្នុងបរិបទធម្មជាតិនៃពណ៌ ដោយមនុស្សច្រើនប្រភេទក៏សុទ្ធតែមានតម្លៃរៀងៗខ្លួនក្នុងបរិបទសង្គមមនុស្សឥឡូវ។
កៅ សេងហ៊ួ ក៏បានបង្ហើបឲ្យដឹងពីការត្រៀមខ្លួនក្នុងការប្រកួតអន្តរជាតិមានប្រទេសចូលរួម ១៤ ប្រទេស នៅទីក្រុងហុងកុង នោះថា៖ «ខ្ញុំនឹងយកវីដេអូដែលកាលប្រកួតនៅស្រុកខ្មែរមានពេល ៥ នាទី បន្ថែមឲ្យបាន ៦ នាទី ពេលប្រកួតនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ សម្រាប់បង្កើនគុណភាព និងសាច់រឿងឲ្យបានល្អបន្ថែមទៀត»។
ម្ចាស់ជយលាភីរូបនេះ ក៏ប្រាប់ពីអារម្មណ៍ខ្លួនថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ក្រោយពីទទួលបានជ័យជម្នះក្នុងប្រទេសរួចមក ហើយក៏ត្រូវបានក្លាយជាតំណាងឲ្យកម្ពុជាទៅប្រកួតលក្ខណៈអន្តរជាតិលើកដំបូងដែរ។ តែសម្រាប់មោទនភាព គឺខ្ញុំយល់ថា គេចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានទាំងក្នុងប្រទេសតាមរយៈគ្រូបង្រៀននៅសាលាដោយស្នាដៃនេះបានពិន្ទុខ្ពស់ជាងគេ និងឈ្នះនូវជយលាភីពីការប្រកួតឆ្នាំនេះ។ ថ្មីៗនេះ ក៏មានការចាប់អារម្មណ៍ពីអ្នករៀបចំការប្រកួតអន្តរជាតិផងដែរ ដោយគេយកវីដេអូខ្ញុំទៅវិភាគពីគុណតម្លៃក្នុងសហគមន៍ LGBT តែម្តង»។
កៅ សេងហ៊ួ ក៏បន្ថែមឲ្យដឹងពីអត្ថន័យក្នុងវីដេអូនៃរឿង «Colors» ផងដែរថា៖ «ខ្ញុំផលិតវីដេអូនេះក្នុងគោលបំណងជួយផ្តល់កម្លាំងចិត្តដល់អ្នកជាក្រុមសហគមន៍ LGBT ដែលកំពុងតែពុំទាន់ស្គាល់ខ្លួនឯងមិនច្បាស់ថា ជានរណានៅឡើយនោះ។ លើកទឹកចិត្តឲ្យពួកគាត់រៀនស្គាល់ខ្លួនឯងឲ្យច្បាស់ និងធ្វើអ្វីដែលជារបស់ខ្លួន និងជួយសង្គមជាតិ។ សម្រាប់ខ្ញុំផ្ទាល់វិញ ជារឿងដែលខ្ញុំបានជួបផ្ទាល់ក្នុងជីវិត និងចង់បង្ហាញអារម្មណ៍បុគ្គលដែលត្រូវគេរើសអើងនោះ គឺថាវាពិតជាពិបាកខ្លាំងណាស់»៕