ក្រុងតូក្យូ: អ្នកចម្ការ​ដាំ​ដើមឈើ​ពូជ​តឿ (​ដើម​ប៊ន​សាយ bonsai) ជប៉ុន​ម្នាក់ បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ដល់​លោក​ចោរ​ដែល​បាន​លួច​រុក្ខជាតិ​ក្នុង​ផើង​ដ៏មាន​តម្លៃ​ដើម្បី​ឲ្យ​ចោរ​នោះ​ជួយ​ថែទាំ​រុក្ខជាតិ​សំណព្វ​ចិត្ដ​របស់​ខ្លួន​ផង​ដែរ​។

លោក សៃជិ អ៊ីមូរ៉ា ជា​អ្នកចម្ការ​ជំនាន់​ទី ៥ ដែល​បាន​ធ្វើ​សួន​ដំណាំ​តឿ​ក្នុង​ក្រុង​កាវ៉ាហ្គោឈិ​ភាគ​ខាង​ជើង​ទីក្រុង​តូក្យូ​បាន​ប្រាប់ AFP ថា កូន​ឈើ​តូចៗ ៧ ដើម​ដែល​ត្រូវ​បាន​ចោរលួច​ពី​សួន​គឺជា​ទ្រព្យសម្បត្ដិ​ប្រចាំ​គ្រួសារ​របស់​លោក​។

លោក​បាន​និយាយ​ថា​៖ «​វា​ជា​សម្បត្ដិ​ប្រចាំ​គ្រួសារ​ដែល​ខ្ញុំ​មិន​ដាក់លក់​នោះ​ទេ ទោះ​ជា​អតិថិជន​ហ៊ាន​ចាយប្រាក់​ដល់ ១០ លាន​យ៉េន (៩ ម៉ឺន​ដុល្លារ​) ក៏ដោយ​។ មែន​ហើយ​ខ្ញុំ​ស្អប់​ចោរ​នោះ​ណាស់ តែ​ខ្ញុំ​ចង់​ប្រាប់​ទៅ​គាត់​ថា សុំ​មេត្ដា​ជួយ​ស្រោច​ទឹក ថែទាំ​វា​ឲ្យ​បាន​ល្អ​ផង​។ ខ្ញុំ​នឹង​សោកសៅ​ជាង​នេះ បើ​ពួកវា​ងាប់​នោះ​»​។

ទាំង​ក្ដី​សោកស្ដាយ​លោក អ៊ីមូរ៉ា បាន​រាយការណ៍​ប្រាប់​ប៉ូលិស​កាលពី​ខែ​មុន​ថា កូនឈើ​តឿ ៧ ​ដើម​តម្លៃ​ជាង ៧ ​លាន​យ៉េន​ឯនោះ​រួមទាំង ស្រល់កន្ដឿ អាយុ ៤០០ ​ឆ្នាំ​ក៏​ត្រូវ​បាន​លួច​ពី​សួន​របស់​លោក​ផង​ដែរ​។

តាំងពី​ឈើ​លម្អ​ត្រូវ​បាន​លួច​លោក​ក៏​ចាប់ផ្ដើម​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​។ លោក​បាន​ប្រាប់​ថា​៖ «​ដឹង​ទេ​ថា រុក្ខជាតិ​គឺជា​រឿង​លម្អ​។ ការ​គន់​រុក្ខជាតិ​តឿ​មិន​ខុស​ពី​ដើរ​តាម​ព្រៃ​ភ្នំ​ជ្រៅៗ ខណៈ​នៅ​ក្នុង​ផ្ទះ​អ៊ីចឹង​»​។

ក្នុង​ឆ្នាំ​ ២០១៨ ជប៉ុន​បាន​នាំ​ចេញ​ផ្កា​រុក្ខជាតិ​តឿ​តម្លៃ ១២ ​ពាន់​លាន​យ៉េន ដោយ​បាន​កើនឡើង​ពី ៤,៥ ពាន់​លាន​យ៉េន​កាលពី​ប្រមាណ​ជា​ ១ ​ទសវត្សរ៍​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុះ​ផ្សាយ​ដោយ​ក្រសួង​កសិកម្ម​៕ HR