ភ្នំពេញ៖ ក្រោយ​ពី​បាន​កាន់ពាន​រង្វាន់​ Cambodia''s Got Talent រដូវកាល​ទី១ បាន​​រយៈពេល ​៦ ឆ្នាំ​មក​ យុវជន​​ដែល​​មាន​ដុង​ទេពកោសល្យ​សិល្បៈ​ ទោះបី​ជា​ពិការ​ភ្នែក​ពី​កំណើត​ យឿន ពិសី បានជួប​​ម្ចាស់​​បេះដូង​មាន​ភក្តីភាព​ និង​​ក្រាប​​ផ្ទឹម​ចូល​​​រោងជ័យ​ហើយ​កាល​​ពី​ថ្ងៃទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ ជាមួយ​ភរិយា​ដ៏​​ស្រស់​ស្អាត គឺ​​ជា​​ហ្វេន​របស់​ខ្លួន​​ ក្រោយ​​​ពី​​បាន​យល់​​ចិត្ត​​​យល់​​ថ្លើម​​​​គ្នា​ប្រមាណ ​១ ​ឆ្នាំ​មក​នោះ​។

បង្កើត​ភាព​ភ្ញាក់​ផ្អើល​ទាំង​មជ្ឈដ្ឋាន​សិល្បៈ និង​មហាជន ​ស្រាប់​តែ​លេច​ចេញ​បណ្តុំ​រូបភាព​​គូ​ស្វាមី​ភរិយា​ ដែល​គេ​ស្គាល់​ច្បាស់​កូន​កំលោះ​ យឿន ពិសី គឺ​អតីត​ជា​កុមារា​ម្ចាស់​ Cambodia''s Got Talent រដូវកាល​ទី១ កាល​ពី​ឆ្នាំ​ ​២០១៥ ហើយ​កាល​នោះ​ យឿន ពិសី មាន​វ័យ ​១៥ ​ឆ្នាំ ដែល​ជា​​កូន​​ទី​២ ក្នុង​​ចំណោម​បងប្អូន​ប្រុស​ស្រី ៧ នាក់​ នៃ​​គ្រួសារ​​មាន​​ស្រុក​កំណើត​​នៅ​​ខេត្ត​​កំពង់ចាម និង​កូន​ក្រមុំ​មាន​​ឈ្មោះ​ថា ហេង កក្កដា ​​ដោយ​​អ្នក​ទាំង ២ ​បាន​ចូល​រោងជ័យ​​តាម​ប្រពៃណី​ខ្មែរ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ នៅ​គេហដ្ឋាន​ខាង​ស្រី​ ​នៅ​ភូមិ​ថ្មគោល ២ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

ពិធី​មង្គល​ការ​នោះ គេ​ក៏​បាន​​ឃើញ​​​សិល្បករ​ជា​ប្តី​ប្រពន្ធ​មាន​ឈ្មោះ​ល្បី​ក្នុង​សង្គម​សិល្បៈ​គឺ​លោក អ៊ុក ណារីម និងអ្នក​នាង ឆោម ឆពុំ ក៏​បាន​មក​ចូលរួម​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ផង​ដែរ ខណៈ​​អ្នក​ទាំង ​២ ក៏​បាន​​ជូន​ពរ​ថា៖ «សូម​ជូន​ពរ​ក្មួយ យឿន ពិសី និង​ភរិយា ក្នុង​ថ្ងៃ​សិរីសួស្តី ជ័យ​​​មង្គល​នៃ​អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​របស់​ក្មួយ​ទាំង ២ សូម​​ជួប​តែ​​សុខ​​សុភមង្គល​ ជោគជ័យ​ទាំង​នៅ​​ក្នុង​អាជីព​ និង​គ្រប់​ភារ​កិច្ច​ការងារ»។

តាម​សម្តី​រៀបរាប់​ពី​សំណាក់​​កូន​​ក្រមុំ​នៅ​ក្នុង​បទសម្ភាស​​កាល​​ពី​ថ្ងៃ​រៀបការ​នោះ ទំនាក់ទំនង​​​ស្នេហា​រវាង​អ្នកនាង​​ជាមួយ​នឹង​​​ស្វាមី​គឺ​លោក យឿន​ ពិសី ផ្តើម​ពី​សេចក្តី​ស្រឡាញ់​​ពី​សំណាក់​ហ្វេន​ទៅ​កាន់​ខាង​​អាយដល​។

កុមារា យឿន ពិសី ដែល​ពិការភ្នែកពី​កំណើត​ បាន​ឈ្នះ​ពាន​កម្ម​វិធី​Cambodia GotTalent ​រដូវ​កាលទី​១ កាលឆ្នាំ ២០១៥។ ហ្វេសប៊ុក​

អ្នកនាង ហេង​ កក្កដា ក៏​បង្ហើប​​ប្រាប់​ក្នុង​វីដេអូ​នៃ​បទសម្ភាស​នោះ​ថា អ្នកនាង​គឺ​ជា​អ្នក​​ដែល​បាន​ឆាត​ទៅ​កាន់​ Idol មុន​ ហើយ​ទំនាក់ទំនង​​ចេះ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ចូល​រោង​​ការ ខណៈ​ពេល​វេលា​មើល​​ចិត្ត​​មើល​ថ្លើម​គ្នា​​មាន​រយៈពេល​ប្រហែល​ជា ១ ឆ្នាំ​មក​​។​

គួរ​រំឭកផង​ដែរ​ថា ​យឿន​ ពិសី ​គឺ​ជា​​ម្ចាស់​ពាន​រង្វាន់​ Cambodia''s Got Talent រដូវកាល​ទី១​ ដែល​ទទួល​បាន​ការ​ផ្ញើសារ​បោះ​ឆ្នោត​ច្រើន​ជាង​​គេ នៅ​ក្នុង​ចំណោម​នៃ​បេក្ខជន ដែល​បាន​ចូល​​ប្រឡង​ជា​​ច្រើន​នាក់​ ក៏​ព្រោះ​តែ ​ពិសី មាន​​ទឹក​ដម​សំនៀង ​​ដ៏​ពីរោះ​រណ្តំ ទើប​អាច​ទាក់ទាញ​ចិត្ត​អ្នក​គាំទ្រ​រហូត​បាន​ឈ្នះ​ពាន​លើក​ដំបូង​សម្រាប់​ការ​ប្រកួត Cambodia''s Got Talent របស់​​ប្រទេស​កម្ពុជា​ តាមរយៈ​ទូរទស្សន៍​ហង្សមាស​ កាល​ពី​ឆ្នាំ ​២០១៥​។

បើ​ទោះបី​ជា​ កុមារ​ពិការ​ភ្នែក​តាំង​ពី​កំណើត ដែល​​រស់នៅ​​ក្នុង​​ជីវភាព​ក្រីក្រ​លំបាក​ យឿន ពិសី បាន​កែប្រែ​ឆាក​ជីវិត​របស់​ខ្លួន​​​តាមរយៈ​ការ​ចាប់​យក​​សិល្បៈ​ចម្រៀង​​រហូត​​ដល់​បាន​ក្លាយ​ជា​បេក្ខជន​ប្រឡង​ជាប់​ជា​​​ម្ចាស់​ជយលាភី​​កម្មវិធី​លំដាប់​ពិភព​លោក​ Cambodia''s Got Talent កាល​ពី​ឆ្នាំ ​២០១៥ និង​ក្រោយ​ពី​បាន​កាន់​ពាន ​៦ ឆ្នាំ​មក ក៏​ពង្រីក​មន្ត​ស្នេហ៍​​ដល់​ហ្វេន​ ហើយ​ឈាន​មក​​ដល់​ការ​បង្កើត​ចំណង​ស្នេហ៍​​ជា​ប្តី​ប្រពន្ធ​​ក្នុង​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃទី ​១៧ ខែ មករា ឆ្នាំ ​២០២១៕​​​