ខេត្តពោធិ៍សាត់ៈ ក្រោយពី​ជោគជ័យ​ក្នុង​ការយក​ត្នោត​ងាប់​មក​ច្នៃប្រឌិត​ជា​គ្រឿង​ប្រើប្រាស់​កំប៉ិកកំប៉ុក​រហូត​ដល់​ជា​គ្រឿងសង្ហារិម​មាន​ចំនួន​កើន​កាន់តែ​ច្រើន​ឡើង​គឺ​រាប់ពាន់​មុខ​មក​នោះ សិប្បកម្ម​គ្រឿងសង្ហារិម​ផលិត​ពី​ត្នោត​របស់​លោក សាន ពៅ កំពុង​តែ​មាន​គោលដៅ​ធំ​មួយ​ជួយ​សម្រួល​ផ្តល់​ការងារ​ដល់​ជនពិការ​ប្រមាណ​ ៥០ ទៅ ១០០ នាក់​នៅក្នុង​អំឡុងពេល​ ២ ​ឆ្នាំ​ខាង​មុខ​នេះ​។

លោក សាន ពៅ បុរស​ជា​ម្ចាស់​សិប្បកម្ម​វ័យ ៤២​ ​ឆ្នាំ​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ការជួយ​សង្គម​តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ក្នុង​ស្រុក​ទាំង​ពលរដ្ឋ​មាន​កាយ​សម្បទាន​ល្អ និង​ជនពិការ​នា​ឆ្នាំ​ ២០២០-២០២១ ​ថា​៖ «​តាម​គម្រោង​របស់​ខ្ញុំ​នោះ ប្រមាណ​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹង​ផ្តល់​ការងារ​ជូន​ដល់​បងប្អូន​ពិការ​ឲ្យ​មាន​ចំនួន​កាន់តែ​ច្រើន​គឺ​មាន​ប្រមាណ ៥០ នាក់​ទៅ ១០០ នាក់​តាមរយៈ​ផ្តល់​ការងារ​នៅក្នុង​សិប្បកម្ម​ត្នោត​របស់​ខ្ញុំ​។ ជនពិការ​ដែល​អាច​មក​ធ្វើ​ការងារ​នៅ​កន្លែង​ខ្ញុំ​នេះ​មាន​ជនពិការភ្នែក និង​ខ្វិន​ស្វិតដៃជើង ព្រោះ​ថា​ពួកគាត់​អាច​ធ្វើ​ការងារ​ផ្នែក​ដុសខាត់​បាន ហើយ​ពួកគាត់​អាច​ទទួល​បាន​ប្រាក់ខែ​ពី ៣០ ​ម៉ឺន​រៀល​ទៅ​ដល់ ៦០ ម៉ឺន​រៀល​។ ចំពោះ​ពលរដ្ឋ​មិន​ពិការ​វិញ​នោះ​គឺ​អាច​ទទួល​បាន​ប្រាក់ខែ​តិច​បំផុត​គឺ ១០០ ដុល្លារ និង​មាន​ខ្ពស់​រហូត​ដល់ ៤៥០ ​ដុល្លារ​ឯណោះ គឺ​អាស្រ័យ​តាម​មុខ​ជំនាញ​របស់​ពួកគាត់​»​។

ឈុត​តុ និង​កៅអី​អាហារ​សម្រាប់​ដាក់​នៅ​ផ្ទះ​បាយ​ផលិត​ពី​ត្នោត​សុទ្ធ​។ រូបថត សហការី

ដោយ​មាន​ចំនួន​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រួម​មាន​ដូចជា ប្រអប់​ដាក់​ក្រដាស​ជូត​មាត់ ផ្តិល ពែង និង​ប៉ាន់តែ ត្បាល់ និង​អង្រែបុកគ្រឿង វែកបាយ វែក​សម្ល សម និង​ស្លាបព្រា ចានបាយ ចង្កឹះ តុ កៅអី ទូ​ខោអាវ ​ទូតាំង​ក្នុង​ការិយាល័យ តុ​បាយ​ឈុត តុ​ការិយាល័យ កៅអី សាឡុង កំប៉ុង ឈើ​ចាក់ធ្មេញ រូប​ត្រី​ផ្សោត ទូ​សម្លៀកបំពាក់ ចង្កឹះ​ប្រអប់​ក្រដាស​វែង​ខ្លី ចាន ថាស កែវ គ្រែ ព្រះនាង ចានស្រាក់ និង​គ្រឿង​វត្ថុ​អនុស្សាវរីយ៍​ដទៃ​ទៀត​រាប់ពាន់​មុខ​ដ៏ស្រស់ស្អាត​ច្រើន​ទំហំ និង​ប្រភេទ​គឺ​សុទ្ធតែ​ជា​ផលិតផល​កែច្នៃ​ដើមត្នោត​របស់​សិប្បកម្ម​សានពៅ​ស្ថិតនៅ​ភូមិ​បឹងឈូក ក្នុង​ឃុំ​បឹង​បត់កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

សិប្បកម្ម​របស់​លោក សាន ពៅ ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិតផល​ពី​ត្នោត មាន​មុនគេ​នៅឯ​ខេត្តពោធិ៍សាត់​នោះ​មាន​លក់​ផលិតផល​ទាំង​ដុំ និង​រាយ ខណៈពេល​បច្ចុប្បន្ន​នេះ​ក៏​មាន​ក្រុម​ឈ្មួញកណ្តាល​មក​ទិញ​យក​ទៅ​លក់​ចែកចាយ​ជា​បន្ត ហើយ​ក៏​មាន​សេវាកម្ម​ដឹកជញ្ជូន​ឲ្យ​អតិថិជន​ទាំង ២៥ ខេត្ត​ក្រុង​ផង​ដែរ​។ ចំពោះ​កម្មករ​ធ្វើ​ការងារ​នៅ​សិប្បកម្ម​ត្នោតសាន ពៅ ភាគច្រើន​ជា​ពលរដ្ឋ​ដែល​មាន​ភាពក្រលំបាក​ជួប​ទីទ័ល​ក្នុង​ជីវភាព និង​ជា​ជនពិការ​ផងដែរ ខណៈ​បច្ចុប្បន្ន​លោក​មាន​កម្មករ​ធ្វើការ​ចំនួន​ ៨០ នាក់​ដោយ​រាប់​ទាំង​ជនពិការ​ចំនួន ៤ នាក់​ផង​ដែរ​។

លោក សាន ពៅ ក៏​បង្ហើប​ថា​៖ «​ដោយសារ​ក្តី​អាណិតអាសូរ​ដល់​ពួកគាត់​ដែល​ជួប​ផលលំបាក​ក្នុង​ជីវិត​ទើប​ខ្ញុំ​សម្រេច​ទទួល​យក​កម្មករ​មក​ធ្វើ​ការងារ​នៅ​ទីកន្លែង​ខ្ញុំ​ភាគច្រើន​គឺជា​ជនក្រីក្រ ក្មេង​កំព្រា និង​ជនអនាថា​ជាដើម​។ គ្រាន់តែ​ចូល​ធ្វើការ​ភ្លាម ពួកគាត់​បាន​ប្រាក់ ៤០ ​ម៉ឺនរៀល​ឯណោះ​សម្រាប់​អ្នក​គ្មាន​ជំនាញ តែ​ពេល​ពួកគាត់​រៀន​ចេះ និង​បាន​ជំនាញ​ពី​ការងារ​នេះ​ទៅ​គឺ​អាច​ទទួល​បាន​ប្រាក់ខែ​ដល់​ទៅ​ជាង ៤០០ ដុល្លារ​ឯណោះ ហើយ​ក្រៅពី​នេះ​ពួកគាត់​ក៏​ទទួល​បាន​អាហារ​បន្ថែម ៣ ពេល​ពី​ខាង​យើង​ទៀត​ផង​។ ខណៈ​សម្រាប់​អ្នក​ខ្វះ​ជម្រក​វិញ ខ្ញុំ​ក៏​មាន​ផ្តល់​កន្លែង​ស្នាក់នៅ​ផង​ដែរ ប្រសិន​​បើ​ឃើញ​ជាក់ស្តែង​ទៅ​ពិតជា​អ៊ីចឹង​មែន​នោះ​»៕