The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្តាយ ​វ័យ ៨៣ ឆ្នាំ​ និង​កូន​វ័យ ៦៧ ឆ្នាំ ខំត្រដរ​រស់នៅ​ក្នុង​ខ្ទម​លើ​ទឹកស្អុយ




ម្តាយ ​វ័យ ៨៣ ឆ្នាំ​ និង​កូន​វ័យ ៦៧ ឆ្នាំ ខំត្រដរ​រស់នៅ​ក្នុង​ខ្ទម​លើ​ទឹកស្អុយ

Content image - Phnom Penh Post
ដូនចាស់ ស្តើង រុណ មាន​វ័យ ៨៣ ឆ្នាំ នាពេល​ដើរឈាន​ចូល​ក្នុង​ផ្ទះ​ខ្ទមមាន​ទឹកស្អុយ​នៅ​ខេត្ដ​បាត់ដំបង។ ​អង្គការ ព.អ.ក

ម្តាយ ​វ័យ ៨៣ ឆ្នាំ​ និង​កូន​វ័យ ៦៧ ឆ្នាំ ខំត្រដរ​រស់នៅ​ក្នុង​ខ្ទម​លើ​ទឹកស្អុយ

បាត់ដំបង: មិន​ត្រឹម​តែ​មានជី​ភាព​​ដ៏​សែន​លំបាកលំបិន​​ដោយ​ខំ​រស់​នៅ​កំដរ​កូនស្រីវ័យ ៦៧ ឆ្នាំ​ ​ហើយ​មាន​ជំងឺ​ប្រចាំ​កាយខណៈខ្លួន​មាន​​វ័យ ៨៣ ឆ្នាំ​ទៅ​ហើយ​នោះ​ និង​សូម្បីតែ​ផ្ទះ​ខ្ទម​ជាជម្រក​ដូនចាស់​ ស្តើង រុណ ​ដ៏​កំសត់​នោះ​​ក៏មាន​ស្ថានភាពនៅ​ក្នុង​បរិ​ស្ថាន​ដ៏​អាប់​អួ ត្រាំត្រែង​នឹង​ថ្លុក​ប្រ​ឡាយ​​ទឹក​​ស្អុយនៅ​ខាង​ក្រោម​ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ផងដែរ​​។

ដូន​ចាស់​ដែល​មាន​សក់​ពណ៌​ស​ទាំងម្តាយ​ និង​កូន យាយ​ ស្តើង រុណ ជា​ម្តាយ និង​កូន​ស្រី​ សំ​ សុខា​ ​គឺ​ជា​គ្រួសារ​​មួយ​ក្នុង​ចំណោម​ក្រុមគ្រួសារ ដែល​មាន​ជីវ​ភាព​ក្រី​ក្រ និងលំបាក​ជាងគេ​នៅ​ក្នុង​ភូមិ ១៣ មករា ឃុំ​ព្រែក​​ព្រះ​ស្តេច​ ស្រុកខេត្ត​បាត់​ដំបង​។

លោក ឌុល វន្នី ប្រធាន​ក្រុម​ការ​ងារ​គម្រោង​ជួយ​ជនចាស់​ជរា និង​ក្រីក្រ​របស់​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​ការ​អប់រំ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «កាល​ថ្ងៃ​ទី ២០ មេសា​ឆ្នាំ ២០១៥ កន្លងទៅ​ក្រុម​​ការងារ​ជួយ​ចាស់​ជរា និង​ក្រីក្រ​របស់​អង្គ​ការយើង​ បាន​ចុះ​ទៅ​ស្វែង​យល់​ពីស្ថាន​ភាព​ និង​ជីវ​ភា​ព​ ក៏​ដូច​ជា​ការ​ចុះ​ដើម្បី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​​ចំនួន ១០ គ្រួសារ​នៅ​ភូមិ ១៣ មករា ឃុំ​ព្រែក​ព្រះ​ស្តេចនោះ​ យើង​​ក៏បាន​ជួប​ដូនចាស់​ទាំង​ម្តាយ និង​កូន​ កំពុង​តែ​​ពិសា​បាយ​ជាមួយនឹង​សាច់​ប្រហុក​ឆៅ​ ដោយមើល​ទៅ​គួរ​ឲ្យ​សង្វេគ និង​អាណោច​អាធ័ម​ខ្លាំង​ណាស់»។ ​

ជីវិត​ជា​មនុស្ស​ចាស់​វ័យ​ប្រមាណជាង ៦០ និង ៨០ ឆ្នាំ​ប្លាយ​នេះ​ សម​តែ​មាន​កូន​ចៅ​ ឬ​អ្នក​ថែទាំ​ចិញ្ចឹមដ៏សម​រម្យ​មួយ​​គឺ​លែង​ខ្វល់ខ្វាយ​នឹងមុខ​ការ​ប្រកបរបរ​​ចិញ្ចឹមអាត្មា​ទៀត​ហើយ តែ​សម្រាប់ជោគវាសនា​របស់​​យាយ សំ សុខា និង​លោកយាយ ស្តើង រុណ​ ពុំ​មាន​សំណាង​ល្អសោះសម្រាប់​​ឆាក​ជីវិត​ចុង​ក្រោយរបស់​ពួកគាត់​។

Content image - Phnom Penh Post
ព្រះតេជគុណ ហាក់ សៀងហៃ នាំ​អំណោយ​ជូន​ម្ដាយ​កូន​ជរា​។ អង្គការ ព.អ.ក

លោក ឌុល វន្នី បន្ដ​ឲ្យ​ដឹង​ថា៖ «​ពួក​គាត់​មិន​ត្រឹម​តែមាន​វាសនា​មិន​សូវ​ល្អ​ដូច​គ្រួសារ​ដទៃ​ទេ ថែមទាំងគ្មាន​ដី​ធ្លី​ជា​កេរមរតក​ដើម្បី​សាង​សង់​ផ្ទះ​រស់​នៅបាន​សម​រម្យ​ទៀត។ ​សព្វ​ថ្ងៃ​ពួកគាត់​បាន​​សុំចំណី​ដី​ចិញ្ចើម​ប្រឡាយ​បង្ហូរ​​ទឹក​ស្ងុយ​​មក​ធ្វើ​ខ្ទមបិទ​បាំង​ដើម្បីជ្រក​​កោនជា​ផ្ទះ​​តែ​ប៉ុណ្ណោះ។ បើនៅ​រដូវ​ភ្លៀងធ្លាក់​នោះ​វិញ លោក​​យាយ ស្តើង រុណ​ មិន​អាច​សម្រាន្ដ​បានឡើយ​ព្រោះថា​ផ្ទះ​ខ្ទម​លេច​ធ្លុះ​ធ្លាយ​សាច​ទឹកភ្លៀងចូល​ពេញផ្ទះ និង​គ្មាន​កន្លែងណា​អាច​សម្រាក​បាន​ទេ​»។

ទោះយ៉ាង​នេះ​ក្តី​ដូន​ចាស់​ទាំង​ពីរ​ មិនបាន​លើក​ដៃសុំអង្វរ​ ឬ​សុំ​ទាន​អ្នកដទៃ​ឡើយ​ ដូច​ជា​ករណី​លោក យាយ ស្តើង​ រុណ សម្ងំនៅ​ក្នុង​ខ្ទម​ម្នាក់​ឯង​អត់​អាហារ​ ខណៈ​​កូន​ស្រី​យាយ សំ សុខា ​ទៅ​សុំ​ការ​ងារ​គេ​ធ្វើរកបាន​ប្រាក់​បន្តិច​​បន្តួច​​ដើម្បី​ទ្រទ្រង់​ជីវិត​ឲ្យ​បាន​​រស់បន្ដ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។

លោក ឌុល វន្នី បន្ថែម​ថា៖ «សព្វ​ថ្ងៃ​លោក​យាយ ស្តើង រុណ រស់​នៅ​​​អាស្រ័យ​ដោយ​សារ​អ្នក​ភូមិ​ផងរបងជា​មួយ​បាន​​ជូន​បាយ ម្ហូប​អាហារ​ ចំណីចំណុកដល់​គាត់​​ ខណៈ​ថ្ងៃ​ខ្លះ​គាត់​អត់​មានបាយពិសា​ពេញ​មួយ​ថ្ងៃ​ក៏​មាន​​ដែរ។ ចំណែក​ឯ​កូនស្រី​គាត់​គឺ​យាយ សំ សុខា មាន​របរ​ជា​អ្នក​លាង​ដបទឹក​សុទ្ធ​ឲ្យ​គេ​ ​​មួយ​ថ្ងៃអាច​រក​បាន​ ៥០០០ ​រៀល ប៉ុណ្ណោះ​​ដើម្បី​យក​មក​ផ្គត់ផ្គង់​ចិញ្ចឹម​ម្តាយ​ និង​ខ្លួន​គាត់»។

​នា​ថ្ងៃ​ចន្ទទី ២៣ ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ កន្លង​មក​ ក្រុម​ការងារ​អង្ក​ការ​ព.អ.ក ដែល​​ដឹក​នាំ​ដោយ​ព្រះភិក្ខុ ធម្មសេនា ហាក់ សៀងហៃ បាន​នាំ​យក​អង្ករ ៥០ គីឡូ​ក្រាម មី ១ កេស ទឹកត្រី ១ យួរ ​និង​ទឹក​ស៊ីអ៊ីវ ១ យួរ​ គឺជា​ការ​ជួយ​សង្គ្រោះ​ជា​បណ្តោះអាសន្ន​ដល់​ដូន​ចាស់​ទាំង​ពីរ​តែ​​ប៉ុណ្ណោះ។

ព្រះ​តេជ​គុណក៏​មាន​សង្ឃដីកា​ថា៖ «​​សុំ​ញាតិញោម​ ទាំង​ជិត និង​​ឆ្ងាយ​ជួយ​​សង្គ្រោះ​​ពួកគាត់​ទាំង​ពីរ​ដែល​ជាមនុស្ស​ចាស់​ជរា​ផង!»៕

អត្ថបទគួរចាប់អារម្មណ៍