ភ្នំពេញ: ដំណឹងបង្ហើបពន្លឺពីចំណងស្នេហ៍តារាចម្រៀងគ្រាប់ពេជ្ររបស់ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និង ប្អូនប្រុសថៅកែផលិតកម្ម ហាក់បង្ហាញពន្លឺកាន់តែច្បាស់ ខណៈនៅរយៈចុងក្រោយនេះ ពួកគេក៏ត្រូវបានមហាជនមើលឃើញថា ហ៊ានបណ្តើរគ្នាចូលរួមកម្មវិធីដោយបើកចំហ ជាមួយនឹងព័ត៌មានរហិចរហៀងថា ពួកគេក៏កំពុងពន្លឿនវេលាបញ្ចប់ភាពនៅលីវ មិនឲ្យឆ្លងផុតឆ្នាំ ២០១៨ នេះដែរ។ ប៉ុន្តែដំណឹងនេះបែរជាត្រូវម្តាយតារាចម្រៀង ឱក សុគន្ធកញ្ញា ថ្លែងបដិសេធក្នុងន័យភ្ញាក់ផ្អើលទៅវិញ។
ថ្លែងតាមទូរស័ព្ទ អ្នកស្រី អ៊ិន ថាច តបនឹងព័ត៌មានលេចឮមុននេះថា កូនស្រីជិតរៀបការ ដោយអ្នកស្រីបានបកស្រាយបញ្ច្រាសថា៖ «ខ្ញុំមិនដែលឮកូនស្រីមកប្រាប់ ខ្ញុំទេថា នឹងរៀបការនៅឆ្នាំ ២០១៨ នេះ»។
បន្ទរនឹងសម្តី បែបរុញច្រាន ដំណឹង ដែលល្បីកូនស្រីចូលរោងការឆ្នាំ ២០១៨ នោះ អ្នកស្រីបានលើកឡើងថា៖ «រឿងនោះអាចជាការយល់ច្រឡំច្រើនជាង មើលទៅ! កូនខ្ញុំការឆ្នាំហ្នឹងមែន? ពីណាគេ និយាយទៅ អីក៏ច្បាស់ម៉្លេះ? ខ្ញុំអត់ដឹងរឿងទាំងនោះទេ ព្រោះអាកញ្ញា ក៏មិនដែលនិយាយរឿងចង់ការហ្នឹងប្រាប់ខ្ញុំដែរ»។ អ្នកស្រី អ៊ិន ថាច ក៏ប្រាប់ថា៖ «តាមមើលទៅ ការពេលហ្នឹងមិនកើតទេ ព្រោះគេរវល់ខ្លាំងណាស់»”។
កន្លងមក ធ្លាប់មានដំណឹងលេចឮពីស្រទាប់អ្នកសិល្បៈថា តារាចម្រៀងស្រីលេចធ្លោ ប្រចាំទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ធ្លាប់បានពន្លយពាក្យថា នាងនឹងចូលរោងការនៅឆ្នាំ ២០១៨ ឬមិនឲ្យផុតពីអាយុ ៣១ឆ្នាំ ទេ ហើយវាចាបែបនេះ ធ្វើឲ្យអ្នកគាំទ្រកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំង។
នៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនមួយ នៅកោះពេជ្រ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានពិធីការិនីសួរពីរឿងចូលរោងការនោះ ដោយទស្សនិកជនជាច្រើន បានយល់ថា ការថ្លែងរបស់កញ្ញា នៅពេលនេះ ប្រាកដជានាងមានទំនុកចិត្តជាមួយគូស្នេហ៍ច្បាស់លាស់អស់ហើយ បានជាចង់ដឹកដៃគ្នារំលេចពិធីក្រាបផ្ទឹមតាមប្រពៃណីនោះ។
តែជុំវិញសម្តីកូនស្រីបង្ហើបបែបនេះដែរ អ្នកស្រី អ៊ិន ថាច ក៏បានបញ្ជាក់ថា៖ «រឿងប្រកាសចូលរោងការនៅឆ្នាំ ២០១៨ ហ្នឹង អាចជាការស្តាប់ច្រឡំហើយមើលទៅ! ព្រោះថា កូនខ្ញុំអាចច្រៀងចប់បទ «ឆ្នាំអូន ៣១» ហើយត្រូវពិធីករសម្ភាសថា ចង់រៀបការអាយុប៉ុន្មានអីក៏ឆ្លើយថា អាយុ ៣១ ហ្នឹងតែម្តងទៅ»។
ក្នុងសំដីសាទរឱកាសការកូនស្រីជាតារាចម្រៀងល្បីថា នឹងស្វាគមអ្នកព័ត៌មានឲ្យចូលរួម បើថ្ងៃសិរីមង្គលនោះមកដល់មែន ម្តាយតារាចម្រៀង សុគន្ធ កញ្ញា ក៏បានពោលពាក្យបន្តទៀត៖ «ខ្ញុំនៅតែប្រាប់ថា អត់បានដឹងរឿងកូនស្រីចង់រៀបការហ្នឹងមែន ព្រោះគេមិនដែលប្រាប់ខ្ញុំសោះ»។
ឱក សុគន្ធកញ្ញា ដែលល្បីសុសសាយរឿងមានស្នេហាជាមួយលោក អ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន ធ្វើឲ្យអាជីពចម្រៀង និង ស្នេហាសុគន្ធកញ្ញា ល្បីព្រមគ្នាតែម្តង។ អ្វីដែលធ្វើឲ្យមហាជនកាន់តែស្រឡាំងកាំងថែមទៀតនោះ ស្រាប់តែឱក សុគន្ធកញ្ញា ហ៊ានបណ្តើរសង្សារថ្មី លោក អ៊ឹង សុខលី ជាចំហទៅចូលរួមកម្មវិធីមង្គលការកូនស្រីលោកជំទាវទ្រី សុខា នៅកោះពេជ្រ កាលពីពេលថ្មីៗនេះ នាំឲ្យទាំងអ្នកសិល្បៈរួមអាជីព និងភ្ញៀវទាំងឡាយ ចោលភ្នែកមើលអ្នកចម្រៀងនេះគ្រប់គ្នា ហើយសរសើរថា សមគ្នាខ្លាំងណាស់ នាំឲ្យតារាល្បីរូបនេះញញឹមបិទមាត់មិនជិតឡើយ។ ប៉ុន្តែនៅពេលដែលអ្នកសិល្បៈរួមអាជីព ដែលស្និទ្ធស្នាលជំរុញឲ្យប្រញាប់ចូលរោងការនោះ កញ្ញា និងលោកសុខលី បែរជាគ្រាន់តែញញឹម និងគ្មានការតបអ្វីទាំងអស់៕