ក្រុង​ម៉ូស្គូ៖ សម្រាប់​ពលរដ្ឋ​រុស្ស៊ី​ទ្រព្យ​ស្ដុក​ ធ្លាប់​ចំណាយ​វិស្សមកាល​រដូវ​ក្ដៅ​ទៅ​កាន់​រីសត​មេឌីទែរណេ​ ឬ​ផ្ទះ​លម្ហែ​​ក្នុង​ទីក្រុង​ឡុងដ៍ ការ​រឹត​បន្ដឹង​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា ដែល​បាន​បិទ​ព្រំ​ដែន និង​ជើង​ហោះហើរ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នូវ​ក្ដី​សុបិន​ពី​ចម្ងាយ​។

ប៉ុន្ដែ​សេដ្ឋី​នៅ​រុស្ស៊ី​​ជា​ច្រើន​ ដែល​កាន់​លិខិត​ឆ្លង​ដែន​ទី២ ឬ​​ជា​ពលរដ្ឋ​មាន​ការ​អនុញ្ញាត​ឲ្យ​​ស្នាក់​នៅ​ក្រៅ​ប្រទេស​បាន​នឹក​​ឃើញ​វិធីសាស្ដ្រ​ប៉ិន​ប្រសប់​ក្នុង​ការ​គេច​ចេញ​ពី​វិធានការ​ទប់ទល់​វីរុស ដើម្បី​ទៅ​កាន់​ផ្ទះ​ទី២ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​ស៊ីប ម៉ូណាកូ ឬ​ក្រុង​ណៃ តាមរយៈ​យន្ដហោះ​ឯកជន​យ៉ាង​ហ៊ឺហា។

ការ​ហោះហើរ​លក្ខណៈ​ឯកជន​ពី​អាកាសយានដ្ឋាន​​ក្រុង​ម៉ូស្គូ​ បាន​កើន​ឡើង​លើស​ទ្វេ​ដង​ចន្លោះ​ខែ​មេសា និង​ពាក់​កណ្ដាល​ខែ​មិថុនា​។ នេះ​បើ-​យោងតាម​សារព័ត៌មាន​ជំនួញ RBK បាន​រាយការណ៍​កាល​ពី​ចុង​ខែ​មិថុនា​ ដោយ​ដក​ស្រង់​ប្រភព​ពី​អាកាសយានដ្ឋាន​ ២​ ក្នុង​ទីក្រុង​ម៉ូស្គូ​។

RBK រាយការណ៍​ថា ការ​កើន​ឡើង​ពី ៤០០ ​ទៅ ៨៥០ ​ជើង​ហោះហើរ​ឯកជន​ក្នុង ​១ ខែ ជា​ចំនួន​ការ​រៀបចំ​កញ្ចប់​ហោះ​ដ៏​​ច្រើន​មួយ​ទៅ​​ក្រៅ​ប្រទេស​។

នៅ​ទីភ្នាក់ងារ​ជួល​យន្ដហោះ​ឯកជន​ក្រុង​ម៉ូស្គូ Leading Charter Technologies (LTC) លោក​នាយក​ Lev Shalayev បាន​គ្រង​ឈុត​យីហោ​ថ្លៃ​ Gucci ពី​ក្បាល​ដល់​ចុង​ជើង​មាន​ការ​សប្បាយ​រីករាយ​ចំពោះ​កំណើន​នៃ​ការ​ហោះហើរ​លើស​ពី​ «​៥០ ជើង» ក្នុង ​១ ថ្ងៃ​នេះ​។

លោក​បាន​ប្រាប់ AFP ថា៖ «​មនុស្ស​ជា​ច្រើន ដែល​ធ្លាប់​ហោះហើរ​លំដាប់​កៅអី​​អ្នក​​ជំនួញ​ ពេល​នេះ​ក៏​ក្លាយ​ជា​ភ្ញៀវ​ហោះ​ហើរ​បែប​ឯកជន​ដែរ​»។

លោក​​និយាយ​ថា គោលដៅ​​ពេញ​និយម​នានា រួម​មាន​តំបន់​ទេសចរណ៍​បែប​ប្រណីត​ ដូចជា​ទីក្រុង​នីស​ ម៉ាឡាកា អាលីខាន​តែ និង​បាសេឡូណា ជា​ដើម​។ អតិថិជន​ជា​ច្រើន​ទៀត​នាំ​គ្នា​សម្រុក​ទៅ​ប្រទេស​ស៊ីប ជា​ទី​សំណព្វ​ចិត្ដ​សម្រាប់​ពលរដ្ឋ​រុស្ស៊ី​លើ​ផ្នែក​ជំនួញ និង​ការ​លម្ហែ។

សេដ្ឋីរុស្ស៊ី​បាន​ងាក​មក​ជិះ​ឧទ្ធម្ភាគចក្រ​ក្នុង​​ដំណើរផ្លូវ​ជិត​។ រូបថត AFP

លោក​បាន​ឲ្យ​ដឹង​ទៀត​​ថា​៖ «ពេល​នេះ អ្នក​ដំណើរ​របស់​យើង​ភាគ​ច្រើន​កំពុង​តែ​ទៅ​វិស្សមកាល​»។

លោក​អះអាង​ថា ក្នុង​យន្ដហោះ​ដែល​មាន​កន្លែង​​អង្គុយ​ធំៗ​មិន​លើស​​​​​ ១៣ កៅអី​ មាន​តម្លៃ​សំបុត្រ​ហោះហើរ​អាច​ចាប់​ផ្ដើម​ពី ៤ ៥៧៥ ដុល្លារ​។ អារម្មណ៍​ភ័យ​ខ្លាច​ឆ្លង​មេរោគ​ក៏​បាន​កើន​ឡើង​ខ្លាំង​ចំពោះ​ការ​ធ្វើ​ដំណើរ​ជិតៗ​តាម​អាកាស​។

សូម្បី​តែ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​ម៉ូស្គូ ក្រុមហ៊ុន Heli Tech បាន​ទទួល​ស្វាគមន៍​​ភ្ញៀវ​ក្នុង​សាល​ដ៏​ធំ​ទូលាយ​ក្បែរ​អគារ​ផ្ទុក​ឧទ្ធម្ភាគចក្រ​។

នាយក​ វីកទ័រ ម៉ាទីនូវ បាន​និយាយ​ថា ការ​លក់​បាន​កើន​ឡើង​ ៣០ ភាគរយ ចាប់​​តាំង​ពី​បើក​ដំណើរ​ការ​ដើម​ឆ្នាំ​។

លោក​និយាយ​ថា៖ «អតិថិជន​បាន​គិត​ដល់​ឧទ្ធម្ភាគចក្រ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​ ដែល​អាច​គេច​ផុត​ពី​ហានិភ័យ​កូវីដ​ ១៩​»។

ឧទ្ធម្ភាគចក្រ​មាន​ប្រជាប្រិយភាព​រួច​ជា​ស្រេច​ក្នុង​ចំណោម​អ្នក​ជំនួញ​ដែល​អន្ទះ​សា​ចង់​គេច​ពី​បញ្ហា​ចរាចរណ៍​កក​ស្ទះ​ អំឡុង​ពេល​ធ្វើ​ដំណើរ​នា​ពេល​ព្រឹក​ព្រលឹម​ម្ដងៗ​។ ប៉ុន្ដែ​អតិថិជន​ថ្មីៗ​ក៏​កំពុង​តែ​សម្លឹង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​សុវត្ថិភាព​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​​​បាន​ផ្ដល់​ជម្រើស​យាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​​ក្នុង​តម្លៃពី ៥ ម៉ឺន​ ទៅ​ ១,២ លាន​ដុល្លារ​ផង​ដែរ៕ AFP/HR